ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសច្រានចោលទាំងស្រុងនូវការផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានអនឡាញ ឈ្មោះ NP Video ដែលបានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ស្តីពីតម្លៃរបបអាហារ និងការស្នាក់ធ្វើចត្តាឡីស័ក របស់បុគ្គលដែលមានអាក់ខោនឈ្មោះ San Sek Sokhom ដែលមានចរិតបំពុលសង្គម និងចោទប្រកាន់ដោយមិនទាំងយល់ពីនីតិវិធីក្នុងការជ្រើសរើសកន្លែងធ្វើចត្តាឡីស័ក ក្នុងពេលដែលក្រសួងសុខាភិបាលកំពុងតែខិតខំអនុវត្តវិធានការទប់ស្កាត់កុំឱ្យមានការចម្លងដោយសារការនាំចូលវីរុសកូវីដ-១៩ ពីក្រៅប្រទេសមកកម្ពុជា។
ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ៖ «ក្រសួង សូមបញ្ជាក់ជូនថា ការជ្រើសរើសសសណ្ឋាគារសម្រាប់ធ្វើចត្តាឡីស័ក ដោយបង់ថ្លៃ គឺជាការសម្រេចចិត្តរបស់បុគ្គលរូបនោះដោយខ្លួនឯង ដោយគ្មានការបង្ខិតបង្ខំឡេីយ ព្រមទាំងមានការចុះហត្ថលេខាលេីទម្រង់ជ្រេីសរេីសទីកន្លែងដោយសាមីខ្លួនផ្ទាល់ទៀតផង។ ហើយប្រសិនបេីបុគ្គលរូបនោះមិនមានថវិកាបង់ថ្លៃសណ្ឋាគារ និងចំណីអាហារខ្លួនឯងនោះ គាត់អាចជ្រេីសរេីសយកកន្លែងដែលរៀបចំដោយរដ្ឋជាអ្នកចេញថ្លៃជួសបាន។ តែករណីនេះ គឺបុគ្គលរូបនេះ ដឹងហេីយថាត្រូវបង់ថ្លៃសណ្ឋាគារ និងម្ហូបអាហារ ហេីយជ្រេីសយកដោយខ្លួនឯងទៀត តែបែរជាមកចោទប្រកាន់ក្រសួងបែបនេះទៅវិញ ដែលក្រសួង សូមប្រកាសច្រានចោលទាំងស្រុងនូវរាល់ការលេីកឡេីងតាមការផ្សាយរបស់ NP Video និងបុគ្គលរូបនេះផងដែរ»។
លោកជំទាវបានបន្ថែមថា NP Video គួរតែមុននឹងផ្សាយ ត្រូវស្រាវជ្រាវពិនិត្យមេីលឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងការផ្សាយមិនត្រឹមត្រូវ ដែលនឹងធ្វេីឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាន និងកំពុងខិតខំធ្វេីការទាំងថ្ងៃទាំងយប់ មិនទាំងបានឈប់សម្រាកផងនោះ។ រីឯ ការបង់ថ្លៃ ស្នាក់នៅ ហូបចុកសម្រាប់ជនជាតិខ្មែរ គឺបង់ឱ្យទៅសណ្ឋាគារ ផ្ទាល់តែម្តងដោយខ្លួនឯង ដែលសណ្ឋាគារជាអ្នកទទួលបន្ទុកផ្តល់សេវាសម្រាប់បុគ្គលស្នាក់នៅ ។
ដោយឡែកក្រសួងសុខាភិបាល ក៏បានជូននូវការពន្យល់ និងការឆ្លេីយតបចំពោះការលេីកឡេីងពីរឿងនេះ ជូនទៅបុគ្គលរូបនោះ ដែលបានប្រេីប្រាស់អាក់ខោនផ្សេងៗគ្នា តែសាច់រឿងតែមួយ ហេីយក្រសួង កក៏បានពន្យល់គាត់ៗក៏បានឆ្លេីយតបបំភ្លឺលេីការយល់ច្រឡំរបស់គាត់រួចហេីយដែរ (មានដូចខាងក្រោមនេះ) តែ NP Video អនឡាញ នៅតែបន្តបំផុសរឿងដែលមិនត្រឹមត្រូវនេះ។
ក្រសួង សុខាភិបាល ក៏បាន ស្នេីសុំអាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មេត្តាចាត់ការលេីសារព័ត៌មាន ដែលផ្សព្វផ្សាយមានចរិតមិនត្រឹមត្រូវ បំពុលសង្គម នេះផងដែរ ដែលក្នុងកាល:ទេស:នេះ គួរតែរួមគ្នា ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងអនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ ដេីម្បីប្រទេសកម្ពុជាមិនមានការចម្លងចូលក្នុងសហគមន៌៕
#អគុណសន្តិភាព