អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្ស រីផាប្ល៊ីកាន់ វ័យ ៧៤ឆ្នាំ បានធ្វើដំណើរទៅរដ្ឋដែលមានសំឡេងឆ្នោតប្រដំប្រសងគ្នា ៥រដ្ឋ ខណៈដែលលោក ចូ បៃដិន គូប្រជែង មកពីគណបក្ស ដេម៉ូក្រេត វ័យ ៧៧ឆ្នាំ ធ្វើការថ្លែងប្រាស្រ័យ រកសំឡេងឆ្នោតនៅក្នុងរដ្ឋផេនស៊ីលវេនៀ ជារដ្ឋដែលបេក្ខជនទាំង២ ប្រកួតប្រជែងគ្នាដណ្ដើមពិន្ទុឆ្នោតយ៉ាងខ្លាំងក្លា។

លទ្ធផលស្ទង់មតិយោបល់ជាច្រើនស្ថាប័ន បានលើកឱ្យលោកបៃដិន អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក មានពិន្ទុនាំមុខ មុនការបោះឆ្នោតដែលនឹងធ្វើឡើងនៅថ្ងៃទី៣ វិច្ឆិកា នេះ។

តែរដ្ឋសំខាន់ៗជាច្រើន លោកបៃដិន នៅមានពិន្ទុប្រដំប្រសងគ្នានឹងលោកត្រាំនៅឡើយ ដែលនេះអាចជាកត្តាកាត់សេចក្ដី អំពីលទ្ធផលនៃការបោះឆ្នោតលើកនេះបាន។

អ្នកមានសិទ្ធិបោះឆ្នោតជាង ៩០លាននាក់ បានទៅបោះឆ្នោត មុនដល់ថ្ងៃបោះឆ្នោតរួចហើយ ធ្វើឱ្យចំនួនអ្នកចេញមកប្រើសិទ្ធិបោះឆ្នោតក្នុងគ្រានេះ អាចនឹងកើនឡើងខ្ពស់បំផុត ក្នុងជុំ ១សតវត្សរ៍។
ទាំងអស់នេះ មានរបាយការណ៍ពីអាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា នៅមណ្ឌលពាណិជ្ជកម្មកណ្ដាលទីក្រុងវ៉ាស៊ីនតោន ហាងប្រកបធុរកិច្ចទាំងឡាយ បាននាំគ្នាយកបន្ទះក្ដារ មកបិទនៅតាមមាត់បង្អួច និងទ្វារហាងរបស់ខ្លួន ដោយសារតែពួកគេភ័យបារម្ភថា អាចនឹងកើតស្ថានការណ៍ចលាចលឡើង ក្រោយការបោះឆ្នោត និងមានរបាយការណ៍ ១ទៀតបាននិយាយថា អាជ្ញាធរ មានផែនការដំឡើងរនាំង និងរបាំងប្រភេទថ្មី បែបទាញឡើង-ចុះបាន នៅតាមទីតាំងផ្សេងៗទូទាំងទីក្រុងទៀតផង។
តើយើងនឹងដឹងលទ្ធផលការបោះឆ្នោត នៅយប់នៃថ្ងៃបោះឆ្នោត ដូចសព្វដង ឬទេ?
ការរាប់ពិន្ទុសំឡេងឆ្នោតឱ្យរួចស្រេច អាចប្រើពេលវេលាច្រើនថ្ងៃ តែជាប្រក្រតី គេនឹងដឹងថា តើអ្នកណាឈ្នះការបោះឆ្នោត ក្នុងអំឡុងពេលតែមិនប៉ុន្មានម៉ោងប៉ុណ្ណោះ នៅថ្ងៃបន្ទាប់មក។
នៅឆ្នាំ២០១៦ លោកដូណាល់ ត្រាំ បានឡើងវេទិកាប្រកាសជ័យជម្នះនៅក្នុងទីក្រុងនីវយ៉ក នៅវេលាម៉ោងប្រមាណជា ០៣:០០ទៀបភ្លឺ តែក្នុងការបោះឆ្នោតលើកនេះ អាជ្ញាធរបានព្រមានថា អាចនឹងត្រូវរង់ចាំលទ្ធផលបោះឆ្នោតយូរច្រើនថ្ងៃ ឬអាចនឹងច្រើនសប្ដាហ៍ទៀតផង ព្រោះមានការបោះឆ្នោតតាមប្រៃសណីយ៍ក្នុងចំនួនដ៏ច្រើន។
នៅក្នុងការបោះឆ្នោតលើកចុងក្រោយបំផុត ដែលគេមិនអាចដឹងលទ្ធផលក្នុងរយៈពេលតែមិនប៉ុន្មានម៉ោងនោះ គឺការបោះឆ្នោតនៅឆ្នាំ២០០០ ដោយកាលនោះ ត្រូវរង់ចាំឱ្យតុលាការកំពូល ជាអ្នកប្រកាសសាលក្រម នៅពេល ១ខែក្រោយមក៕
ប្រភព៖ សារព័ត៌មានបរទេស
#អរគុណសន្តិភាព