បរទេស៖ ក្រុមខ្មាន់កាំភ្លើង បានសម្រុកចូលវាយប្រហារមហាវិទ្យាល័យ ខាប៊ូល ក្នុងទីក្រុងធំរបស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ(ទី2 វិច្ឆិកា) និងបានសម្លាប់មនុស្សយ៉ាងតិច 22នាក់ ក្នុងនោះ គឺជាការផ្ដាច់ជីវិតនិស្សិតជាច្រើននាក់នៅក្នុងបន្ទប់រៀន។ ជាហេតុការណ៍ដ៏ភ័យរន្ធត់មួយ ដែលលោកប្រធានាធិបតី អាចរ៉ាហ្វ ហ្គានី ថ្កោលទោសថា ជាការបង្កភេរវកម្មដ៏ឃោរឃៅបំផុត ខណៈដែលក្រុមអ្នកប្រយុទ្ធរដ្ឋអ៊ិស្លាម(IS) បានចេញមកទទួលខុសត្រូវក្នុងរឿងនេះ។

លោក ហ្គានី ដែលធ្លាប់ទៅធ្វើអត្ថាធិប្បាយនៅឯមហាវិទ្យាល័យមួយនេះ បានថ្លែងតាមរយៈវីដេអូ ប្រកាសកាន់ទុក្ខទូទាំងប្រទេស រយៈពេល ១ថ្ងៃ ដើម្បីជាកិត្តិយសដល់ជនរងគ្រោះ ព្រមទាំងសម្ដែងការសោកស្ដាយ និងអាណិតអាសូរយ៉ាងសង្វេគបំផុត ចំពោះប្រទេសជាតិ និងក្រុមគ្រួសារជនរងគ្រោះ។ “បេះដូងរបស់ខ្ញុំ នៅតែស្ថិតនៅឯស្ថាប័នការសិក្សាមួយនេះនៅឡើយ” លោកបន្តថា “ហេតុការណ៍វាយប្រហារក្នុងថ្ងៃនេះ ធ្វើឱ្យយើងសោកសង្រេងយ៉ាងរកទីបំផុតគ្មាន” ។
ខ្មាន់កាំភ្លើង បានសម្រុកចូលទៅក្នុងមហាវិទ្យាល័យ ខាប៊ូល នៅពេលព្រឹកថ្ងៃចន្ទ(ទី2 វិច្ឆិកា) ហើយសម្លាប់ក្រុមនិស្សិតនៅក្នុងបន្ទប់រៀន និងបើកឆាកបាញ់ប្រហារមនុស្សដទៃទៀតក្នុងអំឡុងពេលរត់គេចខ្លួន នេះបើតាមការបង្ហើបឱ្យដឹងពីអាជ្ញាធរ និងអ្នកឃើញហេតុការណ៍។ នេះ ជាហេតុការណ៍វាយប្រហារលើស្ថាប័នការសិក្សា នៅក្នុងទីក្រុងធំរបស់ប្រទេសអាហ្វហ្គានីស្ថាន លើកទី២ ហើយ ក្នុងពេលវេលាឆ្ងាយពីគ្នាមិនដល់ ១សប្ដាហ៍ផង។

ក្រសួងសុខាភិបាល បានឱ្យដឹងថា ខ្មាន់កាំភ្លើងចំនួន ៣នាក់ បានបាញ់សម្លាប់មនុស្សអស់ ២២នាក់ ក្នុងនោះរួមទាំងនិស្សិត និងមានអ្នករងរបួស ២២នាក់ទៀត មុនពេលអាជ្ញាធរផ្នែកសន្តិសុខរបស់អាហ្វហ្គានីស្ថាន បានបាញ់តតាំងទៅលើក្រុមខ្មាន់កាំភ្លើងទាំងនោះ បណ្ដាលឱ្យស្លាប់ទាំង ៣នាក់។
ក្រុមរដ្ឋអ៊ីស្លាម បានចេញមកអះអាងទទួលខុសត្រូវ ចំពោះហេតុការណ៍វាយប្រហារលើកនេះ។ តាមរបាយការណ៍របស់ អាម៉ាក់នីវស៍ សារព័ត៌មានរបស់ក្រុម ជិហាត បានបញ្ជាក់ថា ខ្មាន់កាំភ្លើង មានគោលដៅវាយប្រហារទៅលើកន្លែងប្រមូលផ្ដុំមួយ ដែលរៀបចំឡើងក្នុងអំឡុងពេលបិទបញ្ចប់ការហ្វឹកអប់រំមួយរបស់មហាវិទ្យាល័យ។
រូបថត ដែលចែករំលែកដោយអាជ្ញាធរលំដាប់ខ្ពស់របស់រដ្ឋបាល បានបង្ហាញឱ្យឃើញ មានក្រុមនិស្សិតដេកស្លាប់នៅក្នុងបន្ទប់រៀន អ្នកខ្លះមានទាំងសៀវភៅធ្លាក់នៅក្បែរខ្លួន និងមាននិស្សិតម្នាក់ មើលទៅទំនងដូចជាត្រូវបាញ់សម្លាប់ ពេលកំពុងព្យាយាមឡើងមាត់បង្អួច ដើម្បីលោតគេចខ្លួនទៀតផង។
អ្នកឃើញហេតុការណ៍ បានប្រាប់ទៅទីភ្នាក់ងារព័ត៌មានរ៉យទ័រថា “ពួកគេបាញ់សម្លាប់ពួកនិស្សិតដែលគេប្រទះឃើញ បាញ់សម្លាប់ សូម្បីតែពួកនិស្សិតដែលកំពុងរត់គេច…” ។
កាលពីពេលមុននេះ ទើបនឹងកើតមានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្ថឃាត វាយប្រហារមណ្ឌលសិក្សាមួយកន្លែង នៅក្នុងទីក្រុង ខាប៊ូល កាលពីថ្ងៃទី២៤ តុលាកន្លងទៅ ដោយបានសម្លាប់មនុស្ស ២៤នាក់ ក្នុងនោះរួមទាំងក្រុមនិស្សិតជំទង់ៗ ហើយគ្រានោះ ក្រុមរដ្ឋអ៊ិស្លាម ក៏បានអះអាងទទួលខុសត្រូវដូចគ្នា តែមិនបានផ្ដល់ភ័ស្តុតាងបញ្ជាក់អ្វីទាំងអស់។
ចំណែកឯក្រុមបង្កអសន្តិសុខ តាលីបង់ បានផ្សព្វផ្សាយសេចក្ដីថ្លែងការណ៍មួយ ថ្កោលទោសហេតុការណ៍វាយប្រហារសម្លាប់ក្រុមនិស្សិតនេះ និងបដិសេធពីភាពពាក់ព័ន្ធ។
អំពើហិង្សា ដែលហ៊ុមព័ទ្ធប្រទេសអាហ្វហ្គានីស្ថាន បានកើតឡើងក្នុងខណៈដែលក្រុមអ្នកចរចារបស់រដ្ឋាភិបាល និងក្រុមតាលីបង់ បានជួបពិភាក្សាគ្នានៅឯប្រទេសកាតារ ក្នុងការព្យាយាមសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងសន្តិភាពមួយ និងកើតមានឡើងក្នុងខណៈពេលដែល សហរដ្ឋអាមេរិកបានដកកម្លាំងយោធាចេញពីប្រទេសមួយនេះ៕
ប្រភព៖ សារព័ត៌មានបរទេស
#អគុណសន្តិភាព