ប្រទេសជប៉ុន បានវាយតម្លៃថា បើសិនលោកចូ បៃដិន ឈ្នះការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក នឹងក្លាយជាផលប្រយោជន៍ដល់ប្រទេសជប៉ុនខ្លាំងជាងលោកដូណាល់ ត្រាំ ដែលសន្និដ្ឋានគោលនយោបាយមិនបាន និងប្រកាន់តែផលប្រយោជន៍របស់សហរដ្ឋអាមេរិកជាធំ រហូតធ្វើឱ្យប្រទេសជប៉ុនប្រៀបដូចជាមនុស្សឥតប្រយោជន៍។
ការបោះឆ្នោតសហរដ្ឋអាមេរិកលើកនេះ បានទទួលការចាប់អារម្មណ៍ពីប្រទេសជប៉ុន តិចជាងពេលកន្លងៗមកច្រើនណាស់ ដោយសារតែការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-១៩ គឺជារឿងដែលសំខាន់បំផុត ដែលសូម្បីតែការថ្លែងគោលនយោបាយលើកដំបូង របស់លោកនាយករដ្ឋមន្ត្រី យ៉ូឈិហ៊ិដេ ស៊ូង៉ៈ ក៏បានផ្ដល់ពេលវេលាច្រើន ទៅលើរឿងការស្ដារសេដ្ឋកិច្ច ពីផលប៉ះពាល់របស់កូវីដ-១៩ រួមទាំងប្រាប់ថា នឹងថែរក្សាសម្ព័ន្ធភាពជាមួយចិន និងកូរ៉េខាងត្បូង ដែលជាប្រទេសជិតខាងដ៏សំខាន់បំផុត ជំនួសឱ្យការនិយាយពីសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ដូចមេដឹកនាំមុនៗដែរ។
ក្នុងគ្រាដែលលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោត ក្លាយជាមេដឹកនាំសហរដ្ឋអាមេរិក កាលពី ៤ឆ្នាំមុន ក្រសួងការបរទេសជប៉ុន បានធ្លាក់ក្នុងសភាព “ប្របូលច្របល់” ដោយសារតែវាយតម្លៃថា លោកស្រី ហ៊ីលឡារី គ្លីនតុន នឹងឈ្នះការបោះឆ្នោត និងស្ទើរតែគ្មានទិន្ន័យស៊ីជម្រៅពាក់ព័ន្ធនឹងលោក ដូណាល់ត្រាំទៀតផង ដូច្នេះហើយ ទើបលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ត្រូវសុខចិត្តធ្វើខុសទំនៀមទម្លាប់ការទូត ហោះទៅសហរដ្ឋអាមេរិក ដើម្បីជួបលោកដូណាល់ ត្រាំ មុនពេលលោកស្បថចូលកាន់តំណែងទៀតផង។ លោកអាបេ បានអាងលេសថា បានសាង “សម្ព័ន្ធភាពផ្ទាល់ខ្លួន” ជាមួយលោកត្រាំ ធ្លាប់លេងវាយកូនហ្គោលជាមួយគ្នាជាច្រើនដង ហើយលោកត្រាំ ក៏ទទួលស្គាល់ថា លោកជិតស្និទ្ធជាមួយលោកអាបេ ដូចគ្នា។

តែយ៉ាងណាក៏ដោយ សម្ព័ន្ធភាពរវាងប្រទេសទាំង ២នេះ មិនអាចអាស្រ័យលើសម្ព័ន្ធភាពផ្ទាល់ខ្លួនបានឡើយ ហើយខណៈនេះ លោកអាបេ បានផុតពីតំណែងនាយករដ្ឋមន្ត្រីទៅហើយ ហើយប្រទេសជប៉ុនស្ថិតក្រោមការដឹកនាំរបស់លោក យ៉ូឈិហ៊ីដេ ស៊ូង៉ៈ ដែលទោះជាចង់ភ្ជាប់គោលនយោបាយភាគច្រើនរបស់លោកអាបេក៏ដោយ តែលោកស៊ូង៉ៈ ដែលធំធាត់ឡើងមកពីសាមញ្ញជន ទើបមានភាពជា “បែបផែន” និងពឹងពាក់លើប្រព័ន្ធរាជការ ខ្លាំងជាងលោកអាបេ។
សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក អាចនិយាយបានថា ជាស្នូលរបស់គោលនយោបាយការបរទេសរបស់ជប៉ុន ដោយសារតែជប៉ុន ត្រូវពឹងពាក់សហរដ្ឋអាមេរិក ក្នុងការការពារប្រទេស និងគាំទ្រជប៉ុនក្នុងស្ទើរតែគ្រប់រឿង តែលោកដូណាល់ ត្រាំ បានធ្វើឱ្យជប៉ុនដែលស៊ាំធ្លាប់ជាមួយការរៀបផែនការ និងការព្យាករលើគ្រប់រឿងរ៉ាវនោះ ដល់ថ្នាក់ “គាំងនៅមួយកន្លែង” ព្រោះលោកត្រាំ ដំណើរការនយោបាយតាមតែចិត្តខ្លួនឯង និងមិនអាចសន្និដ្ឋានបាន។
គោលនយោបាយ “អាមេរិកមុនគេ” របស់លោកត្រាំ គឺការប្រកាន់យកផលប្រយោជន៍របស់ខ្លួនឯងជាធំ បដិសេធសម្ព័ន្ធមិត្ត បដិសេធការរួមជាមួយក្រុមផ្សេង។ លោកត្រាំ ដកខ្លួនចេញកិច្ចសហការអន្តរជាតិជាច្រើន ដូចជា កិច្ចព្រមព្រៀងរួមចំណែកក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចក្នុងតំបន់ប៉ាស៊ីហ្វិក ឬ TPP កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីកែបញ្ហាការកើនឡើងនៃកម្ដៅផែនដី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងថែមទាំងហាមប្រទេសដទៃទៀត មិនឱ្យធ្វើពាណិជ្ជកម្មជាអ៊ីរ៉ង់ទៀតផង ទាំងដែលជប៉ុនជាអ្នកទិញប្រេងយ៉ាងច្រើនពីប្រទេសអ៊ីរ៉ង់។

លោកដូណាល់ ត្រាំ ថែមទាំងបានសាងប្រវត្តិសាស្ត្រក្នុងការជួបជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង តែមិនខ្វល់នឹងក្នុងការទាមទាររបស់ជប៉ុនក្នុងរឿងដែលជនជាតិជប៉ុន ត្រូវកូរ៉េខាងជើងចាប់ពង្រត់ ឱ្យវិលត្រឡប់មកមាតុភូមិវិញឡើយ ធ្វើឱ្យលោកអាបេ ត្រូវប្រកាសថា លោកត្រៀមជាស្រេចក្នុងការជួបជាមួយលោកគីម ជុងអ៊ុនដោយគ្មានលក្ខខណ្ឌ តែមេដឹកនាំកូរ៉េខាងជើងក៏មិនបានខ្វល់ខ្វាយនឹងសំណើរបស់ជប៉ុនសូម្បីតែបន្តិច។
ទង្វើរបស់លោកត្រាំ ធ្វើឱ្យជប៉ុនរៀបចំផែនការនយោបាយមិនបាន និងថែមទាំងខាតបង់ប្រយោជន៍ពីការមានចំណែករួមក្នុងសម្ព័ន្ធភាពរវាងប្រទេសជាច្រើនទៀតផង។ រឿងមួយចំនួនដូចជា កិច្ចព្រមព្រៀង TPP ប្រទេសជប៉ុនត្រូវដំណើរការបន្ត តែរឿងខ្លះ ជប៉ុន ក៏ត្រូវបង្ខំ ឱ្យកាន់ជើងខាងសហរដ្ឋអាមេរិក ជំនួសការនៅខាងសហគមន៍អន្តរជាតិ។
លោកត្រាំ ថែមទាំងបានទាមទារ ឱ្យជប៉ុនរ៉ាប់រងការចាយវាយរបស់មូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុន ដែលកាន់តែកើនឡើងទ្វេដង រួមទាំងទិញប្រព័ន្ធការពារកាំជ្រួចមីស៊ីល ក្នុងតម្លៃដ៏ខ្ពស់កប់ពពក ពីសហរដ្ឋអាមេរិក ទាំងប្រជាជនជប៉ុនជំទាស់យ៉ាងខ្លាំងទៀតផង។
ក្នុងអំឡុងពេលដែលមេរោគកូវីដ-១៩ឆ្លងរាលដាលដំបូងៗ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន ថែមទាំងបានប្រកាសឱ្យមន្ត្រី និងពលរដ្ឋរបស់ខ្លួន ពិចារណាក្នុងការធ្វើដំណើរចាកចេញពីប្រទេសជប៉ុន ដោយអាងថា ជប៉ុនបានលាក់ចំនួនអ្នកឆ្លងមេរោគ មិនពិនិត្យរកមេរោគឱ្យបានទូទៅ…រឿងនេះ ធ្វើឱ្យប្រទេសជប៉ុន បាក់មុខយ៉ាងខ្លាំង។
ទោះជាលោកត្រាំ និយាយថា លោកស្និទ្ធស្នាលជាមួយលោកអាបេ និងជប៉ុន គឺជាសម្ព័ន្ធសំខាន់ក៏ដោយ តែការពិតវិញ គឺប្រកាន់យកតែផលប្រយោជន៍របស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។
លោកបៃដិន ប្រកាន់ខ្ជាប់របៀបរបបពិភពលោក ធ្វើឱ្យជប៉ុនរៀបចំផែនការនយោបាយងាយស្រួលជាង
ជប៉ុនវាយតម្លៃថា លោកចូ បៃដិន នឹងផ្ដល់ភាពសំខាន់ទៅលើកិច្ចសហការរវាងប្រទេស និងសម្ព័ន្ធភាពពហុភាគី ដែលនឹងធ្វើឱ្យជប៉ុនអាចកែសម្រួលសម្ព័ន្ធភាពជាមួយប្រទេសជិតខាង ទៅដំណាលគ្នានឹងការតតាំងអំណាចរបស់ចិនយ៉ាងមិនក្លៀវក្លាខ្លាំងពេក ដោយសារតែលោកបៃដិនមើលឃើញថា ចិនជា “គូប្រជែង” មិនមែនជា “សត្រូវ។

លោកបៃដិន នឹងសាងភាពរឹងមាំជាមួយសម្ព័ន្ធមិត្តផ្សេងៗ នៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក អឺរ៉ុប និងអង្គការអន្តរជាតិ ទាំងផ្នែកសន្តិសុខ ពាណិជ្ជកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច និងការចែករំលែកទិន្នន័យព័ត៌មាន។
បើសិនលោកបៃដិន បានធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក ជប៉ុននឹងរៀបចំគោលនយោបាយបានងាយស្រួល ព្រោះគណបក្សដេម៉ូក្រេត មានភាពនិយមក្នុងការមានបែបផែនច្បាស់លាស់។ ជប៉ុននឹងពង្រីកសម្ព័ន្ធមិត្តបានច្រើនជាង ពឹងតែសហរដ្ឋអាមេរិកតែមួយ និងមិនរងការកៀបសង្កត់ឱ្យប្រឈមមុខជាមួយចិន ទៀតផង។ផ្នែកសម្ព័ន្ធភាពជាមួយកូរ៉េខាងជើង លោកបៃដិន មានយុទ្ធសាស្ត្រ និងប្រព័ន្ធការងារខ្លាំងជាងលោកត្រាំ ដែលប្រើតែការទាក់ទងបែបឯកជន ជាមួយលោកគីម ជុងអ៊ុន ធ្វើបែបតាមអំពើចិត្ត និងបង្កប់ដោយការរកផលប្រយោជន៍ផ្ទាល់ខ្លួន។បើលោកបៃដិន បានធ្វើជាមេដឹកនាំសហរដ្ឋអាមេរិក គោលនយោបាយរបស់គណបក្សដេម៉ូក្រេត នឹងផ្ដល់ភាពសំខាន់ទៅលើសិទ្ធិពលករ និងសភាពបរិស្ថាន។ សហរដ្ឋអាមេរិកនឹងនៅតែប្រើវិធានការផ្សេងៗ ដើម្បីកាត់បន្ថយភាពបាត់បង់តុល្យភាពខាងពាណិជ្ជកម្ម ប៉ុន្តែ នឹងក្លាយជាស្តង់ដាសកល គោរពក្បួនច្បាប់រវាងប្រទេស ជាការបង្កើនកិច្ចសហការ មិនមែនជាការកៀបសង្កត់ គំរាម និងអាត្មានិយម ដូចដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់ធ្វើនោះទេ៕ប្រភព ៖ សារព័ត៌មានបរទេសលិងក៍
#អគុណសន្តិភាព