អាមេរិក៖ ជ័យជម្នះរបស់លោក ចូ បៃដិន លើប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងសង្គ្រាមបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក បានជំរុញឱ្យកើតមានការប្រមូលផ្ដុំគ្នា ជប់លៀងអបអរសាទរ នៅតាមទីក្រុងផ្សេងៗទូទាំងប្រទេស ក្នុងនោះរួមទាំងតំបន់ជាច្រើន ដែលមានចំណែកសំខាន់ក្នុងការនាំបេក្ខជននៃគណបក្សដេម៉ូក្រេតរូបនេះ(លោកចូ បៃដិន) ឱ្យដើរចូលទៅមន្ទីរសេតវិមានផងដែរ។

តាំងពីនីវយ៉ក រហូតដល់ម៉ៃអាមី ក្នុងភាគខាងកើត និងឌែនវើរ ដល់អូស្ទីន ភាគខាងលិច បណ្ដាអ្នកគាំទ្ររបស់លោកបៃដិន បាននាំគ្នាឡើងមកលើផ្លូវថ្នល់ ក្រោយពីទីភ្នាក់ងារព័ត៌មាន CNN និងបណ្ដាញសារព័ត៌មានផ្សេងៗទៀត អះអាងថា លោក ចូ បៃដិន បានទទួលជ័យជម្នះរួចរាល់ហើយ កាលពីថ្ងៃសៅរ៍ (ទី៧ វិច្ឆិកា) ដោយពួកគេបានចុចស៊ីហ្វ្លេរថយន្ត រាំរែក និងបើកស្រាសំប៉ាញជប់លៀងយ៉ាងរីករាយ។
នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ហ្វូងមហាជន បានឡើងមកតាមផ្លូវថ្នល់ នៅមុខមន្ទីរសេតវិមាន ម្ដុំទីវាលអនុស្សាវរីយ៍ ប្ល៊ែក ឡៃហ្វ មែតធើរ ក្នុងរយៈពេលតែប៉ុន្មានវិនាទី ក្រោយពីសារព័ត៌មានទាំងឡាយអះអាងថា លោកបៃដិន បានទទួលជ័យជម្នះ។ ចំណែកផ្លូវថ្នល់ដែលនៅក្បែរៗគ្នានោះ ក៏ពេញទៅដោយមនុស្សម្នា ដែលម្នាក់ៗនាំគ្នាស្រែកហ៊ោសប្បាយ វាយចាន វាយឆ្នាំង និងច្រៀងបទចម្រៀង ស្រែក “ហ្គូដបាយ” ចំអកឡកឡាយ ដាក់លោក ដូណាល់ ត្រាំ។
ហ្វូងមហាជន ដែលនាំគ្នាដើរនៅតាមផ្លូវថ្នល់ជុំវិញមន្ទីរសេតវិមាន បណ្ដាលឱ្យរថយន្ត ជាប់កកស្ទះយ៉ាងខ្លាំង តែគេឃើញមានមនុស្សជាច្រើន បានឡើងទៅអង្គុយដំបូលរថយន្ត និងបណ្ដាអ្នកបើកបរ បានលើកដៃគ្រវីបក់ចេញមកក្រៅរថយន្ត។ ក្រៅពីនេះ គេថែមទាំងបានឃើញបុរសម្នាក់ គ្រវីទង់ជាតិសហរដ្ឋអាមេរិក ដើរតម្រង់ទៅរកទីលានអនុស្សាវរីយ៍ ប្ល៊ែក ឡៃហ្វ មែតធើរ ព្រមជាមួយបដា ១ផ្ទាំង ដែលសរសេរដោយដៃថា “សុបិនអាក្រក់ បានកន្លងផុតហើយ!!។
យ៉ាងណាក្ដី ពេលដែល CNN និងទីភ្នាក់ងារព័ត៌មានជាច្រើនទៀត អះអាងពីលទ្ធផលនៃការបោះឆ្នោតហើយ លោក ដូណាល់ ត្រាំ មិនបានស្ថិតនៅក្នុងមន្ទីរសេតវិមាននោះទេ ដោយលោកបានចេញទៅលេងវាយកូនហ្គោល នៅទីលានរបស់ខ្លួនឯង នៅឯរដ្ឋវើជីនៀ។
ក្រុមអ្នកគាំទ្រទាំងរបស់លោកបៃដិន និងលោកត្រាំ បានមកផ្ដុំគ្នានៅបរិវេណផ្នែកខាងក្រៅទីលានវាយកូនហ្គោល និងបន្តកន្ទុយគ្នាយ៉ាងវែង រហូតដល់ផ្លូវចូល ដោយគេសង្កេតឃើញអ្នកគាំទ្ររបស់លោកបៃដិន ម្នាក់បានលើកបដា ១ផ្ទាំងដែលមានអក្សរសរសេរថា “អ្នកត្រូវបានគេដេញចេញហើយ!!” ហើយក្នុងអំឡុងពេលនោះ មានរថយន្តដែលបំពាក់ទង់សញ្ញារបស់លោកត្រាំ បើកវិលទៅ-មក និងមានអ្នកស្រែកថា “សារព័ត៌មានអន់!!” ។
នៅរដ្ឋហ្វ៊ីឡាដែលហ្វៀ ដែលជារដ្ឋគន្លឹះសំខាន់ក្នុងជ័យជម្នះដ៏ដាច់ខាតរបស់លោកបៃដិន អ្នកបើកបររថយន្តជាច្រើន បាននាំគ្នាចុចស៊ីហ្វ្លេ និងប្រជាជនជាច្រើន បាននាំគ្នាចេញមកគ្រវីទង់សញ្ញាលោកបៃដិន។ ហ្វូងមនុស្សបានទៅប្រមូលផ្ដុំគ្នានៅឯបរិវេណខាងក្រៅសាលាក្រុង ដោយសារតែធាតុអាកាសមានភាពកក់ក្ដៅខុសប្រក្រតី ធ្វើឱ្យមនុស្សម្នា បាននាំគ្នាឡើងមកលើដងផ្លូវ ព្រមជាមួយអ្វីគ្រប់យ៉ាងដែលល្មមអាចចាប់កាន់យកមក ដើម្បីអបអរសាទរបានក្នុងគ្រានោះ មានទាំងកាហ្វេ ស្រាខក់ថេល ដោយអ្នកទាំងអស់នោះ សុទ្ធតែមានពាក់ម៉ាស់អនាម័យការពារមេរោគកូវីដ-១៩គ្រប់គ្នា។
នៅឯនីវយ៉ក ស៊ីធី ហ្វូងមនុស្ស បានមកប្រមូលផ្ដុំគ្នា នៅបរិវេណខាងក្រៅសណ្ឋាគារ ត្រាំ អ៊ីនធើណាស្យូណាល ហូថេល និងស្រែកប្រកាសថា “លែងត្រូវការត្រាំទៀតហើយ!!” ។ ចំណែកនៅឯ ថាមស៍សឃ្វែរ មានការផ្លុំត្រែវែង ជាបទភ្លេង “Hail to the Chief” ជាបទភ្លេងដែលតែងប្រគុំសម្រាប់ផ្ដល់ជាកិត្តិយសដល់បុគ្គលដែលគ្រងតំណែងសំខាន់ទៀតផង។
ចំណែកនៅឯបរិវេណខាងក្រៅការិយាល័យធំ របស់លោកបៃដិន ក្នុងទីក្រុង វីលមិងតុន រដ្ឋដេឡាវែរ វិញ ហ្វូងមនុស្សបានមកប្រមូលផ្ដុំគ្នា និងចំនួនបានកើនឡើងយ៉ាងឆាប់រហ័ស រហូតហួសរនាំងការពារសុវត្ថិភាព ដោយមនុស្សគ្រប់ភេទ និងគ្រប់វ័យទាំងនោះ បាននាំគ្នាស្រែកអបអរសាទរ ចុចស៊ីហ្វ្លេរថយន្ត និងច្រៀងបទចម្រៀង God Bless America ៕
ប្រភព៖ សារព័ត៌មានបរទេស
#អរគុណសន្តិភាព