You are currently viewing អ្នកវិភាគ៖ វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​ថៃ កំពុង​ច្របូកច្របល់ គ្មាន​ដំណោះស្រាយ តែ​អាចមាន​ច្រកចេញ​បន្ទាន់​មួយ…

អ្នកវិភាគ៖ វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​ថៃ កំពុង​ច្របូកច្របល់ គ្មាន​ដំណោះស្រាយ តែ​អាចមាន​ច្រកចេញ​បន្ទាន់​មួយ…

​ប្រទេស​ថៃ៖ អ្នកវិភាគ​នយោបាយ​ក្នុងប្រទេស បាន​និយាយថា ស្ថានការណ៍​នៅក្នុង​ប្រទេស​ថៃ កំពុងតែ​ធ្វើដំណើរ​ឆ្ពោះទៅរក​ចំណុច​ទ័ល​អាប់ គ្មាន​ច្រកចេញ ដោយសារតែ​ការធ្វើ​បាតុកម្ម​ទាមទារ​របស់​គណៈ​ប្រជារាស្ត្រ​ដែល​ត្រូវ​ការឱ្យ​លោក​ឧត្ដមសេនីយ៍ ប្រា​យុ​ធ ចាន់​អូ​ឆា នាយករដ្ឋមន្ត្រី ដែល​កាន់អំណាច​មកជា​ង ៦ឆ្នាំ​ហើយ​នោះ ចុះ​ចេញពី​តំណែង និង​ទាមទារ​ឱ្យ​កែសម្រួល​ស្ថាប័ន​ព្រះមហាក្សត្រ ដែល​មើលទៅ​ហាក់ដូចជា នឹងត្រូវ​អូសបន្លាយ​យូរ​តទៅទៀត យ៉ាង​មិន​ព្រម​បន្ធូរបន្ថយ និង​នៅតែ​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ជា​បន្ត​ឥតឈប់ឈរ។

គេ​ជឿថា ក្នុង​ស្ថានការណ៍​ដែល​គ្មាន​ដំណោះស្រាយ​បែបនេះ ការប្រឈមមុខគ្នា រវាង​ក្រុមបាតុករ​គណៈ​ប្រជារាស្ត្រ(ដែល​លើក​ម្រាមដៃ៣) ជាមួយ​រដ្ឋាភិបាល និង​រាលដាល​ទៅដល់​ស្ថាប័ន​ព្រះមហាក្សត្រ​នេះ បើ​មិន​ចប់​ដោយ​អំពើហិង្សា​ទេ ក៏​អាច​នឹង​នាំ​ឆ្ពោះទៅរក​ការធ្វើ “រដ្ឋប្រហារ” ជាថ្មី​ម្ដងទៀត យ៉ាង​គ្មាន​ជម្រើស​ណា​ផ្សេង​ឡើយ។

តែ មិន​ថា​ដោយ​វិធី​ណាក៏ដោយ អ្នកវិភាគ​ដដែល បាន​និយាយថា បើសិនជា​បែប​នោះ​មែន ប្រទេស​ថៃ​នឹង​មានតែ​ការខាតបង់…តែ នៅក្នុង​ភាព​ងងឹតឈឹង​របស់​ស្ថានការណ៍​បែបនេះ ប្រធានបទ​មួយ ត្រូវបាន​គេ​តាម​សង្កេតមើល​នៅក្នុង​ខណៈពេល​នេះ​ថា វា​អាចជា “ច្រកចេញ​បន្ទាន់​មួយ” សម្រាប់​ប្រទេសជាតិ​បាន…នោះ​គឺ រឿងក្ដី ការ​ស្នាក់នៅ​ក្នុងផ្ទះ​រាជការ របស់លោក​ឧត្ដមសេនីយ៍ ប្រា​យុ​ធ ចាន់​អូ​ឆា នាយករដ្ឋមន្ត្រី ដែល​កំពុងស្ថិត​ក្នុង​ដៃ​តុលាការ​រដ្ឋធម្មនុញ្ញ ហើយ​ដែល​នឹងត្រូវ​វិនិច្ឆ័យ នៅ​ថ្ងៃទី២ ខែធ្នូ​ខាងមុខ​នេះឯង។

រឿងក្ដី​ការ​ស្នាក់នៅ​ក្នុងផ្ទះ​របស់​រាជការ ក្រោយ​ចូលនិវត្តន៍ យូរ​ជាង ៦ឆ្នាំ របស់លោក​ឧត្ដមសេនីយ៍ ប្រា​យុ​ធ ចាន់​អូ​ឆា នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ​នេះ គឺជា​ការប្ដឹង​ផ្ដល់​ដោយ​លោក សុម​ផុង អា​ម៉ន​វិ​វ៉ា​ត់ សមាជិកសភា​ខេត្ត​ឈៀង​ម៉ៃ មកពី​គណបក្ស​ភឿ​ថៃ ដែល​បានដាក់​ពាក្យបណ្ដឹង​នេះ ទៅ​ប្រធានសភា​តំណាងរាស្ត្រ ឱ្យ​បញ្ជូន​បន្តទៅ​តុលាការ​ធម្មនុញ្ញ ដើម្បី​វិនិច្ឆ័យ អំពី​ទង្វើ​ជំទាស់​នឹង​ផលប្រយោជន៍​រដ្ឋ ដោយសារតែ​លោក​ឧត្ដមសេនីយ៍ នៅតែ​ស្នាក់នៅ​ក្នុងផ្ទះ​របស់​រាជ​ការ ក្នុង​បន្ទាយ​ទាហាន ទាំង​លែងមាន​សិទ្ធិ​ក្នុងការ​ស្នាក់នៅ ព្រោះ​បាន​ចូលនិវត្តន៍​អាយុ​រាជការ(ជា​ទាហាន)រួចទៅហើយ។

ឯខាង​លោក​ឧត្ដមសេនីយ៍​ប្រា​យុ​ធ វិញ ធ្លាប់​បានឱ្យ​ហេតុផល​ថា ក្រោយពី​ចូលនិវត្តន៍​ហើយ ហេតុ​អី​បាន​លោក​មិនអាច​រស់នៅក្នុង​ផ្ទះ​រប​ស់រាជ​ការ​បាន? ព្រោះ​ខ្លួន​លោក បានធ្វើ​ការបម្រើ​ប្រទេសជាតិ​មក ពេញ ១ជីវិត​ទៅហើយ ទោះជា​របៀបរបប​ច្បាប់ទម្លាប់​យ៉ាងណាក៏ដោយ តែ​ថ្ងៃនេះ លោក​ក៏​នៅតែ​កំពុងធ្វើការ​ដើម្បី​ប្រទេសជាតិ​ដដែល…បញ្ហា​គឺ ខ្លួន​លោក ជា​នាយករដ្ឋមន្ត្រី ទើប​ត្រូវមាន​ទីកន្លែង​ដែល​ស័ក្តិសម​ក្នុងការ​ការពារ​សុវត្ថិភាព ក្នុងឋានៈ​ជា​មេដឹកនាំ​របស់​ប្រទេស។

អ្នកវិភាគ បាន​សរុប​ថា ដូច្នេះហើយ ទើប​ក្នុង​ស្ថានការណ៍​នយោបាយ​ដែល​កំពុង​វឹកវរ​បែបនេះ ការដែល​លោក​ឧត្ដមសេនីយ៍ ប្រា​យុ​ធ នឹងត្រូវ​តុលាការ​វិនិច្ឆ័យ​នៅ​ថ្ងៃទី២ ធ្នូ​នេះ កំពុង​ត្រូវបាន​គេ​វិភាគ​ពិចារណា​យ៉ាងច្រើន ដែលមាន​ទាំង​ជឿថា លោក​ប្រា​យុ​ធ អាច​នឹង “រួចខ្លួន” និង “មិន​រួចខ្លួន”  ដែល​បើសិនជា “មិន​រួចខ្លួន” ក៏​នឹង​ក្លាយជា​រឿង​ថ្មី​ម្ដងទៀត ដែល​ប្រជាជន​ថៃ នឹង​បានឃើញ​ពី តុលាការ​វិវឌ្ឍន៍ ជំនួស​ឱ្យ​ការធ្វើ​រដ្ឋប្រហារ​សម្រាប់​ដំណោះស្រាយ​ប្រទេស​ថៃ  ហើយ​នេះ វា​អាចជា “ផ្លូវ​ចុះ(ពី​អំណាច)” យ៉ាង​ស្រស់​សង្ហា​របស់ លោក​ឧត្ដមសេនីយ៍ ប្រា​យុ​ធ ក៏​អាច​ថា​បានដែរ អ្នកណា​ទៅ​ដឹង?៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អគុណសន្តិភាព

 

 

Leave a Reply