You are currently viewing មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បញ្ជាក់ថា បញ្ហា​សត្វ​គោ​ងាប់​ជាង ៣០ក្បាល​នៅក្នុង​ស្រុក​ស្រីស្នំ គឺ​សង្ស័យ​ដោយសារ​ជំងឺ​អុតក្ដាម
មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បញ្ជាក់ថា បញ្ហា​សត្វ​គោ​ងាប់​ជាង ៣០ក្បាល​នៅក្នុង​ស្រុក​ស្រីស្នំ គឺ​សង្ស័យ​ដោយសារ​ជំងឺ​អុតក្ដាម

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បញ្ជាក់ថា បញ្ហា​សត្វ​គោ​ងាប់​ជាង ៣០ក្បាល​នៅក្នុង​ស្រុក​ស្រីស្នំ គឺ​សង្ស័យ​ដោយសារ​ជំងឺ​អុតក្ដាម

សៀមរាប៖ លោក ព្រំ វ៉ិ​ច ប្រធានការិយាល័យ​ផលិតកម្ម និង បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​រដ្ឋបាល​ស្រុក​ស្រីស្នំ កាលពី​ល្ងាច​ថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញ​នេះ​ថា នៅ​ឃុំ​ចំនួន២ ក្នុងស្រុក​ស្រីស្នំ គឺ​ឃុំ​ជ្រោយ​នាង​ងួន និង ឃុំ​ស្លែង​ស្ពាន មាន​សត្វ​គោ-ក្របី  សរុប ចំនួន៧០៥ ក្បាល មាន​ជំងឺ​ដោយ​រោគសញ្ញា ៖ ឈឺ​ក្រចក , ហើមពោះ , ហើម​មុខ និង ឈឺ​មាត់ ក្នុងនោះ​ងាប់​អស់​ចំនួន ៣៤ក្បាល នៅ​ព្រឹក​ថ្ងៃទី១២ ខែវិច្ឆិកា ព្រឹក​មិញ​នេះ លោក​បាន​ចាត់ចែង​មន្ត្រី​ជំនាញ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ឃុំ និង ពេទ្យសត្វ​ភូមិ ចុះទៅពិនិត្យ​ដោយផ្ទាល់​នៅ​ទីតាំង​ដែល​សត្វពាហនៈ​បាន​ឈឺ និង ស្លាប់ ហើយ​បាន​រកឃើញថា សត្វ​ដែល​ឈឺ និង ងាប់​នេះ គឺ​សង្ស័យ​ដោយសារ​ជំងឺ​អុតក្ដាម  ។

លោក​មានប្រសាសន៍​ទៀតថា ជាទូទៅ សត្វ​គោក្របី​ដែល​ឈឺ គឺ៖ ដោយសារ​មាន​បញ្ហា​ជំនន់​ទឹកភ្លៀង​នោះមក​ធ្វើ​ឲ្យ​ចំណី​គោក្របី ដូចជា​ស្មៅ​មានការ​លិច​ទឹក ក្រោយមក​ក៏​ទឹក​ស្រក​ទៅវិញ​អស់ ប៉ុន្ដែ​ស្មៅ​ទាំងអស់នោះ​វា​មាន​ស្លែ មាន​មេរោគ​មួយចំនួន​ជាប់​នៅតាម​ស្មៅ ធ្វើ​ឲ្យ​សត្វ​គោក្របី​ដែល​វា​ស៊ី​ស្មៅ​ហ្នឹង​ធ្វើ​ឲ្យ​សុខភាព​វា​មិនសូវ​ល្អ ចុះខ្សោយ ស្ដេ​ស ងាយ​នឹង​ទទួល​ជំងឺ ហើយ​ជំងឺ​ដែល​មន្ត្រី​ជំនាញ​យើង​បាន​ចុះទៅពិនិត្យ​ផ្ទាល់​ហ្នឹង យើង​សង្ស័យថា​ជា​ជំងឺ អ៊ុត​ក្ដាម ហើយ​ជំងឺ​អ៊ុត​ក្ដាម​នេះ រោគសញ្ញា​សំខាន់​គឺ​ឈឺ​មាត់ និង​ឈឺ​ជើង ដែលជា​ទូទៅ​ជំងឺ​នេះ​មិន​បណ្ដាល​ឲ្យ​គោក្របីធំៗស្លាប់​ទេ គឺ​ភាគច្រើន​ងាប់​តែ​កូន​គោតូចៗ ដែល​កំពុង​បៅដោះ ដោយសារ​កូន​គោ​នៅពេល​ដំបៅ​មាត់ ធ្វើ​ឲ្យ​មិ​ម​ដោះ​មេ​អត់​កើត ហើយ​ដោយសារ​ការធ្វេសប្រហែស​ពី​ម្ចាស់​សត្វ​ដោយ​មិនបាន​ធ្វើការ​ថែទាំ ច្រក​បបរ ចំណី​បន្ថែម​ធ្វើ​ឲ្យ​សត្វ​ហ្នឹង​ងាប់​ដោយសារ​ខ្វះ​ចំណី ។

លោក ព្រំ វ៉ិ​ច មានប្រសាសន៍​បន្ថែមថា ជា​រៀងរាល់ឆ្នាំ ដោយមាន​ការគាំទ្រ​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ផលិតកម្ម និង បសុព្យាបាល  តែងតែ​ចុះទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​សត្វ​គោ-ក្របី ជូន​ដល់​ប្រជាពលរដ្ឋ​យើង​នៅក្នុង​ទូទាំង​ខេត្ត​ជា​ទៀងទាត់ តាម​ប្រតិទិន​ដែល​បានកំណត់ ដូច្នេះ​ក្នុងស្ថានភាព​បច្ចុប្បន្ននេះ មន្ត្រី​ជំនាញ​កំពុង​ចុះ​ណែនាំ​ដល់​ពួកគាត់​បន្ថែមទៀត លើ​ការថែទាំ​សុខភាព​សត្វ ។

លោក ព្រំ វ៉ិ​ច មានប្រសាសន៍​បន្ថែមទៀត​ថា ដោយឡែក​ចំពោះ​ស្ថានភាព​ជំងឺ​សត្វ​គោ-ក្របី នៅតាម​បណ្ដា​ក្រុង ស្រុកផ្សេងៗទៀត​នោះ គឺ​ពុំមាន​លក្ខណៈ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ឬ​ធ្ងន់ធ្ងរ​នោះឡើយ តែ​ទោះជា​យ៉ាងនេះ​ក្ដី មន្ត្រី​ជំនាញ​របស់​យើង នៅតែ​ធ្វើការ​តាមដាន​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ជា​បន្តទៀត ៕

#អរគុណសន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply