ភ្នំពេញ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក) បានដឹកនាំមន្ត្រីសម្របសម្រួលការងារមេគង្គ និងឯកឧត្តមទីប្រឹក្សា គ.ជ.ទ.ម.ក ចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់លើកទី១១ នៃគណៈកម្មការថវិការបស់គណៈកម្មការទន្លេមេគង្គ (MRC) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកគណៈកម្មការថវិកា ពីប្រទេសជាសមាជិក MRC តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមការងារលេខាធិការដ្ឋាន MRC។

ជាលទ្ធផល កិច្ចប្រជុំបាន៖ (១) ពិនិត្យលើស្ថានភាពទូទៅការគ្រប់គ្រង ហិរញ្ញវត្ថុ ក្នុងនោះផ្តោតលើថវិកាចំណាយទៅលើការអនុវត្តសកម្មភាពក្នុងរយៈពេល ៩ខែ (ខែមករា-កញ្ញា) ឆ្នាំ២០២០ និងគម្រោងថវិកាសម្រាប់គាំទ្រការងារគណៈកម្មការទន្លេមេគង្គនៅឆ្នាំ២០២១-២០២២ (២) ពិនិត្យ និងផ្តល់យោបល់លើ សេចក្តីព្រាងផែនការការងារឆ្នាំ២០២១-២០២២ តាមអង្គភាពជំនាញទាំង៥ របស់លេខាធិការដ្ឋាន MRC (៣) ផ្តល់យោបល់ និងអនុសាសន៍ដល់លេខាធិការដ្ឋាន MRC លើការគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាពជម្រុញការអនុវត្តសកម្មភាពការងារដោយមានការចូលរួមយ៉ាងសកម្មពីប្រទេសជាសមាជិក និងការកែសម្រួលបញ្ចប់សេចក្តីព្រាងផែនការការងារឆ្នាំ២០២១-២០២២ មុននឹងដាក់ឆ្លងទៅគណៈកម្មាធិការរួម និងក្រុមប្រឹក្សា MRC ពិនិត្យ និងអនុម័តយល់ព្រម នៅចុងឆ្នាំ២០២០ និង (៤) ពិនិត្យ និងឯកភាពលើរបាយការណ៍សវនកម្មផ្ទៃក្នុងឆ្នាំ ២០១៩-២០២០ របស់គណកម្មការទន្លេមេគង្គ៕
#អរគុណសន្តិភាព