You are currently viewing ក្រសួង​អប់រំ ប្រកាស​មិន​លើក​ពេល​ប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​នោះទេ

ក្រសួង​អប់រំ ប្រកាស​មិន​លើក​ពេល​ប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​នោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ បញ្ជាក់ថា មិនមាន​ការលើក​ពេល​ប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​នោះទេ បើទោះបី​មាន​ស្ថានការណ៍​ក្រោយ​ព្រឹត្តិការណ៍ ០៣វិច្ឆិកា ក៏ដោយ។

ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​ប្រាប់​នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ​នេះ​ថា ៖ទោះបី​ការសិក្សា​របស់​សិស្ស​បាន​ផ្អាក​ជា​បណ្តោះអាសន្ន នៅតាម​ទីតាំង​មួយចំនួន នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល រយៈពេល២សប្តាហ៍  ដោយសារ​ព្រឹត្តិការណ៍ ០៣ ខែវិច្ឆិកា​យ៉ាងណាក្តី ប៉ុន្តែ​ក្រសួង​អប់រំ មិនទាន់មាន ផែនការ​លើក​ពេល ការប្រឡង​នោះទេ គឺ ក្រសួង​អប់រំ នៅ​បន្ត​តាមដាន និង​វាយតម្លៃ ស្ថាន​ការវិវត្តន៍​ទាក់ទង ស្ថានភាព​នៃ​ការរីក​រាល​ជំងឺ​កូ​វីដ-១៩ ហើយ​បើ​មាន​អ្វី​ប្រែប្រួល​នោះ ក្រសួង​នឹង​ជូនដំណឹង​នៅពេល ក្រោយ។

ឯកឧត្តម​បញ្ជាក់ថា សម្រាប់​គុណភាព​ប្រឡង​ឆ្នាំនេះ​នៅ​រក្សា​ដូចឆ្នាំមុនៗដដែល​ដោយ​រក្សា​គុណភាព​អប់រំ អនុវត្តន៍​គោលការណ៍ធំ៤ គឺ​គោលការណ៍​ច្បាប់​យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន ដើម្បី​រក្សា​គុណភាព​ប្រឡង​ជូន​ដល់​សិស្សានុសិស្ស​និង​បេក្ខជន​ប្រឡង​ផ្ទាល់។

ឯកឧត្តម​បញ្ជាក់ថា៖ នៅក្នុង​ការប្រឡង​បាក់​ឌុប សម្រាប់​ឆ្នាំ២០២០នេះ ក្រសួង​អប់រំ​ក៏​នៅតែ​ផ្តល់ជូន​និទ្ទេស (និទ្ទេស A, B, C, D និង E) ជូន​ដល់​បេក្ខជន ដូច​ឆ្នាំមុន​ដែរ។ ធ្វើបែបនេះ​ដើម្បី​រក្សា​គុណភាព​នៃ​ការប្រឡង​របស់​បេក្ខជន ឆ្លើយតប​នឹង​ការខិតខំ ប្រឹងប្រែង​សិក្សា​រៀនសូត្រ របស់​បេក្ខជន​ទាំងអស់។

សូមជម្រាបថា៖ ក្រសួង​អប់រំ​បានកំណត់​កាលបរិច្ឆេទ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (ឌី​ប្លូ​ម)នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និង​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ៕

#អរគុណសន្តិភាព

Leave a Reply