
បទេស៖ បណ្ដាមេដឹកនាំប្រទេសអាស៊ាន បានចាប់ផ្ដើមកិច្ចប្រជុំកំពូលអាស៊ានតាមបែបអនឡាញ ដោយក្រៅពីរបៀបវារៈការពិភាក្សាសំខាន់ រឿងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ហើយនោះ ចុងសប្ដាហ៍នេះ និងមានការរៀបចំបន្ត ដោយការពិភាក្សាជាមួយក្រុមប្រទេសដៃគូចរចា ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាគហ៊ុនសេដ្ឋកិច្ចភូមិភាគ(RCEP) ដែលនឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានទំហំធំបំផុតនៅក្នុងពិភពលោក។
លោកនាយករដ្ឋមន្ត្រី ង្វៀង សួន ហ្វ៊ុក របស់វៀតណាម ក្នុងឋានៈប្រធានប្ដូរវេនប្រចាំឆ្នាំនេះ បានបើកកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ាន លើកទី៣៧ ដែលរៀបចំឡើងបែបអនឡាញ កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ វិច្ឆិកា) ដោយលោកបានថ្លែងថា អាស៊ានមិនដែលត្រូវបានអូសទាញឱ្យចូលទៅរកភាពជាបដិបក្ខនឹងគ្នា និងការសាកល្បង ដែលមានចំពោះប្រព័ន្ធពហុភាគីនោះទេ តែយ៉ាងណាក្ដី ខណៈនេះពិភពលោកកំពុងត្រូវរុករានដោយភាពប្រថុយប្រថាន តាមរយៈការដំណើរការ ដែលមិនអាចរំពឹងទុកបាន របស់ប្រទេសផ្សេងៗ និងភាពជាសត្រូវនឹងគ្នារវាងមហាអំណាច។
របៀបវារៈក្នុងកិច្ចប្រជុំដែលសំខាន់ក្នុងប្រជុំសាំមិតលើកនេះគឺ ភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសចិនបានអាងសិទ្ធិស្ទើរតែ ៨០% លើដែនទឹកមួយនេះ ដោយមានចំណែកខ្លះត្រួតស៊ីគ្នាលើតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសវៀតណាម ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសហ្វ៊ីលីពីន ដែលសុទ្ធតែជាសមាជិកអាស៊ាន រហូតទៅដល់បណ្ដុំកោះផារ៉ាសេល និងបណ្ដុំកោះស្ព្រៀតលីយ៍ ដែលប្រទេសវៀតណាមកំពុងអះអាងលើកម្មសិទ្ធិ។
ចាប់តាំងពីពាក់កណ្ដាលខែសីហាមក សហរដ្ឋអាមេរិក ក្នុងយុគសម័យលោកដូណាល់ ត្រាំ បានបញ្ជូននាវាចម្បាំងចូលទៅក្នុងសមុទ្រចិនខាងត្បូងជាច្រើនលើក ដោយយកលេសថា ដើម្បីបង្ហាញពីសេរីភាពក្នុងការធ្វើចរាចរណ៍តាមផ្លូវទឹក រួមទាំងបានដាក់ចូលក្នុងបញ្ជីខ្មៅ នូវក្រុមហ៊ុនរដ្ឋស្វយ័តចំនួន ២៤កន្លែងរបស់ប្រទេសចិន ដែលពាក់ព័ន្ធនឹងការកសាងកោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនខាងត្បូង និងការបង្កើនសក្ដានុពលខាងយោធានៅលើកោះសិប្បនិម្មិតទាំងនោះ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី លី ខឺឈាង ដែលជាតំណាងរបស់ប្រទេសចិន ដែលបានមកពិភាក្សា ជាមួយអាស៊ានដែរនោះ បានផ្ដល់ការសន្យាថា ក្រុងប៉េកាំង នឹងនៅតែរួមជាមួយអាស៊ាន ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងភូមិភាគនេះ។
ចំណែកលោកប្រធានាធិបតី រ៉ូឌ្រីកូ ឌូតឺតេ របស់ហ្វ៊ីលីពីន បានអំពាវនាវឱ្យប្រទេសផ្សេងៗ រួមដៃគ្នាដើម្បីឱ្យប្រាកដក្នុងចិត្តថា គ្រប់ប្រទេស មិនថាមាន ឬក្រ អាចចូលដល់ និងទទួលបានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាដែលមានសុវត្ថិភាព។
ក្រៅពីនេះ អាស៊ាន និង ៥ប្រទេសដៃគូចរចា ដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង នីវហ្ស៊ីលែនដ៍ និងអូស្ត្រាលី នៅមានកំណត់ការ រួមចុះហត្ថលេខាធានាលើកិច្ចព្រមព្រៀងភាគហ៊ុនសេដ្ឋកិច្ចលំដាប់ភូមិភាគ (RCEP) នៅថ្ងៃអាទិត្យ (ទី១៥ វិច្ឆិកា) ដែលនឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ចកម្មធំបំផុតរបស់ពិភពលោក បើវាស់ពីលទ្ធផលរួម របស់ផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសដែលចូលរួម។
កិច្ចព្រមព្រៀងច្បាប់នេះ ដែលបាននាំគ្នាស្នើឡើងជាលើកដំបូងតាំងពីឆ្នាំ២០១២ ត្រូវបានមើលឃើញថា ជាការព្យាយាមរបស់ប្រទេសចិន ក្នុងការឆ្លើយតបផែនការចាប់ផ្ដើមបង្កើតតំបន់ពាណិជ្ជកម្មសេរីក្នុងតំបន់ប៉ាស៊ីហ្វ៊ិក របស់អាមេរិក ដែលខណៈនេះ បានបញ្ឈប់ទៅហើយ។
ដើមឡើយ ប្រទេសឥណ្ឌា បានចូលរួមក្នុងកិច្ចចរចាធ្វើកិច្ចព្រមព្រៀង RCEP នេះដែរ តែទើបតែដកខ្លួនចេញកាលពីឆ្នាំទៅ ដោយសារតែបារម្ភថា ទំនិញតម្លៃថោករបស់ចិន នឹងហូរចូលប្រទេសច្រើន តែយ៉ាងណាក្ដី ប្រទេសឥណ្ឌា អាចប្ដូរចិត្ត វិលត្រឡប់មកចូលរួមវិញបាន នៅពេលក្រោយ។
លោក រ៉ាជីហ្វ ប៊ិស្វាស ប្រធានក្រុមអ្នកសេដ្ឋសាស្ត្រប្រចាំអាស៊ី-ប៉ាស៊ីហ្វ៊ិក របស់ HIS Market ដែលជាក្រុមហ៊ុនទីប្រឹក្សាខាងធុរកិច្ចលំដាប់ពិភពលោក បានបញ្ជាក់ថា RCEP ដែលសេដ្ឋកិច្ចរបស់ប្រទេសសមាជិករួមគ្នា មានតម្លៃសរុប ស្មើនឹង ៣០% របស់ GDP ពិភពលោក នឹងក្លាយជាការឈានទៅមុខដ៏សំខាន់មួយ សម្រាប់ការបើកពាណិជ្ជកម្មសេរី និងការវិនិយោគនៅក្នុងភូមិភាគនេះ។
ផែនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ កើតមានឡើងខណៈដែល ១០ប្រទេសសមាជិកអាស៊ាន កំពុងតស៊ូរើបម្រះយ៉ាងខ្លាំង ដើម្បីកាត់បន្ថយដើមទុន ដែលហក់ឡើងខ្ពស់ ដោយសារតែវីរុសកូរ៉ូណា ដែលកំពុងបំផ្លាញសេដ្ឋកិច្ច និងធ្វើឱ្យប្រទេសជាច្រើនប្រឈមនឹងវិបត្តិសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ។
កិច្ចព្រមព្រៀងច្បាប់នេះ ថែមទាំងត្រូវបានមើលឃើញថា ជាយន្តការដែលជួយឱ្យប្រទេសចិន អាចធ្វើសេចក្ដីព្រាងក្បួនច្បាប់ពាណិជ្ជកម្មសម្រាប់អាស៊ី-ប៉ាស៊ីហ្វ៊ិក ក្រោយពីសហរដ្ឋអាមេរិក ក្រោមគណៈគ្រប់គ្រងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដកថយចេញទៅ។
លោក អាឡេកសានឌើរ ខាព្រី អ្នកជំនាញការផ្នែកពាណិជ្ជកម្មសេរី របស់គណៈគ្រប់គ្រងធុរកិច្ច មហាវិទ្យាល័យជាតិសិង្ហបុរី បានចង្អុលបង្ហាញថា RCEP ជួយបង្កើនមហិច្ឆតា ខាងភូមិរដ្ឋសាស្ត្ររបស់ចិន តែយ៉ាងណាក្ដី លោកបានបន្ថែមថា លោកចូ បៃដិន អនាគតប្រធានាធិបតីបន្ទាប់របស់អាមេរិក អាចនឹងចូលមកពាក់ព័ន្ធក្នុងភូមិភាគនេះខ្លាំងឡើង និងបន្តនយោបាយ តភ្ជាប់អាស៊ី របស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
ខណៈពេលជាមួយគ្នានេះ កណ្ដាលការឆ្លងរាលដាលរបស់កូវីដ-១៩ និងការសន្យារបស់ប្រទេសចិនក្នុងការអនុញ្ញាតការចូលដល់វ៉ាក់សាំងប្រឆាំងវីរុសក្នុងលំដាប់ដំបូងៗគេ របស់ប្រទេសអាស៊ាន ធ្វើឱ្យប្រទេសជាច្រើនគ្មានសញ្ញាតតាំងប្រទេសចិនឡើយ តែចំណុចផ្ដោតរបស់កិច្ចប្រជុំលើកនេះ នឹងបាញ់ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចផ្ទៃក្នុងភូមិភាគ ដែលជាប្រទេសពឹងលើវិស័យទេសចរណ៍ និងការនាំចេញ ដែលកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
លោក កែវកាមុន ភិថាក់ដាំរ៉ុងគិត រងសាស្ត្រាចារ្យ របស់មជ្ឈមណ្ឌលការសិក្សាពហុភាគី School of International Studies របស់ប្រទេសសិង្ហបុរី មើលឃើញថា RCEP នឹងជួយសម្រាលផលប៉ះពាល់ខាងហិរញ្ញវត្ថុពីវិបត្តិកូវីដ-១៩ និងធ្វើឱ្យអាស៊ានស្ដារខ្លួនឡើងវិញបានឆាប់រហ័ស ដោយសារតែកិច្ចព្រមព្រៀងនេះ បើកឱកាសឱ្យក្រុមហ៊ុនផ្សេងៗ អាចពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់ និងជួយបង្កើនភាពបត់បែនដល់សេដ្ឋកិច្ចក្នុងភូមិភាគបាន៕

ប្រភព៖ សារព័ត៌មានបរទេស
#អរគុណសន្តិភាព