ខេត្តកណ្តាល៖ ប្រធានក្រុមប្រឹក្សា ខេត្តកណ្តាល ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានណែនាំអោយមន្ត្រីអប់រំត្រូវបង្កេីនយកចិត្តទុកដាក់ខ្ពស់ ត្រៀមបំប៉នមុខវិញ្ញាសារ ដល់សិស្សត្រៀមប្រឡងបាក់ឌុប នៅតាមគ្រឹះស្ថានអប់រំ និងតាមសាលារៀននានាដោយបង្រៀនផ្ទាល់ និងបង្រៀនតាមប្រពន្ធ័អនឡាញជាដេីម ដេីម្បីអោយពួកគេមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ ប្រឡងជាប់មានភាគរយខ្ពស់ ដែលសមយ័ប្រឡងប្រព្រឹត្តិទៅនៅពេលខាងមុខនេះ។
ដោយឡែកត្រូវសហការ ជាមួយ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រៀមរៀបចំការពារសន្តិសុខ សុវត្តិភាពសណ្តាប់ធ្នាប់នៅតាមទីតាំងមណ្ឌលប្រឡងនិមួយៗ និងត្រៀមរៀបចំកន្លែងស្នាក់នៅរបស់បេក្ខជនប្រឡងអោយបានគត់មត់ និងសមរម្យ ធ្វេីយ៉ាងអោយការប្រឡងបាក់ឌុបឆ្នាំនេះប្រព្រឹត្តទៅប្រកបដោយសុវត្តិភាព និងជោគជយ័ល្អប្រសេីរបំផុត។
ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត ណែនាំបែបនេះ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្ត លើកទី១៨ អាណត្តិទី៣ រួមជាយួយឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល ដែលប្រារព្ធធ្វេីឡេីង នៅសាលាខេត្ត កាលពីព្រឹកថ្ងៃទី១២វិច្ឆិកានេះ។
ក្នុងកិច្ចប្រជុំនោះដែរ ពាក់ព័ន្ធនឹងការជួសជុល និងស្ដារឡើងវិញ ចំពោះហេដ្ឋារចនាសម្ពន្ធ័នានា ដែលខូចខាតដោយគ្រោះជំនន់ទឹកភ្លៀង ឯកឧត្តមគង់ សោភណ្ឌ័ អភិបាលខេត្ត គូសបញ្ជាក់ថា៖ បច្ចុប្បន្ននេះរដ្ឋបាលខេត្ត បានរៀបចំជាឯកសារដាក់ ជូនគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណៈការ ដើម្បីជួយធ្វើការដោះស្រាយ និងអន្តរាគមន៍រួចរាល់ហើយ៕
#អរគុណស្តិភាព