
បរទេស៖ ប្រទេសជប៉ុន កំពុងប្រឈមនឹងការឆ្លងរាតត្បាតរបស់មហាវីរុសកូវីដ-១៩ រលកទី៣ ចំនួនអ្នកឆ្លងមេរោគ កើនឡើងជាប្រវត្តិសាស្ត្រ តែរដ្ឋបាលនៅតែជ្រើសរើសក្នុងការបន្ធូរបន្ថយការគ្រប់គ្រង និងជំរុញវិស័យទេសចរណ៍ ដើម្បីស្ដារសេដ្ឋកិច្ច។

កាលពីថ្ងៃព្រហស្បតិ៍ ទី១២ វិច្ឆិកា ប្រទេសជប៉ុន មានអ្នកឆ្លងមេរោគវីរុសកូវីដថ្មី ចំនួន ១ ៦៣៤នាក់ ជាស្ថិតិខ្ពស់បំផុត ចាប់តាំងពីកើតការឆ្លងរាលដាល ជាពិសេសទីក្រុងតូក្យូ មានអ្នកឆ្លងមេរោគថ្មី ៣៩៣នាក់ក្នុងថ្ងៃតែមួយ និងជាថ្ងៃទី២ ជាប់ៗគ្នាទៀតផង មានអ្នកឆ្លងមេរោគថ្មីច្រើនជាង ៣០០នាក់ក្នុង ១ថ្ងៃ។ ចំណែកក្នុងទីក្រុងធំៗ ទាំង អូសាកា, សៃតាម៉ាក់, ហៀវង៉ូ សុទ្ធមានស្ថិតិអ្នកឆ្លងមេរោគថ្មីខ្ពស់បំផុតជាថ្មីម្ដងទៀតដូចគ្នា។
លោកវេជ្ជបណ្ឌិត ថូឈិកុ ណាកាង៉ាវ៉ាក់ ប្រធានសមាគមគ្រូពេទ្យនៃប្រទេសជប៉ុន បានបញ្ជាក់ថា “នេះគឺ ការឆ្លងរាតត្បាត រលកទី៣” ចំណែកក្រុមអ្នកជំនាញការរបស់ក្រសួងសុខាភិបាល បានសម្ដែងក្ដីកង្វល់យ៉ាងខ្លាំងចំពោះការឆ្លងជាក្រុម ឬ Cluster ក្នុងតំបន់មណ្ឌលកម្សាន្ត កន្លែងធ្វើការ និងទីប្រជុំជនបរទេស ព្រមទាំងអំពាវនាវឱ្យមានវិធានការបន្ថែមទៀត ដើម្បីការពារមិនឱ្យមន្ទីរពេទ្យ ពេញហូរហៀរដោយអ្នកជំងឺកូវីដ-១៩ ។
ចំណាប់អារម្មណ៍ជាច្រើន បានបាញ់ឆ្ពោះទៅរកគ្រោងការ Go To ដែលជាផែនការជំរុញវិស័យទេសចរណ៍ និងការចាយវាយរបស់រដ្ឋបាលថា ជាដើមហេតុធ្វើឱ្យកើតការឆ្លងរាលដាលរលកថ្មី តែរដ្ឋបាលជប៉ុន បានបញ្ជាក់ថា ចំនួនអ្នកឆ្លងមេរោគពីគ្រោងការ Go To មានមិនច្រើនប៉ុន្មានទេ និងបើសិនមិនដំណើរការសេដ្ឋកិច្ចទៅមុខទេ ជប៉ុននឹងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ មិនចាញ់ការឆ្លងរាតត្បាតរបស់វីរុសកូវីដប៉ុន្មានឡើយ។
អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ យល់ឃើញថា ទោះជាលុបចោលគ្រោងការ Go To ក៏មិនងាយនឹងធ្វើឱ្យចំនួនអ្នកឆ្លងមេរោគថយចុះបានយ៉ាងឆាប់រហ័សដែរ ដោយសារតែខណៈនេះ រដ្ឋបាល បានបន្ធូរបន្ថយវិធានការគ្រប់គ្រងជាច្រើនផ្នែក រួមទាំងការអនុញ្ញាតឱ្យធ្វើដំណើរចូលប្រទេសបាន ដោយមិនចាំបាច់ធ្វើចត្តឡីស័ក ១៤ថ្ងៃ និងមិនមានវិធានការពិនិត្យរកមេរោគនៅឯអាកាសយានដ្ឋាន សម្រាប់អ្នកដែលមានវីសាស្នាក់នៅក្នុងប្រទេសជប៉ុនទៀតផង។

យ៉ាងណាក៏ដោយ អ្នកជំនាញការ បានណែនាំឱ្យដក កោះហុកកៃដូ ចេញពីគ្រោងការ Go To បើសិនចំនួនអ្នកឆ្លងមេរោគនៅតែកើនឡើងឥតឈប់ឈរ ព្រោះហុកកៃដូ មានអ្នកឆ្លងមេរោគថ្មីជិត ២០០នាក់បន្តគ្នា ៨ថ្ងៃមកហើយ ហើយបើសិនជាស្ថានការណ៍ នៅតែបែបនេះ ត្រឹមតែ ១សប្ដាហ៍ខាងមុខទៀតប៉ុណ្ណោះ ប្រព័ន្ធសុខាភិបាលក្នុងតំបន់នោះ នឹងធានាលែងរួចមិនខាន។
លោក យ៉ាស៊ូយូឈិ និឈិមូរ៉ៈ រដ្ឋមន្ត្រី ដែលទទួលខុសត្រូវរឿងការចាត់ការជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ បានបញ្ជាក់ថា រដ្ឋាភិបាល សម្រេចចិត្តក្នុងការមិនប្រកាសស្ថានការណ៍គ្រាអាសន្នទៀតទេ ដោយរដ្ឋបាល នឹងពង្រីកការកំណត់ចំនួនអ្នកចូលរូមកម្មវិធីខ្នាតធំ និងការទស្សនាការប្រកួតកីឡា មិនឱ្យលើសពាក់កណ្ដាលនៃចំណុះសរុបទាំងមូល រហូតទៅដល់ខែកុម្ភៈ ឆ្នាំមុខ តែ លើកលែងក្នុងរោងភាពយន្ត នឹងអនុញ្ញាតឱ្យមានអ្នកទស្សនាពេញគ្រប់កៅអីបាន ដោយអាងថា ទស្សនិកជនទាំងអស់ ស្ទើរតែមិនសូវមានការនិយាយគ្នាក្នុងអំឡុងពេលមើលកុនផង ដូច្នេះទើបមិនមានឱកាសចម្លងសាយភាយមេរោគឡើយ ក្រៅពីនេះ បើការឆ្លងរាតត្បាតមានសញ្ញាធ្ងន់ធ្ងរឡើងនោះ ក៏នឹងពិចារណាកំណត់ពេលវេលាបើក របស់ភោជនីយដ្ឋាន និងទីកន្លែងកម្សាន្ត។
ក្រៅពីនេះ រដ្ឋបាលនឹងនៅតែដំណើរការរៀបចំការប្រកួត “តូក្យូអូឡាំពិក” និងកំពុងពិចារណាឱ្យបន្ធូរបន្ថយការបង្ខាំងខ្លួន ១៤ថ្ងៃ សម្រាប់អ្នកចូលទស្សនាការប្រកួតកីឡាអូឡាំពិក ដែលមកពីបរទេសទៀតផង។

ខែរងា វិបត្តិជាន់លើវិបត្តិ គ្រុនផ្ដាសាយធំ លាយកូវីដ
មូលហេតុដែលប្រទេសជប៉ុន ប្រឈមនឹងការឆ្លងរាលដាលរលកថ្មីនេះ ក្រៅពីការបន្ធូរបន្ថយវិធានការគ្រប់គ្រង ដើម្បីស្ដារសេដ្ឋកិច្ចហើយនោះ ខណៈនេះ ចាប់ផ្ដើមចូលដល់រដូវរងាហើយ ធ្វើឱ្យទីកន្លែងផ្សេងៗ និងផ្ទះសំបែង នាំគ្នាបិទទ្វារ បង្អួច លែងមានខ្យល់អាកាសបក់ចេញចូល ដែលមានចំណែកក្នុងការជួយកាត់បន្ថយការបាញ់សាយភាយរបស់មេរោគបាន។
ទាំងអស់នេះ នៅមានលទ្ធផលការស្រាវជ្រាវមួយបានរកឃើញថា វីរុសកូវីដ នឹងរស់នៅក្នុងធាតុអាកាសដែលស្ងួត និងរងាត្រជាក់ បានយូរជាង នៅក្នុងទីតាំងដែលក្ដៅសើម ដូច្នេះហើយទើប រដូវរងា បានបង្កើនភាពប្រថុយប្រថានក្នុងការឆ្លងមេរោគខ្លាំងជាងរដូវណាៗទាំងអស់។
ក្រៅពីនេះ អាចនៅកើតមានក្ដីបារម្ភកង្វល់ថា ក្នុងរដូវរងា នឹងមានការឆ្លងរាតត្បាតរបស់ជំងឺគ្រុនផ្ដាសាយធំ ដែលនឹងមកជាន់បន្ថែមពីលើវិបត្តិកូវីដ ហើយធ្វើឱ្យមន្ទីរពេទ្យផ្សេងៗ មានបន្ទុកកាន់តែច្រើនឡើង។ ក្រសួងសុខាភិបាលរបស់ជប៉ុន អំពាវនាវឱ្យប្រជាជនគ្រប់អាយុវ័យ ចូលទៅទទួលយកការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសសាយធំ ជាពិសេសមនុស្សចាស់ ចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅ ដោយខាងក្រសួង បានត្រៀមវ៉ាក់សាំងគ្រុនផ្ដាសាយធំបន្ថែមសម្រាប់ប្រជាជនច្រើនជាង ៦៦ ០០០ ០០០នាក់៕
ប្រភព៖ សារព័ត៌មានបរទេស
#អរគុណសន្តិភាព