
បរទេស៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា កាលពីថ្ងៃទី១៣ វិច្ឆិកា កើតមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងប្រទេស២ ដែលជាគូទំនាស់នឹងគ្នា និងម្នាក់ៗសុទ្ធតែមានអាវុធនុយក្លេអ៊ែរគ្រប់គ្រង គឺឥណ្ឌា និងប៉ាគីស្ថាន ដែលឯតំបន់ព្រំដែនឃែស្មៀរខាងជើង ធ្វើឱ្យអ្នកស្រុកស្លាប់យ៉ាងតិច ១០នាក់ អាជ្ញាធរសន្តិសុខជាតិ ស្លាប់ ៥នាក់ទៀត គឺជាចំនួនអ្នកស្លាប់ដោយសារការប្រយុទ្ធគ្នា ខ្ពស់បំផុតក្នុងឆ្នាំនេះ។
អាជ្ញាធរឥណ្ឌា និងទាហានប៉ាគីស្ថាន សុទ្ធតែបន្ទោសគ្នាទៅវិញទៅមកថា ភាគីម្ខាង ជាអ្នកចាប់ផ្ដើមមុន ដូចកាលពីគ្រាមុនៗនៅក្នុងតំបន់ឃែស្មៀរ ដែនដីដែលប្រទេសទាំង២ សុទ្ធតែអាងសិទ្ធិគ្រប់គ្រងដូចគ្នា។ ឥណ្ឌាបានបន្ទោសថា រដ្ឋបាលប៉ាគីស្ថាន នៅពីក្រោយកងកម្លាំងប្រដាប់អាវុធទាំងនោះ ចំណែកប៉ាគីស្ថាន បដិសេធ និងរិះគន់ ដែលឥណ្ឌាប្រតិបត្តិចំពោះអ្នកស្រុកមូស្លីម មិនយុត្តិធម៌។

លោក សៃអិត ខាឌ្រី អាជ្ញាធររដ្ឋបាលតំបន់ឃែស្មៀរ ខាងប៉ាគីស្ថាន បានថ្លែងថា ទាហានឥណ្ឌា មានបំណងធ្វើបាបអ្នកស្រុក ដោយគ្មានត្រាប្រណី ក្រៅពីសម្លាប់អ្នកស្រុកអស់ ១០នាក់ រួមទាំងស្ត្រីម្នាក់ផងហើយនោះ នៅមានអ្នករងរបួស ២៧នាក់ទៀតផង។
ចំណែកខាងភាគីឥណ្ឌា អាជ្ញាធរបានឱ្យដំណឹងថា មានក្មេងអាយុ ៨ឆ្នាំម្នាក់ ត្រូវបានសម្លាប់នៅកណ្ដាលព្យុះគ្រាប់កាំភ្លើងដែលចាប់ផ្ដើមបើកឆាកបាញ់ដាក់គ្នា តាំងពីព្រឹករហូតដល់ពេលព្រលប់។
លោក មុតា អាម៉ាត់ អ្នកស្រុកម្នាក់ នៅក្នុងភូមិអ៊ុរី ខាងប្រទេសឥណ្ឌា បាននិយាយថា មនុស្សម្នាបានភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង នៅពេលឮស្នូរគ្រាប់បែកផ្ទុះញ័ររញ្ជួយផែនដី ដែលលាន់ឮមកពីតំបន់ប្រយុទ្ធគ្នា។ អ្នកស្រុកមួយចំនួនបាននាំគ្នា រត់ភៀសខ្លួនរកកន្លែងសុវត្ថិភាព។

ឆ្នាំនេះ មានពលរដ្ឋត្រូវបានសម្លាប់ដោយសារការវាយប្រយុទ្ធគ្នា រវាងកងយោធាទាំង ២ភាគី ចំនួនជាង ៤០នាក់ហើយ៕

ប្រភព៖ទីភ្នាក់ងារព័ត៌មានរ៉យទ័រ
#អរគុណសន្តិភាព