
អាមេរិក៖ មន្ត្រីសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃម្សិលមិញ (ទី១៦ វិច្ឆិកា) ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រឹក្សាជាមួយអ្នកជំនួយការដ៏ជិតស្និទ្ធម្នាក់ កាលពីសប្ដាហ៍កន្លងទៅ ពាក់ព័ន្ធនឹងជម្រើសក្នុងការវាយប្រហាររោងចក្រនុយក្លេអ៊ែរធំមួយរបស់អ៊ីរ៉ង់ មុននឹងបញ្ឈប់គំនិតនោះទៅវិញ។
ប្រភពព័ត៌មាន បានអះអាងថា លោកត្រាំបានលើករឿងនេះឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ វិច្ឆិកា ខណៈពេលប្រជុំរួមជាមួយបណ្ដាទីប្រឹក្សាផ្នែកសន្តិសុខ ដែលមានដូចជា លោកអនុប្រធានាធិបតី ម៉ៃក៍ ផេនស៍, លោកគ្រីស្តូហ្វ៊ើរ មីលលើរ រដ្ឋមន្ត្រីស្ដីទីក្រសួងការពារជាតិ និងលោកឧត្ដមសេនីយ៍ឯក ម៉ាក មីលលីយ៍ ប្រធានគណៈសេនាធិការរួម នៃកងទ័ពសហរដ្ឋអាមេរិក។
មន្ត្រីរូបនេះ បានអះអាងពីទិន្នន័យរបស់សារព័ត៌មាននីវយ៉ក ថាមស៍ ដែលបានរាយការណ៍ថា ក្រុមទីប្រឹក្សា បានព្យាយាមបញ្ចុះបញ្ចូលលោកត្រាំ មិនឱ្យវាយប្រហារប្រទេសអ៊ីរ៉ង់ ដោយសារតែប្រថុយប្រថានក្នុងការកើតមានទំនាស់រីករាលដាល កាន់តែធំឡើង។
ប្រភពព័ត៌មានបានបញ្ជាក់ថា “លោកប្រធានាធិបតី សុំដឹងអំពីជម្រើសផ្សេងៗ ពួកគេក៏បានរាយការណ៍ពីស្ថានការណ៍ដែលនឹងកើតឡើង ហើយទីបំផុត លោកក៏សម្រេចចិត្តមិនដំណើរការបន្ត…”
ចុងក្រោយ មន្ទីរសេតវិមាន ថែមទាំងបដិសេធក្នុងការផ្ដល់ការយល់ឃើញពាក់ព័ន្ធនឹងរបាយការណ៍នេះទៀតផង។
ពេញមួយរយៈពេល ៤ឆ្នាំកន្លងមកនេះ គណៈគ្រប់គ្រងរបស់លោកត្រាំ បានប្រើនយោបាយកៀបសង្កត់ប្រទេសអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ ចាប់ផ្ដើមពីការប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រប់គ្រងនុយក្លេអ៊ែរ ដែលជាស្នាដៃការទូតដ៏ល្អបំផុត របស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងសើរើឡើងវិញនូវទណ្ឌកម្មខាងសេដកិច្ចចំពោះបុគ្គល និងស្ថាប័នផ្សេងៗរបស់សាធារណរដ្ឋអ៊ិស្លាមមួយនេះទៀតផង។

លោកត្រាំ ដែលព្យាយាមជំទាស់លទ្ធផលការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី កាលពីថ្ងៃទី៣ វិច្ឆិកា ដែលនឹងត្រូវផ្ទេរប្រគល់អំណាចគ្រប់គ្រងទៅឱ្យលោក ចូបៃដិន មកពីគណបក្សដេម៉ូក្រេត នៅថ្ងៃទី២០ មករា ឆ្នាំក្រោយ។
ការពិចារណាជម្រើសវាយប្រហារប្រទេសអ៊ីរ៉ង់នេះ កើតមានឡើងត្រឹមតែ ១ថ្ងៃ ក្រោយពីការិយាល័យកិច្ចការបរមាណូអន្តរជាតិ(IAEA) បានលើកឡើងនូវរបាយការណ៍មួយថា អ៊ីរ៉ង់បានធ្វើការបំផ្លាស់ទីគ្រឿងចក្របង្វិលវត្ថុធាតុដើមនុយក្លេអ៊ែរ ទំនើបបំផុត ១ឈុតដំបូង ចូលទៅក្នុងអគារក្រោមដី នៅឯរោងចក្របង្កើនសមត្ថភាពអ៊ុយរ៉ានីញ៉ូមដ៏ធំមួយរបស់ប្រទេស ដែលនេះ គឺជាការល្មើសកិច្ចព្រមព្រៀងដែលបានធ្វើរួមគ្នាជាមួយ ប្រទេសមហាអំណាចចំនួន ៦ទៀត។
ពេលនេះ ប្រទេសអ៊ីរ៉ង់ មានសារធាតុអ៊ុយរ៉ានីញ៉ូមបង្កើនសមត្ថភាពខ្ពស់ នៅក្នុងស្តុកប្រមាណជា ២,៤តោន លើសពីពិតានខ្ពស់បំផុត ២០២,៨គីឡូក្រាម ដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ក្រៅពីនេះ IAEA នៅបានរកឃើញទៀតថា អ៊ីរ៉ង់ បានផលិតសារធាតុអ៊ុយរ៉ានីញ៉ូមបង្កើនសមត្ថភាពខ្ពស់បាន ៣៣៧,៥គីឡូក្រាម ក្នុងត្រីមាសបច្ចុប្បន្ន ថយចុះបន្តិចបន្តួច ពី ២ត្រីមាសកន្លងទៅ ដែលផលិតបានច្រើនជាង ៥០០គីឡូក្រាម។
កាលពីខែមករា ដើមឆ្នាំនេះ លោកត្រាំ បានបញ្ជាឱ្យកងទ័ពអាមេរិក បញ្ជូនយន្តហោះដ្រូនបំពាក់អាវុធទៅពិឃាតលោកឧត្ដមសេនីយ៍ឯក កាសេម ស៊ុឡៃម៉ានី មេបញ្ជាការអង្គភាព Quds របស់អ៊ីរ៉ង់ នៅឯព្រលានយន្តហោះក្នុងទីក្រុងប៊ែកឌែត តែក៏មិនបានដំណើរការអ្វីដែលនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាស់ខ្លាំងជាងនោះទៀតដែរ និងថែមទាំងព្យាយាមរក្សា សញ្ញាបញ្ឈប់ “សង្គ្រាមដែលគ្មានថ្ងៃបញ្ចប់” ដោយការនាំកងយោធាអាមេរិក ត្រឡប់មកប្រទេសវិញទៀតផង។
ទាំងអស់នេះ ការវាយប្រហាររោងចក្រនុយក្លេអ៊ែរធំរបស់អ៊ីរ៉ង់ នៅក្នុងទីក្រុង Natanz នេះ អាចនឹងដុតបញ្ឆេះភាពតានតឹងដ៏ធំមួយឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា និងថែមទាំងជាការបន្សល់ទុកបញ្ហាធ្ងន់ធ្ងរ លើផ្នែកនយោបាយការបរទេសឱ្យរដ្ឋបាលលោកបៃដិន ទៀតផង៕
ប្រភព ៖ សារព័ត៌មានបរទេស
#អរគុណសន្តិភាព