You are currently viewing រាជរដ្ឋាភិបាល ចេញ​សារាចរ​ណែនាំ ៧ចំណុច​ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់

រាជរដ្ឋាភិបាល ចេញ​សារាចរ​ណែនាំ ៧ចំណុច​ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់

ភ្នំពេញ÷ នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សារាចរ​ណែនាំ៧ចំណុច​ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ក្នុង​គោលបំណង​ធានា ប្រសិទ្ធភាព​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ ក៏ដូចជា​ការបញ្ចៀស​ឱ្យបាន​នូវ​ហានិភ័យ​ដែល​បណ្តាលមកពី​គ្រឿងញៀន ព្រមទាំង​ដោះស្រាយ​នូវ​ការព្រួយបារម្ភ និង​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ធានាបាន​នូវ​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម។

នៅក្នុង​សារាចរ​ណែនាំ រាជរដ្ឋាភិបាល សូម​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖

* ទី១៖ បន្ត​ខិតខំ​ចាត់តាំង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​តាម​បទបញ្ជា​លេខ ០១ប.ប ចុះ​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់​រាជរដ្ឋាភិបាល ស្តីពី​ការពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន។

* ទី២៖ បង្កើន​សកម្មភាព​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី៥ ឱ្យបាន​សកម្មភាព​ផុលផុស និង​ត្រូវ​បន្ត​កសាង​ផែនការ​យុទ្ធនា ការ​ជា​បន្តបន្ទាប់ ប្រកបដោយ​និរន្តរភាព។

* ទី៣៖ លើកកម្ពស់​ស្មារតី​ផ្សព្វផ្សាយ អប់រំ​ឱ្យបាន​ទូលំទូលាយ ស៊ីជម្រៅ​ចំ​គោលដៅ និង​មុខសញ្ញា​គ្រប់​ទីកន្លែង​ទាំង​ក្នុង​សហគមន៍ ទាំង​ក្នុង​ស្ថាប័នរដ្ឋ ឯកជន និង​ក្នុង​ជួរ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដោយ​ត្រូវអនុវត្ត​ផ្សារភ្ជាប់​ជាមួយ​ខ្លឹម​សារទិស​ស្លោក «បី​កុំ មួយ​រាយការណ៍» គឺ កុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំ​លើកលែង និង​ត្រូវរាយការណ៍ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ករណី​បទល្មើស​គ្រឿងញៀន។

* ទី៤៖ យកចិត្តទុកដាក់​ចាត់​វិធានការ​ក្នុងការ​បង្ការ ទប់ស្កាត់​ការនាំ​ចូល ការដឹកជញ្ជូន​ឆ្លងកាត់​ការ​លួចលាក់​កែច្នៃ-ផលិត​សារធាតុ​ញៀន និង​ការជួញដូរ ប្រើប្រាស់​សារធាតុ​ញៀន​ជាពិសេស​នៅតាម​គោលដៅ​នានា​ដោយ​ត្រូវ៖

– បន្ត​ពង្រឹង​ការគ្រប់គ្រង ត្រួតពិនិត្យ​ការឆ្លងកាត់​ព្រំដែន និង​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ រួមទាំង​បញ្ញើ​ប្រៃសណីយ៍​ឱ្យបាន​ហ្មត់ចត់ និង​ម៉ឺងម៉ាត់ ដើម្បី​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​ការ​នាំចូល​គ្រឿងញៀន​ខុសច្បាប់

– ជំរុញ​ការស្រាវជ្រាវ ស៊ើបអង្កេត​រក​ខ្សែរយៈ​បណ្តាញ​មេក្លោង​ជួញដូរ​សារធាតុ​ញៀន និង​ធ្វើការ​បង្ក្រាប​ឱ្យដល់​ឬ​សគល់ ព្រមទាំង​បន្ត​ពន្លាត​នីតិវិធី​ឈានដល់​ការបង្ក្រាប បទល្មើស​សម្អាត​ប្រាក់​ដែលជា​ផល​នៃ​បទល្មើស​គ្រឿងញៀន ដោយ​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ

– អនុវត្តព្រមៗគ្នា​រវាង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ធ្វើការ​បង្ក្រាប​ដូច​ភ្លៀងរលឹម​សំដៅ​លុបបំបាត់​ការ​លួចលាក់​កែច្នៃ ការជួញដូរ ប្រើប្រាស់​សារធាតុ​ញៀន ជាពិសេស​នៅតាម​គោលដៅ​ដែល​ងាយ​កើតមាន​បទល្មើស​គ្រឿងញៀន។

* ទី៥៖ ត្រូវ​ពង្រឹង​វិធានការ​គ្រប់គ្រង ត្រួតពិនិត្យ​ការនាំ​ចូល និង​ការប្រើប្រាស់​សារធាតុ​គីមី​ផ្សំ ដោយ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ទៅតាម​វិធាន​បច្ចេកទេស និង​ត្រូវ​ដក​ពិសោធន៍​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ សំដៅ​បង្ការ​មិនឱ្យ​សារធាតុ​គីមី​ផ្សំ​ធ្លាក់​ក្នុង​ដៃ​ឧក្រិដ្ឋជន​យកទៅ​កែច្នៃ​ធ្វើជា​សារធាតុ​ញៀន​ជាដាច់ខាត។

* ទី៦៖ លើកកម្ពស់​គុណភាព​ក្នុងការ​អនុវត្ត​វិធានការ​ព្យាបាល ស្តារនីតិសម្បទា និង​សមាហរណកម្ម ដោយ​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព​លើកកម្ពស់​សមត្ថភាព​ព្យាបាល ស្តារនីតិសម្បទា និង​រៀបចំ​បន្ថែម​នូវ​មណ្ឌល​បណ្តោះអាសន្ន​នៅតាម​រាជធានី ខេត្ត ស្របតាម​ភូមិសាស្ត្រ និង​សំណូមពរ​ជាក់ស្តែង។

* ទី៧៖ លើកកម្ពស់​គុណភាព សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​ប្រតិបត្តិការ និង​ចំណេះដឹង​ផ្នែក​ច្បាប់។ ទន្ទឹមនេះ ត្រូវ​ពង្រឹង​ការអនុវត្ត​វិន័យ សីលធម៌​មនសិការ វិជ្ជាជីវៈ​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឱ្យបាន​ល្អប្រសើរ​ព្រមទាំង​បន្ត​ការគាំទ្រ សរសើរ​ជូន​រង្វាន់ លើកទឹកចិត្ត​ដល់​អង្គភាព និង​មន្ត្រី​ដែលមាន​ស្នាដៃ៕

#អរគុណសន្តិភាព

Leave a Reply