You are currently viewing ទ្រាំលែងបាន! ស្ថាប័ន​ពេទ្យ​អាមេរិកធំៗ អង្វរ​លោក​ត្រាំ ជួយ​ចែករំលែក​ទិន្នន័យ​កូ​វីដ-១៩ ឱ្យ​លោក​បៃ​ដិ​ន ព្រោះ​ខ្លាច​មហន្ត​ភ័យ នាពេលខាងមុខ

ទ្រាំលែងបាន! ស្ថាប័ន​ពេទ្យ​អាមេរិកធំៗ អង្វរ​លោក​ត្រាំ ជួយ​ចែករំលែក​ទិន្នន័យ​កូ​វីដ-១៩ ឱ្យ​លោក​បៃ​ដិ​ន ព្រោះ​ខ្លាច​មហន្ត​ភ័យ នាពេលខាងមុខ

បរទេស ៖ ស្ថាប័ន​ពេទ្យធំៗ នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ(ទី17 វិច្ឆិកា) បាន​ចូលមក​ជ្រែក​កណ្ដាល​ក្នុង​ជម្លោះ​ទាស់ទែង​ការផ្ទេរ-ប្រគល់​អំណាច​នៅក្នុង​មន្ទីរ​សេត​វិមាន ក្រោយពេល​បោះឆ្នោត​រួច ដោយ​ទាមទារ​ឱ្យ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចែករំលែក​ទិន្នន័យ​កូ​វីដ-១៩ ជាមួយ​ក្រុមការងារ​រ​បស់​អនាគត​ប្រធានាធិបតី ចូ បៃ​ដិ​ន បើ​មិន​ដូច្នោះ​ទេ អាច​នឹង​ប្រថុយប្រថាន​ក្នុងការ​ធ្វើឱ្យ​ការព្យាយាម​ចាត់ការ​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ ត្រូវ​យឺតយ៉ាវ និង​ខ្សោយកម្លាំង ដោយ​មិនចាំបាច់។

លិខិត​ចំហ​មួយ​របស់​ស្ថាប័ន​ពេទ្យ​លំដាប់​កំពូល ៣កន្លែង​របស់​សហរដ្ឋ​អាមេរិក ត្រូវបាន​ធ្វើឡើង ក្នុងខណៈដែល​ក្រុមការងារ​របស់លោក​បៃ​ដិ​ន កំពុង​ព្យាយាម​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សហការ​លំដាប់​ថ្នាក់ជាតិ ដើម្បី​ចាត់ការ​លើ​ជំងឺ​រាលដាល​ដ៏​ធំ វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ហើយ​អាជ្ញាធរ​ទាំង​ក្នុង​កម្រិត​រដ្ឋ និង​លំដាប់​តំបន់​ជាច្រើន​កន្លែង កំពុង​ស្ទុះស្ទា​ព្យាយាម​រិះរក​វិធី​ទប់ស្កាត់ ការឆ្លង​សាយភាយ​របស់​មេរោគ​កូ​វីដ-១៩ ដែល​កំពុង​ធ្វើឱ្យ​មន្ទីរពេទ្យ​នានា​ទូទាំងប្រទេស ជួបប្រទះ​នឹង​បញ្ហា​អ្នកជំងឺ​លើស​ចំនួន​គ្រែ។

“មាន​ភាពចាំបាច់ ត្រូវតែ​ចែករំលែក​ទិន្នន័យ​ព័ត៌មាន​បែប​Realtime ទាំង​ផ្នែក​ការសិក្សា ស្បៀងអាហារ ឈុត​ពិនិត្យ​មេរោគ ឧបករណ៍​ការពារ​ផ្នែក​បុគ្គល(PPE) ម៉ាស៊ីន​ជួយ​ដកដង្ហើម បរិមាណ​គ្រែ​ក្នុង​មន្ទីរពេទ្យ និង​អត្រា​កម្លាំង​មនុស្ស ដែល​ត្រៀម​ជាស្រេច សម្រាប់​ផែនការ​ប្រចាំការ និង​ធនធាន​របស់​ប្រទេស​បន្ថែម ដើម្បី​ការពារ​ជីវិត​មនុស្ស​ជាច្រើន​លើស​គណនា” លិខិត​ចំហ ដែល​ចុះហត្ថលេខា​ដោយ​បណ្ដា​មេដឹកនាំ​របស់​សមាគម​កិច្ចការ​ពេទ្យ​អាមេរិក សមាគម​អ្នក​ព្យាបាល​នៃ​សហរដ្ឋអាមេរិក និង​សមាគម​មន្ទីរពេទ្យ​នៃ​សហរដ្ឋអាមេរិក។

លិខិត​ចំហ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ចេញមក ១ថ្ងៃ​ក្រោយពី​លោក​បៃ​ដិ​ន បេក្ខជន​មកពី​គណបក្ស​ដេ​ម៉ូ​ក្រេ​ត ដាស់តឿន​ពលរដ្ឋ​អាមេរិកាំង​ថា អាច​នឹងត្រូវ​ខាតបង់​ជីវិត​មនុ​ស្សប​ន្ថែ​ម​ទៀត បើ​លោក​ត្រាំ និង​គណៈ​គ្រប់គ្រង នៅតែ​មិន​ព្រម​សហការ​ជាមួយ​ក្រុម​ដោះដូរ​អំណាច​របស់លោក ក្នុងការ​ចាត់ការ​វិបត្តិ​ជំងឺ​រាតត្បាត រួមទាំង​នៅតែ​រារាំង ការចូល​ទៅដល់​ទិន្នន័យ​ព័ត៌មាន​សម្ងាត់ ផ្នែក​សន្តិសុខ​របស់​ប្រទេស ប្រធានបទ​ខាង​នយោបាយ និង​ផែនការ​ចែកចាយ​វ៉ាក់សាំង។

លិខិត​ខាងលើ អាច​និយាយបានថា ជាការ​ដាស់តឿន​យ៉ាង​ម៉ឺងម៉ាត់​បំផុត​របស់លោក​ចូ បៃ​ដិ​ន ដែល​បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី៣ វិច្ឆិកា តែ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​បច្ចុប្បន្ន មិន​ព្រម​ទទួលស្គាល់​ការបរាជ័យ និង​បដិសេធ​ក្នុងការ​សហការ​ជាមួយ​គណៈ​គ្រប់គ្រង​ឈុត​ថ្មី ដើម្បី​ផ្ទេរ-ប្រគល់​អំណាច​យ៉ាង​រលូន។

អត្រា​អ្នក​ឆ្លង​មេរោគ​ថ្មី ដែល​កើនឡើង​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ បានកើត​ឡើង សូម្បីតែ​នៅតាម​តំបន់​ជនបទ​ទាំងឡាយ ដែល​ធ្លាប់​រួច​ផុតពី​ស្ថានការណ៍​អាក្រក់​នៃ​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ​កាលពី​រដូវក្ដៅ​កន្លងមក​ក៏ដោយ និង​មាន​ដល់​ទៅ ៤១រដ្ឋ ដែលមាន​របាយការណ៍ រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី​ប្រចាំថ្ងៃ បាន​បំបែក​ស្ថិតិ​ក្នុង​ខែវិច្ឆិកា​នេះ និង ២០រដ្ឋ ដែល​បំបែក​ស្ថិតិ អ្នកស្លាប់​ខ្ពស់បំផុត​ប្រចាំថ្ងៃ និង​មាន​ដល់​ទៅ ២៦រដ្ឋ ដែល​បាន​រាយការណ៍​ថា មាន​ចំនួន​អ្នកជំងឺ​កូ​វីដ-១៩ ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ខ្ពស់បំផុត ចាប់តាំងពី​មានការ​ឆ្លង​រាលដាល​កើតឡើង។

អភិបាលរដ្ឋ អូ​ហៃ​អូ និង​ម៉ា​រី​លែ​ន​ដ៍ កាលពី​ថ្ងៃ​អង្គារ(ទី១៧ វិច្ឆិកា) បាន​ក្លាយជា​រដ្ឋ​ចុងក្រោយ​គេ ដែល​ប្រកា​សបិទ​ការធ្វើ​ចរាចរណ៍ ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​របស់​វីរុស​ក្នុងអំឡុង​រដូវរងា ក្នុងខណៈដែល​សញ្ញា​នៃ​ការ​មាន​វ៉ាក់សាំង​គ្រប់គ្រាន់ សម្រាប់​ប្រើការ​ក្នុង​រង្វង់​ធំ​ទូលាយ​នោះ អាច​នឹងត្រូវ​រង់ចាំ​យូរ​តទៅទៀត​ច្រើន​ខែ។

អាជ្ញាធរ​នៅក្នុង​រដ្ឋ​ជាច្រើន បាន​អំពាវនាវ​ឱ្យ​ប្រជាជន រស់នៅ​យ៉ាង​ប្រយ័ត្នប្រយែង ក្នុងអំឡុង​រដូវ​កាល​ថ្ងៃ​ឈប់សម្រាក​អរគុណ​ព្រះ​ជា​ម្ចាស់ រួមទាំង​ផ្អាក​ការធ្វើដំណើរ និង​រួម​ជួបជុំគ្នា​ខាង​សង្គម ដែល​តាម​ទំនៀមទម្លាប់ ច្រើនតែ​មានការ​រៀបចំ​ពិធីជប់លៀង​នៅក្នុង​នៅក្នុង​ទី​ម្លប់​រួមគ្នា៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព

Leave a Reply