សហរដ្ឋអាមេរិក ៖ សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក(US Chamber of Commerce) បានបង្ហាញក្ដីកង្វល់កាលពីថ្ងៃម្សិលមិញ(ទី១៦ វិច្ឆិកា)ថា អាមេរិកកំពុងត្រូវគេព្រលែងចោល ក្រោយពី ១៥ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក ចាប់ដៃគ្នាបង្កើតតំបន់ពាណិជ្ជកម្មសេរី ធំបំផុតក្នុងពិភពលោក ដែលជាការបង្កើនតួនាទីរបស់ចិន ក្នុងឋានៈ អ្នកដឹកនាំពាណិជ្ជកម្មក្នុងភូមិភាគ។
សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក បានសម្ដែងការកោតសរសើរចំពោះផលប្រយោជន៍ ដែលនឹងបានទទួលពីកិច្ចព្រមព្រៀងភាគហ៊ុនទូលំទូលាយសេដ្ឋកិច្ចភូមិភាគ (Regional Comprehensive Partnership Agreement-RCEP) និងបានបញ្ជាក់ថា អ្នកនាំចេញ ពលករ និងកសិករជនជាតិអាមេរិក ចាំបាច់យ៉ាងខ្លាំក្នុងការត្រូវចូលទៅឱ្យដល់ទីផ្សារអាស៊ីថែមឡើងទៀត តែទោះជាយ៉ាងនេះក្ដី ក៏នៅតែមិនគាំទ្រឱ្យសហរដ្ឋចូលរួមក្នុងកិច្ចព្រមព្រៀងនេះដែរ។

RCEP ដែលប្រកបដោយ ១០ប្រទេសក្នុងអាស៊ាន បូកជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនីវហ្ស៊ីលែនដ៍ គ្របដណ្ដប់លើប្រជាជនរួមគ្នាប្រមាណជា ២២០០លាននាក់ និងគិតជា GDP រួមគ្នា ខ្ពស់ដល់ទៅ ៣០% របស់ពិភពលោក ដោយកិច្ចព្រមព្រៀងនេះ មានគោលដៅគាំទ្រឱ្យប្រទេសសមាជិកកាត់បន្ថយកំពែងភាស៊ី និងបង្កើនការចូលទៅដល់ទីផ្សាររបស់គ្នាទៅវិញទៅមក។
ផ្ទុយទៅវិញ សហរដ្ឋអាមេរិក ដែលមិនបានមានចំណែករួម ទាំងជាមួយ RCEP និងកិច្ចព្រមព្រៀងភាគហ៊ុនយុទ្ធសាស្ត្រសេដ្ឋកិច្ចភូមិភាគប៉ាស៊ីហ្វ៊ិក(Trans-Pacific Partnership- TPP) កំពុងក្លាយជាមហាអំណាចធំបំផុត ដែលត្រូវបានរារាំង ចេញពីក្រុមពាណិជ្ជកម្មក្នុងភូមិភាគ ដែលរីកចម្រើនធំធាត់លឿនបំផុតក្នុងពិភពលោក។
លោក ម៉ៃរ៉ន ប្រ៊ីលលៀន អនុប្រធានគណៈកម្មការគ្រប់គ្រងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាក់ថា ទោះជារដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងប្រើនយោបាយប្រឆាំងនឹងទង្វើពាណិជ្ជកម្ម ដែលមិនយុត្តិធម៌របស់ចិនក្ដី ប៉ុន្តែយុទ្ធសាស្ត្រនោះ បែរជាមិនបានជួយឱ្យអ្នកនាំចេញអាមេរិក បានទទួលឱកាសថ្មីៗច្រើនប៉ុន្មានឡើយនៅក្នុងទ្វីបអាស៊ី។
កាលពីឆ្នាំ២០១៧ លោកត្រាំ បាននាំសហរដ្ឋអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP ដែលអាចរាប់បានថា ជាបេះដូងចម្បងរបស់យុទ្ធសាស្ត្រ “ដោតភ្ជាប់អាស៊ី” ដោយរដ្ឋបាលលោកបារ៉ាក់ អូបាម៉ា ហើយតាំងពីពេលនោះមក សហរដ្ឋអាមេរិក ក៏មិនដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ ដែលគ្របដណ្ដប់នៅក្នុងទ្វីបអាស៊ីទៀតឡើយ។
“ដោយសារតែ RCEP នៅមានចំណុចអន់ច្រើនប្រការ ទើបយើងមិនគាំទ្រឱ្យសហរដ្ឋអាមេរិក ចូលរួមក្នុងកិច្ចព្រមព្រៀងនេះទេ” លោកប្រ៊ីលលៀន បានថ្លែងបែបនេះ ព្រមទាំងយោងលើកិច្ចព្រមព្រៀងថ្មីៗ របស់អាមេរិក ដែលមានលក្ខខណ្ឌដែលល្អិតល្អន់ជាង និងអាចកំណត់ដាក់ឱ្យប្រើបានមែនទែន ទាំងក្នុងរឿងពាណិជ្ជកម្មឌីជីថល ការកាត់បន្ថយកំពែងភាស៊ី និងការការពារកម្មសិទ្ធិខាងបញ្ញា។
“យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនឹងត្រូវប្រើការព្យាយាមខាងយុទ្ធសាស្ត្រ ដែលសង្កត់ធ្ងន់លើការសម្លឹងមើលទៅមុខ(Forward-looking) ដើម្បីរក្សានូវឥទ្ធិពលខាងសេដ្ឋកិច្ចក្នុងភូមិភាគ មិនដូច្នេះទេ យើងក៏នឹងត្រូវគេព្រលែងចោល ឱ្យក្លាយជាមនុស្សក្រៅឆាក ដែលបានត្រឹមតែ សម្លឹងមើលកំណប់ទ្រព្យចម្បង ដំណើរការសេដ្ឋកិច្ចពិភពលោកពីចម្ងាយតែប៉ុណ្ណោះ”
លោក ប្រ៊ីលលៀន បានបង្ហាញថា តម្លៃសរុបការនាំចេញរបស់សហរដ្ឋអាមេរិក ទៅក្នុងទីផ្សារអាស៊ី-ប៉ាស៊ីហ្វ៊ិក រីកធំធាត់ជាបន្តបន្ទាប់ ក្នុងអំឡុងច្រើនសិបឆ្នាំកន្លងមកនេះ ប៉ុន្តែក្រុមហ៊ុនអាមេរិកាំង បែរជាទទួលបានចំណែកបែងចែកទីផ្សារកាន់តិចទៅ។
លោក បានបញ្ជាក់អំពីភាពសំខាន់ របស់ទីផ្សារអាស៊ី-ប៉ាស៊ីហ្វ៊ិក ដោយយោងលើអត្រាការរីកធំធាត់មិនទាបជាង ៥%ឡើយ ក្នុងឆ្នាំ២០២១ និងការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ក្រុមអតិថិជនដែលជាមនុស្សថ្នាក់កណ្ដាល៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ
#អរគុណសន្តិភាព