បរទេស ៖ ទស្សនាវដ្តី Forbes សារព័ត៌មានល្បីឈ្មោះរបស់សហរដ្ឋអាមេរិក បានផ្សព្វផ្សាយអត្ថបទដែលសរសេរដោយអ្នកយកព័ត៌មានល្បីឈ្មោះម្នាក់ ដែលបានរៀបរាប់ថា ឱ្យតាមសង្កេតមើល លោកដូណាល់ ត្រាំ ដែលអាចយកតម្រាប់តាមលោកថាក់ស៊ីន ឈីនណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីរបស់ថៃ ដែលបង្កើតភាពច្របូកច្របល់រញ៉េរញ៉ៃដល់រដ្ឋបាលគូសត្រូវ ពេញមួយរយៈពេលនៃការបំពេញតួនាទី ក្នុងក្ដីសង្ឃឹមថាខ្លួននឹងបានឈានត្រឡប់ចូលក្នុងមកដំណើរផ្លូវ នៃអំណាចម្ដងទៀត។
នៅក្នុងអត្ថបទរឿង Is Trump Taking A Page From Thailand’s Playbook? ខាងលោក William Pesek ដែលជាអ្នកនិពន្ធ បានបញ្ជាក់ថា ដោយការដែលលោកត្រាំ នៅតែបដិសេធមិនទទួលស្គាល់លទ្ធផលការបោះឆ្នោត ទើបពិភពលោកស្វែងរកការប្រៀបធៀបស្ថានការណ៍នេះ ទៅនឹងប្រទេសផ្សេងៗទៀត ដែលមានភាពស្រដៀងគ្នា ដើម្បីឱ្យមើលឃើញទិដ្ឋភាព បានកាន់តែច្បាស់ឡើងថា ប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក កំពុងតែតម្រង់មុខឆ្ពោះទៅរកទិសដៅណា?។
ឈ្មោះរបស់លោក វ្ល៉ាឌីមៀ ពូទីន បានផុសឡើងមក ដូចគ្នានឹងលោក អាឡេកសានឌើរ លូខាឆេនកូ ប្រធានាធិបតីនៃប្រទេសបេឡារុស រួមទាំងមេដឹកនាំដទៃទៀត ដែលមិនព្រមទទួលស្គាល់ការបរាជ័យ តែអត្ថបទខាងលើ បានបញ្ជាក់ថា បទពិសោធដែលល្អបំផុតរបស់ភូមិភាគអាស៊ី អាចជា លោកថាក់ស៊ីន ឈីនវ៉ាត់ របស់ប្រទេសថៃ បុរសដែលជាស្រមោលរបស់គាត់ បានគ្របដណ្ដប់លើសេដ្ឋកិច្ច និងប្រទេសថៃ អស់រយៈពេលយូរជាង ១៤ឆ្នាំ ចាប់តាំងពីរបូតផុតពីកៅអីនាយករដ្ឋមន្ត្រី។
អត្ថបទបញ្ជាក់ថា ក្នុងឆ្នាំ២០០៦ លោកថាក់ស៊ីន ត្រូវបានបណ្ដេញចេញដោយរដ្ឋប្រហារ លទ្ធផលរបស់វា បានបង្កឱ្យកើតភាពច្របូកច្របល់នៅក្នុងទីក្រុងបាងកកអស់មួយរយៈ។ ស្ថានការណ៍ក្នុងពេលនេះ នៅក្នុងក្រុងវ៉ាស៊ីនតោន ត្រូវតែរកវិធីចៀសវាង ធ្វើយ៉ាងណាកុំឱ្យដូច តែយ៉ាងណាក៏ដោយ លោកត្រាំ ក៏ដូចលោកថាក់ស៊ីន ដែលបានបង្ហាញពីគោលជំហរយ៉ាងច្បាស់លាស់ថា លោកមិនមានការតាំងចិត្តថានឹងដកថយឆ្ងាយពីឆាកខាងមុខ នៃនយោបាយលំដាប់ប្រទេសឡើយ។ ជួនកាលអាចដល់ថ្នាក់ចូលប្រជែងដណ្ដើមកៅអីប្រធានាធិបតី ១អាណត្តិទៀតនៅឆ្នាំ២០២៤ និងដោយទង្វើចូលចិត្តកូរទឹកឱ្យល្អក់របស់លោក បូកជាមួយការដែលមានអ្នកតាមដាននៅលើបណ្ដាញសង្គមអនឡាញច្រើនជាង ១០០លាននាក់ផងនោះ អាចធ្វើឱ្យជីវិតក្នុងមន្ទីរសេតវិមានរបស់លោកចូ បៃដិន ត្រូវជួបនឹងភាពលំបាកលំបិនមិនធម្មតាឡើយ។
លោក Pesek បានបញ្ជាក់ទៀតថា នៅក្នុងមេរៀនរបស់លោកថាក់ស៊ីន ក្រោយពីគេចខ្លួនចេញពីទីក្រុងបាងកក ក្នុងឆ្នាំ២០០៦ ទៅទីក្រុងឡុងដ៍ និងប្រទេសផ្សេងៗទៀតនោះ លោកថាក់ស៊ីន បានបង្ហាញខ្លួនតាមរយៈប្រព័ន្ធទូរស័ព្ទពីចម្ងាយ (ហ្វូនអ៊ីន) មកវេទិកាជួបជុំខាងនយោបាយជាច្រើនដង។ លោកញុះញង់ បង្កភាពក្រេវក្រោធដល់អ្នកគាំទ្រ ដោយពាក្យសម្ដីដែលអាងថា ការចោទប្រកាន់ពីបទកេងបន្លំ ពុករលួយ និងរំលោភអំណាច ដែលមានចំពោះរូបលោកនោះ មានដើមហេតុមកពីរឿងនយោបាយ។ ក្រៅពីនេះ លោកថាក់ស៊ីន ថែមទាំងបានត្អូញត្អែរទៀតផងថា គ្រប់រដ្ឋបាលដែលបន្តអំណាចពីរូបលោក សុទ្ធតែបរាជ័យទាំងអស់ និងត្រូវបានបន្ទោសចំពោះករណី ដែលប្រទេសនៅតែមានប្រាក់ចំណូលជាមធ្យមសម្រាប់បុគ្គលម្នាក់ៗ ក្នុងកម្រិតទាបដដែល។
ការធ្វើសកម្មភាពយ៉ាងឥតឈប់ឈររបស់លោកថាក់ស៊ីន ទទួលបានលទ្ធផលយ៉ាងល្អ ដោយអត្ថបទបានបញ្ជាក់ថា រហូតច្រើនឆ្នាំកន្លងមក មេដឹកនាំថៃជាច្រើននាក់ ដែលផ្លាស់ប្ដូរគ្នាឡើងមក មិនអាចរបូតផុតពីស្រមោលរបស់លោកថាក់ស៊ីនឡើយ ហើយចរន្តនៃភាពច្របូកច្របល់ បានកើតឡើងម្ដងទៀត នៅក្នុងរដ្ឋប្រហារឆ្នាំ២០១៤ នៅពេលកងទ័ពដែលដឹកនាំលោកឧត្ដមសេនីយឯក ប្រាយុធ ចាន់អូឆា ចូលមករឹបអូសតំណែង។
យុគសម័យ រវាងលោកថាក់ស៊ីន ជាមួយលោកឧត្ដមសេនីយ៍ប្រាយុធ បានធ្វើឱ្យកើតមានការផ្លាស់ប្ដូរគណៈរដ្ឋបាលនៅក្នុងប្រទេសថៃ មិនតិចជាង ៨ឈុតឡើយ។
អ្នកសរសេរព័ត៌មានរូបនេះ បានបញ្ជាក់តទៀតថា ក្នុងខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលធ្លាប់តែជាសេដ្ឋកិច្ចល្អស្រស់ថ្លាបំផុតមួយរបស់ទ្វីបអាស៊ី បានស្ថិតក្នុងសភាវ ទ្រេតទ្រោតទ្រុធទ្រោម ប្រឈមបញ្ហា ទាំងលើការនាំចេញ ជំរុញនវានុវត្តន៍ លើកកម្ពស់ការប្រកួតប្រជែង និងការផលិត រួមទាំងការវិនិយោគទុនផ្នែកការសិក្សា និងសុខាភិបាល តែពួកមេដឹកនាំទាំងឡាយកន្លងមក បានប្រើពេលវេលាភាគច្រើនទៅលើការព្យាយាមថែរក្សាអំណាច ក្រោមភាពច្របូកច្របល់ខាងនយោបាយ ក្នុងខណៈដែលលោកថាក់ស៊ីន និងសម្ព័ន្ធមិត្ត ក៏ប្រើឱកាសនេះ រិះគន់យ៉ាងធ្ងន់ធ្ងរពីក្រៅប្រទេសដែរ។
លោក Pesek បានបញ្ជាក់ថា មន្ទីរសេតវិមានរបស់លោក បៃដិន ក៏ដូចគ្នាដែរ គឺអនាគតប្រធានាធិបតីរូបនេះ កំពុងរៀបចំបញ្ហាផ្សេងៗ ដែលចាំបាច់ត្រូវតែ បានទទួលការកែកុនជាបន្ទាន់។ ដោយរឿងដំបូង ដែលត្រូវធ្វើ គឺការគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដែលសហរដ្ឋអាមេរិក កំពុងក្លាយជាប្រទេស ដែលមានស្ថានការណ៍ឆ្លងរាលដាលអាក្រក់ជាងគេបំផុតក្នុងពិភពលោក។ ចំនួនអ្នកឆ្លងមេរោគ ១១លាននាក់ ខណៈដែលលោកត្រាំ ធ្វើព្រងើយ មិនដំណើរការអ្វីទាំងអស់។
រឿងទី២ គឺ ក្រុមការងាររបស់លោកបៃដិន ត្រូវតែផ្លាស់ប្ដូរនូវអ្វីដែលរដ្ឋបាលឈុតមុន បានធ្វើតាមអំពើចិត្ត និងបន្សល់ទុកឱ្យនៅក្នុងសេដ្ឋកិច្ចអាមេរិក ទាំងបង្កភាពទន់ខ្សោយដល់ស្ថាប័នផ្សេងៗ ខាងសេដ្ឋកិច្ច ប្រើប្រាស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក ប្រៀបដូចជាទូ ATM(ដកប្រាក់ប្រើ តាមអំពើចិត្ត) ព្រមទាំងកាត់បន្ថយរបៀបរបបច្បាប់ផ្សេងៗ ដែលចាំបាច់ និងចុងក្រោយ បន្តជួសជុលសេដ្ឋកិច្ច ដែលលោកត្រាំ បន្សល់ទុកឱ្យក្នុងសភាពទ្រេតទ្រោត ក្រោមការឆ្លងរាលដាលរលកទី២ របស់មេរោគកូវីដ-១៩ ទូទាំងពិភពលោក។
អ្នកសរសេរព័ត៌មានរូបនេះ បានប្រាប់ថា លោកបៃដិន អាចត្រូវប្រឈមនឹងសង្គ្រាមពីគ្រប់ផ្នែក ដោយក្រៅពីត្រូវនៅចាំឆ្លើយតបនឹងសំឡេងរិះគន់វាយប្រហារពីផ្នែកខាងក្រៅរបស់លោកត្រាំហើយ ខណៈពេលជាមួយគ្នា ក៏ត្រូវតស៊ូជាមួយសមាជិកគណបក្សរីផាប្ល៊ីកាន់ ដែលត្រូវការបង្កើតស្នាមរបួស ឱ្យរដ្ឋបាលរបស់លោក ដោយការរិះរកវិធីបង្កភាពទ័លច្រកខាងច្បាប់មួយចំនួនទៀតផង។ ក្រៅពីនោះ នៅមានដំណឹងចចាមអារ៉ាមថា ក្រុមគ្រួសាររបស់លោកត្រាំ អាចបើកទីភ្នាក់ងារព័ត៌មាន របស់ខ្លួនឯង បែបដូចគ្នានឹងអ្វីដែលលោកថាក់ស៊ីនធ្លាប់បានធ្វើ ដើម្បីរង់ចាំវាយប្រហាររដ្ឋបាលរបស់លោកបៃដិន ទៀតផង៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ
#អរគុណសន្តិភាព