You are currently viewing ជប៉ុន​បន្ត​ជួយ​កម្ពុ​ជាជាង ២៣៤លាន​ដុល្លារ សម្រាប់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​បណ្តាលមកពី​កូ​វីដ-១៩

ជប៉ុន​បន្ត​ជួយ​កម្ពុ​ជាជាង ២៣៤លាន​ដុល្លារ សម្រាប់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​បណ្តាលមកពី​កូ​វីដ-១៩

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ជប៉ុន បាន​បន្ត​ផ្តល់ជំនួយ​ដល់​កម្ពុជា​សម្រាប់​ដោះស្រាយ និង​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​ឡើងវិញ​ចំនួន ២៥ពាន់​លាន​យ៉េន ស្មើនឹង​ប្រមាណ ២៣៤,៦លាន​ដុល្លារ​អាមេរិក ក្រោម​កម្មវិធី​គាំទ្រ​បន្ទាន់ ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ១៩នៅ​កម្ពុជា ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​ប្រចាំ​កម្ពុជា (JICA) ចេញផ្សាយ​នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការផ្តល់​ជំនួយ​នូវ​ចំនួន​ទឹកប្រាក់​ដ៏​សន្ធឹកសន្ធាប់​ដូចដែល​បាន​បង្ហាញជូន​ខាងលើនេះ គឺ​អនុវត្តតាម​កិច្ចព្រមព្រៀង ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Yuichi Sugano ប្រធានស្តីទី​នៃ​ទីភ្នាក់ងារ សហប្រតិបត្តិការ​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២។

រាជរដ្ឋាភិបាល​ជប៉ុន បាន និង​កំពុងផ្តល់​ឥណទាន​សម្បទា​ន​សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ Covid-19  ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់​ស្ថេរភាព​សេដ្ឋកិច្ច និង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍ផ្សេងៗរបស់​របស់​រដ្ឋាភិបាល​កម្ពុជា រួមមាន ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល កម្មវិធី​ជំនួយ​សង្គម បណ្តាញ​ភស្តុភា​រកម្ម ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដែល​បាន​រង​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ Covid-19 ។

ក្នុងនាម​ជា​ដៃគូរ​អភិវឌ្ឍន៍ JICA តែងតែ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​រួម ដើម្បី​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​បន្ត​រួម​ដៃ​ជាមួយ​ប្រទេស​កម្ពុជា​ប្រយុទ្ធ​ទៅនឹង​ជំងឺ Covid-19 ។ ក្នុង​បរិបទ​នេះ JICA បាន និង​កំពុង​ជួយ​គាំទ្រ​កែលម្អ​អគារ​មន្ទីរពេទ្យ និង​បំពាក់​បរិក្ខារ​ពេទ្យ​ថ្មី​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង និង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ផ្តល់​សម្ភារ​អនាម័យ ដល់​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន បំពាក់​ម៉ា​ស៉ី​ន​ទែ​ម៉ូ​ម៉ែត្រ​វាស់​កម្តៅ និង​ផ្តល់​សម្ភារ​មួយចំនួន​ដល់​រថយន្តក្រុង​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ។

ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​ប្រចាំ​កម្ពុជា JICA បាន​កំពុង​អនុវត្តន៍​គម្រោង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​ដែល​កំពុង​បម្រើការ​ក្នុង​វិស័យ​សុខាភិបាល តាមរយៈ​ការបញ្ជូន​ជំនាញការ​មក​ប្រទេស​កម្ពុជា និង​រៀបចំ​ការបណ្តុះបណ្តាល​ដ​ល់ម​ន្ត្រី​ជំនាញ​កម្ពុជា​បន្ថែម​ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply