You are currently viewing ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ក្រោយ​ទឹកជំនន់ ចំនួន៦៩៤គ្រួសារ ក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា។

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ក្រោយ​ទឹកជំនន់ ចំនួន៦៩៤គ្រួសារ ក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា។

កំពង់ធំ ៖  ដើម្បី​ជួយ​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ក្រោយ​ទឹកជំនន់ នៅ​ថ្ងៃ ពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ  សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំង​សហការី ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន ចាស់​ឥត​ទីពឹង ស្ត្រី​មេម៉ាយ ជន​មាន​ពិការភាព និង​អ្នក​ផ្ទុកមេរោគ​អេដស៍​ចំនួន ៦៩៤គ្រួសារ រស់នៅក្នុង​ភូមិ​ចំនួន៥ ឃុំ​ផាត់​សណ្តាយ នៃ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។

មានមតិ​ស្វាគមន៍​នាពេលនោះ ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ ដល់​គណៈប្រតិភូ​កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែល​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត។ ទន្ទឹមនឹងនេះ ឯកឧត្តម បាន​ស្នើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាពិសេស​ជៀសវាង​អំពើហិង្សា​ក្នុង​គ្រួសារ គ្រឿងញៀន គ្រឿង​ស្រវឹង ដើម្បី​ភាពសុខសាន្ត​ក្នុង​ក្រុមគ្រួសារ និង​ចូលរួម​ពង្រឹង​សាមគ្គីភាព​ជាតិ និង​រក្សាសុខ​សន្តិភាព​ឱ្យបាន​គង់វង្ស ព្រោះ​មាន​សន្តិភាព  ទេ​ី​ប​មាន​កំណើន​សេដ្ឋកិច្ចជាតិ និង​ការអភិវឌ្ឍ។

ក្នុងឱកាស​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​លោកជំទាវ​អគ្គលេខាធិការ បាន​ពាំ​នាំនូវ​ព្រះរាជបន្ទូល​ផ្តាំផ្ញើ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពីស​ម្តេច​ព្រះមហាក្សត្រី  នរោត្តម  មុនិនាថ  សីហនុ  ព្រះវររាជ​មាតា​ជាតិខ្មែរ  ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល និង​ជា​ព្រះប្រធាន​កិត្តិយស កាកបាទក្រហមកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ មនោសញ្ចេតនា ការ​នឹករលឹក អាណិត​ស្រឡាញ់ ការគិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាពិសេស​បញ្ហា សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា។

លោកជំទាវ​អគ្គលេខាធិការ បាន​ពាំនាំ​នូវ​សារ​អំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន  និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យមាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ពី​ជំងឺ​កូ​វីដ-១៩ កុំ​មានការ​ភ័យ​ស្លន់ស្លោ ថ្វីត្បិតតែ​មិនទាន់មាន​ថ្នាំ​ព្យាបាល​បាន ប៉ុន្តែ​យើង​អាច​ទប់ស្កាត់បាន តាមរយៈ​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ដែលជា​ពិសេស​ត្រូវអនុវត្ត  «រស់នៅ​ធម្មតា  តាមបែប​គន្លង​ថ្មី» ។ ក្នុងន័យនេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់ គិតគូរ​ពី​គម្លាត​សុវត្ថិភាព​សង្គម គម្លាត​សុវត្ថិភាព​បុគ្គល ពាក់​ម៉ាស់​ការពារ រក្សា​អនាម័យ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ ឬ អាល់កុល។ ជាមួយគ្នានេះ សូម​លើកទឹកចិត្ត​ដល់​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ត្រូវ​ទៅពិនិត្យ​ផ្ទៃពោះ​ឱ្យបាន៤ដង មុន ពេល​សម្រាល និង​ទៅធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ពី​ម្តាយ​ទៅ​កូន និង​ត្រូវ​ស្វែងរក​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​សម្រាល​កូន​ឱ្យបាន​ត្រឹមត្រូវ។

បន្ថែម​លើ​នេះដែរ លោកជំទាវ បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​គិតគូរ​ថែទាំ​សុខភាព ឱ្យបាន​ល្អ និង​ត្រូវ​រស់នៅ​ដោយមាន​អនាម័យ ពិសា​ទឹក​ដាំ​ឆ្អិន​ល្អ ប្រើប្រាស់​ទឹកស្អាត ដើម្បី​ជៀសផុត​ពី​ជំងឺផ្សេងៗ និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ដោយ​ការ​លង់ទឹក​ជាយថាហេតុ។

ក្នុងនោះ​ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​សម្រួល​ដល់ ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ កាកបាទក្រហមកម្ពុជា  បានរៀបចំ​ពិធី​ចែកចាយ​នៅ​ទីតាំង​ចំនួន២ផ្សេងគ្នា​គឺ ៖ទីតាំង​ទី១ ស្ថិតនៅក្នុង​បរិវេណ​វត្ត​កំពង់ចម្លង សម្រាប់​ប្រជាពលរដ្ឋ ចំនួន ១៧៨គ្រួសារ រស់នៅក្នុង​ភូមិ​ទួល​នាង​សាវ នៃ​ឃុំ​ផាត់ សណ្តាយ និង​ទី​តាំងទី២ ស្ថិតនៅក្នុង​សាលាបឋមសិក្សា​ផាត់ សណ្តាយ សម្រាប់​ប្រជាពលរដ្ឋ ៥១៦គ្រួសារ រស់នៅ​ភូមិ ទួល​នាង​សាវ កំពង់ចម្លង ផាត់​សណ្តាយ កោះ​តា​ពៅ នៃ​ឃុំ​ផាត់​សណ្តាយ។

សូមបញ្ជាក់ថា អំណោយ​អង្ករ​ដែល​ទទួល​ពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា និង​អំបិល​ពី​ក្រុមហ៊ុន​សុវណ្ណ​គិរី ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​រងគ្រោះនីមួយៗ ៖ អង្ករ ២៥ គីឡូក្រាម, អំបិល ២ គីឡូក្រាម និង​មី ១កេស, ត្រីខ ១០កំប៉ុង, ឃី​ត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) ជា​អំណោយ​កាកបាទក្រហមកម្ពុជា៕

#អរគុណសន្តិភាព

Leave a Reply