
បរទេស៖ កាលពីថ្ងៃម្សិលមិញ (ទី18 វិច្ឆិកា) ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ថា លោក ហ្វ្រានស៊ីស្កូ សាហ្គាស្ទី ប្រធានាធិបតីស្ដីទី ថ្មីក្រោយគេបំផុត បានចូលប្រារព្ធពិធីស្បថទទួលតំណែងហើយ។ ជាប្រធានាធិបតីប្រទេសប៉េរូ ទី៣ហើយ ក្នុងជុំតែ ១សប្ដាហ៍ប៉ុណ្ណោះ។

បន្ទាប់ពីលោក ម៉ាទីន វីស្ការ៉ា ត្រូវសភាដកសេចក្ដីទុកចិត្ត និងដកចេញពីតំណែងប្រធានាធិបតី ក្នុងបទចោទពីអំពើពុករលួយ ស៊ីសំណូក ដែលសាមីខ្លួនបានបដិសេធនោះ បានធ្វើឱ្យប្រជាជនចេញមកជួបប្រជុំគ្នាតវ៉ា ទូទាំងប្រទេស ធ្វើឱ្យមានអ្នកស្លាប់យ៉ាងតិច ២នាក់ និងមានអ្នករងរបួសជាច្រើននាក់។

តមក លោកម៉ានុយអែល មេរិណូ អតីតប្រធានសភា បានចូលមកកាន់តំណែងជំនួសលោក វីស្ការ៉ា តែស្ថិតនៅក្នុងអំណាចបានត្រឹមតែ ៥ថ្ងៃ ក៏ត្រូវប្រកាសលាឈប់ តាមអ្វីដែលបណ្ដាអ្នកតវ៉ា និងអ្នកនយោបាយ ទាមទារ ក្រោយពីក្រុមប៉ូលិស បានប្រើអំពើហិង្សាបំបែកការជួបជុំគ្នាជាច្រើនម៉ឺននាក់ ភាគច្រើនជាមនុស្សវ័យកំលោះក្រមុំ ដែលបានចេញមកតវ៉ាប្រឆាំងការដកលោកវីស្ការ៉ា ចេញពីតំណែង។ ក្រៅពីនេះ មានរដ្ឋមន្ត្រីចំនួន ១២រូប របស់រដ្ឋបាលលោក មេរីណូ បានលាឈប់ពីតំណែង ជាការតវ៉ានឹងការប្រើអំពើហិង្សារបស់ប៉ូលិសផងដែរ។

លោកប្រធានាធិបតីស្ដីទី សាហ្គាស្ទី ជាវិស្វករ និងជាអ្នកជំនាញការ អាយុ ៧៦ឆ្នាំ ជាសមាជិកមកពីគណបក្សនយោបាយតែម្នាក់គត់ ដែលបោះឆ្នោត ផ្ទុយនឹងមតិដកលោកវីស្ការ៉ាចេញពីតំណែង កាលពីសប្ដាហ៍កន្លងទៅ និងបានទទួលការជ្រើសតាំង បន្ទាប់ពីបានទទួលពិន្ទុទាបបំផុត ៦០សំឡេង ហើយនឹងគ្រងតំណែងនេះ រហូតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតីជាថ្មី នៅខែមេសា ឆ្នាំមុខ។
លោកសាហ្គាស្ទី បានថ្លែងនៅក្នុងសភា ដោយបានបញ្ជាក់ក្នុងនាមរដ្ឋ សូមអភ័យទោសចំពោះក្រុមគ្រួសារអ្នកស្លាប់ក្នុងអំឡុងការជួបប្រជុំតវ៉ា “យើងមិនអាចធ្វើឱ្យកំលោះក្រមុំទាំងនោះរស់ឡើងវិញបានទេ ដូច្នេះហើយទើប ចាំបាច់បំផុតក្នុងការត្រូវស្ងប់សតិអារម្មណ៍ តែកុំច្រឡំបល់ ជាមួយភាពព្រងើយកន្តើយ ភាពអ៊ឺអើតាមគេ ឬការលាឈប់…”

សម្រាប់ការតវ៉ាដកលោកវីស្ការ៉ា ចេញពីតំណែង ក្រៅពីអ្នកគាំទ្រ សាមីខ្លួន និងរបៀបវារៈការផ្លាស់ប្ដូររបស់លោកហើយ អ្នកដទៃ ថែមទាំងមានអារម្មណ៍ធុញទ្រាន់នឹងសមាជិកសភា និងមើលឃើញថា ជាការធ្វើរដ្ឋប្រហាររដ្ឋសភា ក្រោមការឆ្លងរាលដាលរបស់ជំងឺកូវីដ-១៩ និងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ដោយមានចំនួនអ្នកឆ្លងមេរោគជិត ៩៣៥ ០០០នាក់ ស្លាប់ច្រើនជាង ៣៥ ០០០នាក់ និងមានអត្រាកាស្លាប់ ក្នុងចំនួនប្រជាជន ១០០ ០០០នាក់ ខ្ពស់ស្ថិតក្នុងលំដាប់លេខ៣ ក្នុងពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស
#អរគុណសន្តិភាព