បរទេស៖ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ពីក្រសែរិះគន់ លោកប្រធានាធិបតី ដូណាល់ ត្រាំ មេដឹកនាំសហរដ្ឋអាមេរិក យ៉ាងទូលំទូលាយ អំពីបញ្ជាឱ្យដកទាហានអាមេរិកាំង ចេញពីប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ឱ្យវិលត្រឡប់មកមាតុភូមិវិញបន្ថែមទៀតយ៉ាងប្រញាប់ប្រញាល់ ដែលធ្វើឱ្យកងកម្លាំងយោធាអាមេរិកាំង នៅក្នុងសមរភូមិទាំង២ ស្ថិតក្នុងកម្រិតទាបបំផុត ក្នុងជុំ ២០ឆ្នាំកន្លងមកនេះ។
សកម្មភាពនេះ ធ្វើឱ្យពួកសម្ព័ន្ធមិត្ត នាំគ្នារិះគន់ មិនលើកលែង សូម្បីតែលោក មិតឆ៍ មែកខន់នេល ប្រធានសមាជិកព្រឹទ្ធសភា ខាងសំឡេងភាគច្រើន មកពីគណបក្សរីផាប្ល៊ីកាន់ដូចគ្នានឹងលោកត្រាំ បានដាស់តឿនឱ្យលោកប្រធានាធិបតីត្រាំ បញ្ឈប់ទង្វើបច្ចុប្បន្នជាប្រញាប់ ក្នុងអំឡុងដំណាក់កាលចុងក្រោយ នៃការគ្រងតំណែង។
លោក គ្រីស មីលលើរ រដ្ឋមន្ត្រីស្ដីទីនៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានថ្លែងថា នឹងដកទាហានអាមេរិកាំងចំនួន ២ ០០០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន និង ៥០០នាក់ទៀត ចេញពីប្រទេសអ៊ីរ៉ាក់ នៅថ្ងៃទី១៥ មករា ឆ្នាំក្រោយ ដោយអាងថា ផែនការទាំងនេះ មានមកយូរហើយ និងមិនមែនជាការសម្រេចចិត្តយ៉ាងប្រញាប់ប្រញាល់នោះទេ។
ចំណែកលោក យេនស៍ ស្តូលធឹនប៊ើក លេខាធិការអង្គការសន្ធិសញ្ញាការពារអាត្លង់ទិកខាងជើង ឬណាតូ បានព្រមានថា ប្រទេសអាហ្វហ្គានីស្ថាន អាចនឹងវិលត្រឡប់ឆ្ពោះទៅរកឋានៈ ជាកន្លែងលាក់ខ្លួនរបស់ក្រុមភេរវកម្ម ហើយសហរដ្ឋអាមេរិកអាចនឹងបាត់បង់វិវឌ្ឍនាការគ្រប់យ៉ាង ដែលខំតស៊ូមកទាំងប៉ុន្មាន។
ចំណែកនៅអ៊ីរ៉ាក់វិញ តំបន់ Green zone ត្រូវបានវាយប្រហារយ៉ាងឆាប់រហ័សដោយកាំជ្រួច ដែលរដ្ឋបាលលោកត្រាំបានប្រកាសព័ត៌មានថា គ្មានអ្នករងរបួស ឬស្លាប់នោះទេ តែអាជ្ញាយោធាសហរដ្ឋអាមេរិក នៅក្នុងទីតាំងនោះ បានសម្ដែងក្ដីកង្វល់ថា អាចនឹងកើតមានគ្រោះថ្នាក់ចំពោះបុគ្គលដែលនៅសេសសល់ ហើយសហរដ្ឋអាមេរិក អាចនឹងបញ្ចប់ ដោយការបរាជ័យក្នុងសង្គ្រាមដ៏យូរអង្វែងមួយនេះ៕
ចុចអាន៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិកប្រកាស ដល់ពេលត្រូវដកកងទ័ពត្រឡប់មកប្រទេសវិញហើយ!
ប្រភព៖ សារព័ត៌មានបរទេស
#អរគុណសន្តិភាព