You are currently viewing ការសាងសង់​អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្មី សម្រេចបាន៩៥ភាគរយ

ការសាងសង់​អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្មី សម្រេចបាន៩៥ភាគរយ

ភ្នំពេញ៖ ការសាងសង់​អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្មី សម្រេចបាន​ស្ទើរតែ​ទ១០០ភាគរយ​ហើយ ដែល​គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុងពេលឆាប់ៗខាងមុខនេះ។

នេះ​បើតាម​ការ​អោយដឹងពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​អគារ​ទីស្តីការក្រសួង​ថ្មី ដែលមាន​ទីតាំង​ឋិត​នៅ​ផ្លូវ​លេខ៥៩៨ សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (ផ្លូវ​ឯកឧត្តម​ជា សុផារ៉ា)កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០  ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ក្រសួង​ផងដែរ។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា មកដល់ពេលនេះ ការសាងសង់​សម្រេចបាន​ស្ទើរតែ​ទាំងស្រុង ពោលគឺ ៩៥%ហើយ នៅតែ​ការងារ​សេសសល់​មួយចំនួន​ប៉ុណ្ណោះ ដូចជា៖ ការសម្អាត​បរិវេណ​អគារ ការតុបតែង​ខាងក្នុង​អគារ ការដាំ​ស្មៅ​ក្នុង​សួន​បង្កើន​សោភ័ណភាព ការដាំ​ដើមឈើ និង​ការ​ក្រាល​កៅស៊ូ​បេតុង​ផ្លូវ​ចេញ-ចូល​ជាដើម។

ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​គណៈកម្មការ​ទទួលបន្ទុក​ការងារ​សាងសង់ ធ្វើការ​កែសម្រួល​ចំណុច​ខ្វះខាត​មួយចំនួន​នៅ​ខាងក្រៅ ក៏ដូចជា​ផ្ទៃ​ខាងក្នុង​អគារ ដើម្បី​បង្កើន​គុណភាព និង​លើកកម្ពស់​សោភ័ណភាព​អគារ​ឱ្យ​កាន់តែ​ល្អប្រសើរ សំដៅ​ធ្វើយ៉ាងណា​សម្រួល​ដល់​ការបំពេញ​ការងារ​រប​ស់​មន្ត្រីរាជការ​ប្រកប​ដោយ​ផាសុកភាព ហើយ​អគារ​នេះ​គ្រោង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុងពេលឆាប់ៗ ក្រោយ​គោរព​ស្នើសុំ​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្មី​នេះ ត្រូវបាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃអាទិត្យ ៨រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ក្រោម​អធិបតីភាព ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយ​គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ដំណាច់ឆ្នាំ២០២០ខាងមុខនេះ។

បន្ទាប់ពី​ការអញ្ជើញ​ចុះ​ពិនិត្យ​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​អគារ​ទាំងមូល ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ទទួលបន្ទុក​ការងារ​សាងសង់ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង ដើម្បី​ដោះស្រាយ​សំណូមពរ ក៏ដូចជា​បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ​ក្នុង​ដំណើរការ​សាងសង់ សំដៅ​ព​ន្លឿ​ន​ការងារ​សាងសង់​ឱ្យបាន​ចប់សព្វគ្រប់​តាម​ផែន​ការដែល​បានគ្រោង​ទុក៕

 

Leave a Reply