You are currently viewing ដក​ទាហាន​អាមេរិកាំង?

ដក​ទាហាន​អាមេរិកាំង?

អាមេរិកាំង៖ ផែនការ​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ប្រុង​ដក​ទាហាន​អាមេរិកាំង​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​រឹតតែ​ដុត​បញ្ឆេះ​រលក​នៃ​ភាព​ធ្ងន់ធ្ងរ​ឡើង​ថែមទៀត ព្រោះ​នឹងធ្វើ​ឱ្យ​ក្រុម​ឧទ្ទាម​ក្បាលរឹង “តា​លី​បង់” កាន់តែ​គឃ្លើន​ខ្លាំង​ឡើង។

តែ​ក៏​នឹងមាន​វិធានការថ្មីៗទៀត កើតចេញពី​អនាគត​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក លោក​ចូ បៃ​ដិ​ន ដែល​អាច​នឹង​ទាញ​បញ្ឈប់​ក្ដី​ព្យាយាម​របស់​តា​លី​បង់ ដែល​សង្ឃឹម​គ្រង​អំណាច​នោះបាន។

សកម្មភាព​ថ្មី​ចុងក្រោយ​បំផុត ក៏​គឺ ទាហាន​អាមេរិកាំង ចំនួន ២ ០០០នាក់ នឹងត្រូវ​ដកចេញ​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ថ្ងៃទី១៥ មករា ឆ្នាំក្រោយ ដែល​ក៏​នៅសល់​មិន​ដល់ ១សប្ដាហ៍ តម​កទៀត អនាគត​ប្រធានាធិបតី​ថ្មី របស់​សហរដ្ឋអាមេរិក នឹង​ស្បថ​ចូលកាន់​តំណែង នៅ​ថ្ងៃទី២០ ខែ-ឆ្នាំ​ដូចគ្នា តែ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​នឹង​នៅសល់​ទាហាន​អាមេរិកាំង តែ ២ ៥០០នាក់​ប៉ុណ្ណោះ។

ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក ជា​អ្នក​បង្ហើប​ឱ្យដឹង​អំពី​ផែនការ​នេះ​កាលពី​សប្ដាហ៍​មុន ក្រោយពី​លោក​ប្រធានាធិបតី ត្រាំ បាន​សន្យាថា នឹង​បញ្ចប់សង្គ្រាម​ដែល​សម្លាប់​ជីវិត​ទាហាន​អាមេរិកាំង អស់​ជាង ២ ៥០០នាក់ និង​ថែមទាំង​បាត់បង់​ថវិកា​អស់ ១លាន​លាន​ដុល្លារ​មួយ​នេះ។

លោក និ​ឈែ​ងក៍ ម៉ត់​វ៉ា​នី អគ្គនាយករង​អង្គភាព​វិភាគ និង​វាយតម្លៃ​ស្ថានការណ៍​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ប្រាប់ថា ក្ដីសង្ឃឹម ដែលថា​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក ក្រោម​ការដឹកនាំ​របស់​លោក ចូ បៃ​ដិ​ន ប្រហែលជា​មិន​ប្រញាប់ប្រញាល់​ដកខ្លួន​ចេញ​នោះ ប្រហែលជា​នឹង​សាង​សម្ពាធ​យ៉ាង​ធ្ងន់​មួយ ទៅលើ​ក្រុម​ឧទ្ទាម​តា​លី​បង់។ សូមបញ្ជាក់ថា ការដក​ទាហាន​អាមេរិកាំង មិនបាន​ជួយ​ឱ្យ​លោក​ប្រធានាធិបតី អាច​រ៉ា​ហ្វ ហ្គា​នី បានទទួល​អ្វី​ច្រើន​នោះទេ ជាពិសេស ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន ព្រោះ​ក្រុម​តា​លី​បង់ ដឹងថា រង់ចាំ​ឱ្យ​សហរដ្ឋអាមេរិក​ថយ​ចេញទៅ​ហើយ ពួកគេ​ក៏​នឹង​ឈានឡើង​ឆ្ពោះទៅរក​អំណាច​តែម្ដង។

ចំណែក​លោកស្រី វែ​ន​ដា ហ្វេ​លបាប-ប្រោ​ន នៃ​ស្ថាប័ន​ប្រ៊ុ​ក​ឃី​ង បាន​ប្រាប់ថា ទាហាន​អាមេរិកាំង ដែល​នៅសល់ ២ ៥០០នាក់ ក្នុង​ខែមករា ឆ្នាំក្រោយ​នោះ  បើ​សហរដ្ឋអាមេរិក​ត្រូវការ​នៅ​បន្ត ២-៣ខែ​ទៀត​នោះ ក្រុម​តា​លី​បង់​ក៏​នឹង​ចាំ​ត្របាក់​លេប​មិន​ខាន តែ​ការងារ​លំបាក អាច​នឹង​កើតឡើង បើសិន​មេដឹកនាំ​សហរដ្ឋអាមេរិក​ថ្មី លោក​ចូ បៃ​ដិ​ន ជ្រើសរើស​ក្នុង​ការឱ្យ​ទាហាន​អាមេរិកាំង នៅ​បន្តទៀត​នោះ ក្រោយ​ខែឧសភា ឆ្នាំក្រោយ អាច​និយាយថា បើ​សហរដ្ឋអាមេរិក សុំ​នៅ​ត​ទៀត ៥ឆ្នាំ​នោះ ប្រហែលជា​មិន​សប្បាយខ្លួន​ទេ​សម្រាប់​តា​លី​បង់។

ខណៈដែល​លោក អាត់​តា នូ​រី អ្នកវិភាគ​នយោបាយ​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រាប់ថា មិន​ថា​ជា​លោក​ត្រាំ ដែល​កំពុង​ផុត​អាណត្តិ ឬ​លោក​បៃ​ដិ​ន ដែល​នឹង​ឡើង​ថ្មី​នោះទេ វា​នៅតែមាន​ផលប៉ះពាល់​ដល់​សមរភូមិ​ប្រយុទ្ធ​នៅក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន តែ​ក៏​ប្រហែលជា​មិនមែនជា​ការទទួលខុសត្រូវ របស់​សហរដ្ឋអាមេរិក​ដែរ ព្រោះ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​នេះ មិនមែន​បញ្ចប់​ត្រឹមតែ​នៅក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះទេ។

លោក​អគ្គនាយករង ម៉ត់​វ៉ា​នី បាន​ប្រាប់ទៀតថា តាមផ្លូវ​ប្រតិបត្តិ​វិញ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ត្រូវ​ការរក្សា​កងកម្លាំង​ទុក តែ​មិនមែន​កងកម្លាំង​ខ្នាត​ធំ​នោះទេ ជា​កម្លាំង​កង​ទាហាន​ខ្នាតតូច តែ​ជា​កម្លាំង​ទាហាន​ប្រយុទ្ធ និង​ការងារ​ផ្នែក​ព័ត៌មាន​សម្ងាត់។

ភាព​ធ្ងន់ធ្ងរ នៅតែ​កើតមាន​ឡើងជា​បន្តបន្ទាប់ ក្នុងអំឡុង​ច្រើន​ខែ​កន្លងមក ទោះជា​រដ្ឋបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ជាមួយ​ក្រុម​តា​លី​បង់ បាន​ចរចា​សន្តិភាព​គ្នា នៅឯ​ប្រទេស​កាតា កាលពី​ថ្ងៃ១២ កញ្ញា​កន្លងទៅ​ក៏ដោយ តែ​ក្រុម​តា​លី​បង់​ក៏​នៅតែ​បើកឆាក​វាយលុក​ជាប​ន្ត​បន្ទាប់ គោលដៅ​គឺ ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ទូទាំងប្រទេស និង​ថែមទាំង​ត្រូវ​រង​ការ​រិះគន់ថា នៅ​ពីក្រោយ​ការវាយប្រហារ​ស្ថាប័ន​ការសិក្សា​នៅក្នុង​ទីក្រុង​កា​ប៊ូល ដែល​ធ្វើឱ្យ​និស្សិត​ជាច្រើន​សិប​នាក់​បាន​ស្លាប់។ ក្រៅពីនោះ ក៏​នៅមាន​ការបាញ់​កម្ទេច​ទីក្រុង​កា​ប៊ូល កាលពី​ថ្ងៃ​សៅរ៍ ទី២១ វិច្ឆិកា កន្លងទៅថ្មីៗ ដែល​ធ្វើឱ្យមាន​មនុស្ស​ស្លាប់ ៨នាក់ និង​រងរបួស ៣១នាក់​ទៀតផង។

តែ​មិនមែន​មានតែ​ហេតុការណ៍​បង្ហូរឈាម​ប៉ុណ្ណោះ​ទេ ដែល​អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន​ព្រួយបារម្ភ​នោះ តែ​វា​ថែមទាំង​នាំ​ឆ្ពោះទៅរក​គោលជំហរ​រប​ស់​ក្រុម​តា​លី​បង់ នៅលើ​តុ​ចរចា​ក្នុង​ទីក្រុង​ដូ​ហា ដោយ​ការចរចា​សន្តិភាព នៅតែ​រអាក់រអួល​ជាច្រើន​សប្ដាហ៍​ទៀតផង។ លោក​អគ្គនាយករង ម៉ត់​វ៉ា​នី បាន​ប្រាប់ថា ក្រុម​តា​លី​បង់ ដឹងថា អាមេរិក នឹង​ដក​កម្លាំង​ទាហាន​ចេញ នៅសល់តែ​សម្ព័ន្ធមិត្ត ដែល​ត្រូវ​ឡោម​ព័ន្ធ និង​ទន់ជ្រាយ​ប៉ុណ្ណោះ និង​ថែមទាំង​មាន​ចំណុចខ្សោយ​ខាង​ជម្រើស​ផ្នែក​នយោបាយ និង​យោធា​ទៀតផង។

អ្នកតំណាង​ចរចា​ម្នាក់ របស់​រដ្ឋបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រាប់ថា មេដឹកនាំ​សហរដ្ឋអាមេរិក ប្រញាប់​ដក​ទាហាន​លឿន​ពេក ទើប​រឹតតែ​ធ្វើឱ្យមាន​អារម្មណ៍ថ្មីៗចំពោះ​ការចរចា​សន្តិភាព ជាពិសេស​ជាមួយ​ភាគី​តា​លី​បង់ ដែល​គិតថា ពិភពលោក​កំពុង​បោះបង់ចោល​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​រឿង​នោះ អាចជា​ហេតុផល​សំខាន់ ដែល​យើង​មិនបាន​មើលឃើញ ការសម្រុះសម្រួល​ពី​ភាគី​តា​លី​បង់ ទាំង​ដែល​តា​លី​បង់ ជា​អ្នក​ចាប់ផ្ដើម​ការចរចា​សន្តិ​ភាព ក្រោយពី​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ក្រុង​វ៉ាស៊ីនតោន កាលពី​ខែកុម្ភៈ កន្លងទៅ ដើម្បី​ក្រាលផ្លូវ​ឆ្ពោះទៅរក​ការដក​កង​ទាហាន​បរទេស​ទាំងអស់ ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងអំឡុង​ខែឧសភា ឆ្នាំក្រោយ។

ផ្ទុយទៅវិញ ក្រុម​តា​លី​បង់ បាន​សន្យាថា នឹងមិន​វាយប្រហារ​ទាហាន​អាមេរិកាំង និង​ថែមទាំង​នឹង​ហាមប្រាម​ក្រុម​ឧទ្ទាម​ក្បាលរឹង អាល់​កៃ​ដា និង​អៃ​អេស មិន​ឱ្យធ្វើ​ប្រតិបត្តិការ​នៅក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៀតផង។

ខណៈដែល​រដ្ឋបាល​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ផ្ញើ​សេចក្ដីសង្ឃឹម​នៅលើ​អនាគត​ប្រធានាធិបតី ចូ បៃ​ដិ​ន តែ​ក្រុម​តា​លី​បង់​បានបញ្ជាក់​ច្បាស់​ថា ឱ្យ​មេដឹកនាំ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន ធ្វើតាម​អ្វីដែល​បាន​សន្យា​ឱ្យ​ចប់សព្វគ្រប់ ព្រោះ​នោះ​គឺ យន្តការ​ដែលមាន​ប្រសិទ្ធភាព និង​សម​ហេតុ​សម​ផល​បំផុត ក្នុង​អ្វីដែល​នឹង​បញ្ចប់ទំនាស់​ទាំងឡាយ​ទាំងពួង​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព

Leave a Reply