You are currently viewing ក្រសួងសុខាភិបាល៖ រកឃើញ​ករណី​កូ​វីដ-១៩ថ្មី ៣នាក់ តែ​មិន​ជាប់​ពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍ «សហគមន៍២៨ខែវិច្ឆិកា»

ក្រសួងសុខាភិបាល៖ រកឃើញ​ករណី​កូ​វីដ-១៩ថ្មី ៣នាក់ តែ​មិន​ជាប់​ពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍ «សហគមន៍២៨ខែវិច្ឆិកា»

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​ចំនួន ៣នាក់ ដែលជា​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស មិនមាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «សហគមន៍២៨ខែវិច្ឆិកា» នោះឡើយ។

អ្នកដំណើរ​មកពី​ក្រៅប្រទេស ដែល​រកឃើញ​ឆ្លង​កូ​វីដ-១៩ ទាំង៣នាក់​នេះ​រួមមាន៖

១៖ បុរស​ជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ដងទង់ ខេត្តកំពត ធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី ២ នៅ​ថ្ងៃទី១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុរស​នេះ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខ ភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ។

២៖ បុរស​ជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ខេត្តកណ្ដាល ធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក លើក​ទី២ នៅ​ថ្ងៃទី១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុរស​នេះ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់ អង្រែ រាជធានី​ភ្នំពេញ។

សូម​កត់សម្គាល់ថា៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៥០នាក់​ដែល​នៅក្នុង​ចំនួន​នេះ មាន​បុគ្គល​ពីរ​នាក់​ខាងលើនេះ​ផងដែរ។ រីឯ អ្នកដំណើរ​ចំនួន៤៨នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន១៤ថ្ងៃ នៅ​មណ្ឌល​ទ័ពអាកាស ចំនួន៣៦នាក់ និង នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន១២នាក់ ។

៣៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៥ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ទឹកឈូ ខេត្តកំពត ធ្វើដំណើរ​មកពី​ប្រទេស​ចិន មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី២ នៅ​ថ្ងៃទី១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ស្ត្រី​នេះ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ហើយ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ។

គួរបញ្ជាក់​ផងដែរ​ថា គិត​ត្រឹម​ម៉ោង ០៧៖០០ព្រឹក​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ នៅ​កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប ៣២៩នាក់ (ស្រី ៧៤នាក់ និង​បុរស ២៥៥នាក់) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន ៣០៤នាក់ និង អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ២៥នាក់៕

#អរគុណសន្តិភាព

Leave a Reply