បរទេស៖ Moderna និង Pfizer Ink-BioNtech កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ក្នុងការបង្ហាញខ្លួន ដើម្បីប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងអឺរ៉ុប ដោយម្នាក់ៗ បានដាក់ពាក្យសុំអនុញ្ញាត ពីគណៈអ្នកគ្រប់គ្រងរបៀបរបបច្បាប់ សម្រាប់ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ពួកគេ នៅក្នុង EU(សហភាពអឺរ៉ុប) រួចរាល់ហើយ កាលពីថ្ងៃអង្គារ (ទី១ ធ្នូ) តែយ៉ាងណាក៏ដោយ នៅមិនទាន់ប្រាកដថា ពួកគេនឹងបានចាប់ផ្ដើមប្រើប្រាស់វ៉ាក់សាំងនេះ ឱ្យទាន់នៅក្នុងឆ្នាំនេះ ឬយ៉ាងណានៅឡើយ។
ការដាក់ពាក្យស្នើសុំការអនុម័ត ពីអង្គការឱសថនៃសហភាពអឺរ៉ុប (European Medicines Agency) បានធ្វើឡើង ១ថ្ងៃ ក្រោយពី ម៉ូឌើណា បានដាក់ពាក្យសុំប្រើប្រាស់វ៉ាក់សាំងរបស់ពួកគេ ក្នុងករណីអាសន្ននៅក្នុងសហរដ្ឋអាមេរិក និងបានធ្វើឡើង ជាង ១សប្ដាហ៍ ក្រោយពី ហ្វ៉ៃហ្ស៊ើរ និងបៃអូអ៊ែនថេក បានដំណើរការរឿងដូចគ្នានេះដែរ។
ហ្វ៉ៃហ្ស៊ើរ អ៊ិងក៍ អ្នកផលិតឱសថសញ្ជាតិអាមេរិក និងបៃអូអ៊ែនថេក នៃប្រទេសអាល្លឺម៉ង់ បានបង្ហើបឱ្យដឹងថា ពួកគេអាចចាប់ផ្ដើមប្រើការវ៉ាក់សាំងកូវីដ-១៩ នៅក្នុងសហភាពអឺរ៉ុប យ៉ាងលឿនបំផុត ក្នុងអំឡុងខែធ្នូ នេះ។ “យើងអាចផ្ទេរ-ប្រគល់ ក្នុងរយៈពេលតែមិនប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការអនុម័ត។
លោក Sierk Poetting ប្រធានផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ របស់បៃអូអ៊ែនថេក ថ្លែងថា “យើងកំពុងបង្កើនចំនួនស្តុក និងអាចចែកចាយបានមែនទែនភ្លាមៗ ក្នុងអំឡុងពេលតែមិនប៉ុន្មានម៉ោងប៉ុណ្ណោះ”
យ៉ាងណាក្ដី អង្គការឱសថនៃសហភាពអឺរ៉ុប បានពន្លត់ក្រសែនៃក្ដីសង្ឃឹម ពាក់ព័ន្ធនឹងកាលបរិច្ឆេទទាំងនោះ បន្ទាប់ប្រាប់ថា យ៉ាងលឿនបំផុត ពួកគេប្រហែលជាត្រូវពិនិត្យវ៉ាក់សាំងទាំងនោះឡើងវិញ ឱ្យរួចស្រេចបាច់ទាំងស្រុងក្នុងថ្ងៃទី២៩ ធ្នូ សម្រាប់វ៉ាក់សាំងរបស់ហ្វៃហ្ស៊ើរ និងថ្ងៃទី១២ មករា សម្រាប់វ៉ាក់សាំង របស់ម៉ូឌើណា ព្រមទាំងបានប្រាប់ទៀតថា តារាងពេលវេលានេះ អាចនឹងមានការផ្លាស់ប្ដូរអាស្រ័យលើកម្មវិធីការវាយតម្លៃ។
គណៈកម្មាធិការអឺរ៉ុប ដែលជាគណៈគ្រប់គ្រងរបស់ EU បានបញ្ជាក់ថា ពួកគេអាចនឹងអនុម័តដំណាក់កាលចុងក្រោយ សម្រាប់ការប្រើប្រាស់វ៉ាក់សាំង បានយ៉ាងឆាប់រហ័ស តែមិនប៉ុន្មានថ្ងៃ ក្រោយបានទទួលការណែនាំពីអង្គការឱសថនៃសហភាពអឺរ៉ុបរួច។
ប្រព័ន្ធប្រឆាំងជំងឺ ដែលមានប្រសិទ្ធភាព ត្រូវបានមើលឃើញថា ជាអាវុធចម្បង សម្រាប់ប្រយុទ្ធជាមួយជំងឺរាតត្បាតដ៏ធំ ដែលបានសម្លាប់ជីវិតមនុស្សទូទាំងពិភពលោក អស់រួចទៅហើយជាង ១,៤លាននាក់ និងបំផ្លាញសេដ្ឋកិច្ចទូទាំងពិភពលោកមួយនេះ ដោយក្នុងពេលបច្ចុប្បន្ននេះ មានវ៉ាក់សាំងប្រហែលជិត ៥០ប្រភេទ ដែលកំពុងស្ថិតក្នុងការសាកល្បង ជាមួយនឹងក្រុមអ្នកស្ម័គ្រចិត្តទូទាំងពិភពលោក។
ទាំងម៉ូឌើណា និងហ្វៃហ្ស៊ើរ អ៊ិងក៍-បៃអូអ៊ែនថេក បានរាយការណ៍ពីលទ្ធផលបឋម ក្នុងការសាកល្បងខាងគ្លីនិក(ព្យាបាល) របស់វ៉ាក់សាំងរបស់ពួកគេ ដែលសុទ្ធតែប្រើតិចណូឡូជី mRNA និងបានរកឃើញថា វ៉ាក់សាំងរបស់ពួកគេ មានប្រសិទ្ធភាព ខ្ពស់ជាង ៩០% ដែលអាចនិយាយបានថា ជាអត្រាដែលខ្ពស់ លើសពីការរំពឹងទុក។
ហ្វ៉ៃហ្ស៊ើរ និងបៃអូអ៊ែនថេក បានរាយការណ៍ពីលទ្ធផលការសាកល្បងដំណាក់កាលចុងក្រោយ កាលពីថ្ងៃទី១៨ វិច្ឆិកា ដោយបានរកឃើញថា វ៉ាក់សាំងរបស់ពួកគេ ដែលមានឈ្មោះថា BNT162b2 មានប្រសិទ្ធភាព ក្នុងការការពារមេរោគកូវីដ-១៩ ក្នុងអត្រា ៩៥% និងគ្មានភាពកង្វល់ ក្នុងផ្នែកសុវត្ថិភាពធំៗណាមួយទាំងអស់។
ចំណែកម៉ូឌើណា អ៊ិងក៍ បានប្រាប់កាលពីថ្ងៃចន្ទ(ទី៣០ វិច្ឆិកា) ថា លទ្ធផលនៃការសិក្សាដំណាក់កាលចុងក្រោយដែលពេញលេញ បានរកឃើញថា វ៉ាក់សាំងរបស់ពួកគេ mRNA-1273 មានប្រសិទ្ធភាព ៩៤% និងគ្មានក្ដីកង្វល់ផ្នែកសុវត្ថិភាពធ្ងន់ធ្ងរដូចគ្នា។
ការផ្ដល់ភ្លើងបៃតងណាមួយ នៅក្នុង EU និងសហរដ្ឋអាមេរិក សម្រាប់វ៉ាក់សាំងកូវីដ-១៩ ទាំង ២ម៉ាកនេះ គឺនឹងស្ថិតក្រោមលក្ខខណ្ឌ ឬសម្រាប់ប្រើប្រាស់តែក្នុងករណីអាសន្នតែប៉ុណ្ណោះ នោះគឺមានន័យថា បណ្ដាអ្នកអភិវឌ្ឍន៍វ៉ាក់សាំងទាំងអស់ មានតួនាទី ត្រូវតែដំណើរការការសាកល្បងទៅមុខជាបន្តទៀត និងប្រគល់លទ្ធផលនៃការសាកល្បងបន្ថែម ភ្លាមៗ នៅពេលដែលវាបង្ហាញឡើង៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ
#អរគុណសន្តិភាព