បរទេស៖ អង់គ្លេស ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលអនុម័តការប្រើប្រាស់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុនផលិតឱសថ ហ្វ៉ៃហ្ស៊ើរ (Pfizer) និងបៃអូអ៊ែនថេក (BioNTech) កាលពីថ្ងៃទី២ ធ្នូ ម្សិលមិញ ដោយមានកំណត់ចែកចាយវ៉ាក់សាំងនេះ ទៅឱ្យប្រជាជន ២០លាននាក់ ចាប់តាំងពីអំឡុងដើមសប្ដាហ៍ក្រោយនេះតទៅ។
មនុស្សម្នាទូទាំងពិភពលោក ម្នាក់ៗសុទ្ធតែទន្ទឹង រង់ចាំវ៉ាក់សាំងមានប្រសិទ្ធភាព ដែលនឹងជួយឱ្យការដំណើរការជីវិតរស់នៅ វិលត្រឡប់ទៅរកសភាវប្រក្រតីឡើងវិញជាថ្មី ក្រោយការឆ្លងរាលដាលរបស់មេរោគកូវីដ-១៩ ក្នុងឆ្នាំនេះ ដែលបានបំផ្លាញសេដ្ឋកិច្ចពិភពលោកខ្ទេចខ្ទីយ៉ាប់យ៉ឺន និងសម្លាប់ជីវិតមនុស្សអស់ជាង ១,៥លាននាក់។
“ថ្ងៃនេះ រដ្ឋាភិបាល បានយល់ស្រប តាមការណែនាំ ពីទីភ្នាក់ងារគ្រប់គ្រងមើលការខុសត្រូវផ្នែកផលិតផលខាងសុខភាព និងថ្នាំ (Medicines and Healthcare products Regulatory Agency ឬ MHRA) និងបានធានារ៉ាប់រងការប្រើប្រាស់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ របស់ក្រុមហ៊ុន ហ្វ៉ៃហ្ស៊ើរ-បៃអូអ៊ែនថេក” រដ្ឋបាលអង់គ្លេស បានបញ្ជាក់បែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍។
“វ៉ាក់សាំង មួយនេះ នឹងត្រូវនាំយកមកចែកចាយទូទាំងសហរាជអាណាចក្រ ចាប់តាំងពីសប្ដាហ៍ក្រោយនេះតទៅ”
រដ្ឋបាលអង់គ្លេស បានធ្វើកិច្ចសន្យាបញ្ជាទិញវ៉ាក់សាំងនេះ ពីក្រុមហ៊ុន ហ្វ៉ៃហ្ស៊ើរ ចំនួន ៤០លានដូស ដែលល្មមគ្រប់គ្រាន់សម្រាប់ប្រជាជន ២០លាននាក់ ដោយគណៈកម្មការផ្នែកវ៉ាក់សាំង នឹងពិចារណាថា តើមនុស្សក្រុមណា ដែលចាំបាច់ត្រូវបានទទួលវ៉ាក់សាំងដំបូងគេ ឧទាហរណ៍ដូចជា អ្នកដែលស្នាក់នៅតាមមណ្ឌលជួយសង្គ្រោះផ្សេងៗ មន្ត្រីសុខភាពសាធារណៈ មនុស្សចាស់ ឬអ្នកដែលមានភាពប្រឈមខ្លាំងជាពិសេស ជាដើម។
វ៉ាក់សាំងរបស់ក្រុមហ៊ុនហ្វ៉ៃហ្ស៊ើរ-បៃអូអ៊ែនថេក និងវ៉ាក់សាំងពី “ម៉ូឌើណា” ក្រុមហ៊ុនផ្នែកតិចណូឡូជីសរីរាង្គរបស់សហរដ្ឋអាមេរិក សុទ្ធតែមានលទ្ធផលការសាកល្បង ដែលអះអាងពីប្រសិទ្ធភាព ក្នុងការការពារមេរោគកូវីដ-១៩ ខ្ពស់ជាង ៩០% ដោយទាំង ២ប្រភេទ សុទ្ធតែជាវ៉ាក់សាំងបែបកាត់តសារធាតុចម្លងពូជ ឬដែលហៅថា RNA (mRNA) ។
ក្រុមហ៊ុនហ្វ៉ៃហ្ស៊ើរ បានបញ្ជាក់ថា ការអនុម័តប្រើវ៉ាក់សាំង ជាករណីប្រញាប់បន្ទាន់ នៅក្នុងប្រទេសអង់គ្លេសនេះ ជាអំឡុងពេលដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។
លោក អាល់ប៊ើត ប៊ូឡារ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនហ្វ៉ៃហ្ស៊ើរ បានថ្លែងថា “ការធានារ៉ាប់រងនេះ គឺជាគោលដៅ ដែលពួកយើងគ្រប់គ្នា បាននឹករំពឹងទុករហូតមក ចាប់តាំងពីយើងចេញមកប្រកាសលើកដំបូងថា “វិទ្យាសាស្ត្រត្រូវតែឈ្នះ!” ហើយយើងសូមកោតសរសើរ MHRA ដែលបានត្រួតពិនិត្យវាយតម្លៃយ៉ាងល្អិតល្អន់ និងសម្រេចចិត្តដំណើរការយ៉ាងភ្លាមៗ ដើម្បីការពារពលរដ្ឋរបស់សហរាជអាណាចក្រ”
លោក មែតត៍ ហ៊ែនខុក រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស បានទទួលស្គាល់ថា “ជាដំណឹងល្អខ្លាំងណាស់” ព្រមទាំងបានប្រកាសថា គ្រោងការចែកវ៉ាក់សាំងកូវីដ-១៩ នឺងចាប់ផ្ដើមតាំងពីសប្ដាហ៍ក្រោយតទៅ ដោយមន្ទីរពេទ្យទូទាំងប្រទេសអង់គ្លេស បានត្រៀមខ្លួនរួចស្រេចហើយ ដើម្បីធ្វើការចាក់វ៉ាក់សាំងនេះជូនប្រជាជន៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និង BBC
#អរគុណសន្តិភាព