បរទេស៖ អាជ្ញាធរ បានប្រកាសបង្ក្រាបក្រុមកម្មករ ដែលនាំគ្នាធ្វើបាតុកម្មរាតត្បាត បង្កអំពើហិង្សា ប្លន់ និងវាយកម្ទេចរោងចក្រ iPhone មួយកន្លែង ដែលគ្រប់គ្រងដោយជនជាតិតៃវ៉ាន់ ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសឥណ្ឌា ដោយអះអាងថា ពួកគេមិនបានទទួលប្រាក់ឈ្នួលពលកម្ម និងត្រូវរឹបអូសយករបស់របររបស់ក្រុមហ៊ុនធ្វើជាសំណងនោះ ដោយមកដល់ពេលនេះ អាជ្ញាធរ បានចាប់ឃុំខ្លួន អ្នកបង្កភាពអសន្តិសុខនេះ បានប្រមាណជា ១០០នាក់ហើយ។
ក្រុមកម្មករ បានបង្កចលាចល នៅឯរោងចក្ររបស់ក្រុមហ៊ុន វីស្ត្រូន អ៊ីនហ្វ៉ូខម មេនូហ្វាក់ឈើរីង ជាយទីក្រុងបេងហ្គាឡូ មជ្ឈមណ្ឌលកណ្ដាល ខាង IT របស់ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ (ទី១២ធ្នូ)កន្លងមក ដោយបានបង្ហាញ ឃ្លីបវីដេអូហេតុការណ៍អំពើហិង្សា នៅលើបណ្ដាញសង្គមអនឡាញ ឃើញរូបភាពផ្ទាំងកញ្ចក់ ត្រូវបានវាយបំបែកដោយដំបងដែក និងរថយន្តជាច្រើនគ្រឿង ត្រូវបានក្រឡាប់ផ្អៀង។
ក្រៅពីនេះ នៅក្នុងឃ្លីបដែលពួកគេបានចែករំលែក នៅលើបណ្ដាញសង្គមអនឡាញនោះ ថែមទាំងបានមើលឃើញពីកាមេរ៉ាសុវត្ថិភាព កង្ហារ និងអំពូលភ្លើង ជាច្រើនត្រូវរងការខូចខាត និងមានរថយន្ត ១គ្រឿង ត្រូវបានដុតបំផ្លាញចោលទៀតផង។

សារព័ត៌មានក្នុងតំបន់ បានរាយការណ៍ថា ក្រុមកម្មករ មិនបានទទួលប្រាក់ឈ្នួលពលកម្មជាង ៤ខែមកហើយ និងថែមទាំងត្រូវបានបង្ខំឱ្យធ្វើការលើសម៉ោងទៀតផង។ “ពេលនេះស្ថានការណ៍ ស្ថិតក្រោមការគ្រប់គ្រងបានហើយ យើងកំពុងតែងតាំងក្រុមការងារពិសេសមួយឡើង ដើម្បីស៊ើបអង្កេតអំពីហេតុការណ៍នេះ” អាជ្ញាធរប៉ូលិសក្នុងតំបន់ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងថ្ងៃអាទិត្យ(ទី១៣ធ្នូ) ព្រមទាំងបញ្ជាក់ផងដែរថា មិនមានអ្នកណារងគ្រោះថ្នាក់ក្នុងហេតុការណ៍នោះទេ។
អភិបាលរដ្ឋ កៈរៈណាដាកៈ បានហៅហេតុការណ៍អំពើហិង្សាគ្រានេះថា “ព្រៃផ្សៃ” និងប្រាប់ថា រដ្ឋបាលរបស់លោក នឹងរិះរកវិធីធានារ៉ាប់រងថា ស្ថានការណ៍ នឹងធូរស្រាលឡើងវិញ យ៉ាងឆាប់រហ័ស។ លោកបានសរសេរនៅក្នុងប្រព័ន្ធធ្វីតធើរ កាលពីថ្ងៃសៅរ៍ ទី១២ធ្នូ ថា “យើងនឹងធានាថា សិទ្ធិរបស់កម្មករគ្រប់រូប នឹងបានទទួលការឃុំគ្រងយ៉ាងសមរម្យ ហើយពួកគេនឹងបានទទួលការជម្រះប្រាក់ឈ្នួលឱ្យទាំងអស់”
ចំណែកខាងការិយាល័យរបស់ក្រុមហ៊ុនវីស្ត្រូន នៅក្នុងតៃវ៉ាន់ បានថ្លែងអះអាងប្រាប់AFP ថា “ហេតុការណ៍នេះមានដើមហេតុមកពី បុគ្គលអនាមិកមកពីខាងក្រៅ ដែលសម្រុកចូលមក និងបង្កការខូចខាតទៅលើរោងចក្រ ក្នុងចេតនាដែលមិនប្រាកដច្បាស់” ព្រមទាំងបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ជាភាសាចិនថា “ខាងក្រុមហ៊ុន សន្យាថា នឹងប្រតិបត្តិតាមច្បាប់ពលកម្មក្នុងតំបន់ និងរបៀបកំណត់ដែលពាក់ព័ន្ធផ្សេងៗ ដើម្បីវិលត្រឡប់ទៅរកការប្រតិបត្តិការឡើងវិញ ឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន”
មេដឹកនាំសហជីពកម្មករក្នុងតំបន់ម្នាក់ បានថ្លែងអះអាងថា មានការស្វែងរកផលប្រយោជន៍ ដោយបានធ្វើបាបយ៉ាងទារុណ ទៅលើក្រុមបុគ្គលិករបស់រោងចក្រ ក្នុងសភាពបរិស្ថានក្នុងរោងចក្រនរកនោះ ដែលផលិត iPhone របស់ក្រុមហ៊ុនវីស្ត្រូន។ មេដឹកនាំសហជីពរូបនោះ បានថ្លែងថា “រដ្ឋបាលរបស់រដ្ឋ បណ្ដោយឱ្យក្រុមហ៊ុនល្មើសសិទ្ធិពលករកម្រិតមូលដ្ឋាន យ៉ាងធ្ងន់ធ្ងរ”
រោងចក្រមួយនេះ មានបុគ្គលិកប្រមាណជា ១៥ ០០០នាក់ តែភាគច្រើន ជាបុគ្គលិកដែលជួលមក តាមរយៈក្រុមហ៊ុនផ្ដល់ការងារមួយទៀត។
ស្ថានការណ៍អសន្តិសុខក្នុងវិស័យពលកម្ម បានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌា ដោយសារតែកម្មករនិយោជិតបានទទួលតម្លៃពលកម្មក្នុងកម្រិតទាប និងស្ទើរតែមិនបានទទួលសិទ្ធិប្រយោជន៍ផ្នែកសុវត្ថិភាពសង្គមអ្វីទាល់តែសោះ៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន AFP
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព