ចិន-រុស្ស៊ី៖ ទីភ្នាក់ងារស៊ីនហួ បានរាយការណ៍ កាលពីថ្ងៃទី១១ ធ្នូ ថា គ្រោងការកិច្ចសហការរួមគ្នា ផលិតយន្តហោះដឹកអ្នកដំណើរ ទទឹងខ្លួនធំទូលាយ ស៊េរី CR929 របស់ប្រទេសចិន និងរុស្ស៊ី កំពុងដំណើរការទៅមុខយ៉ាងរលូន ទោះជាពិភពលោកកំពុងប្រឈមនឹងការឆ្លងរាលដាលរបស់ជំងឺឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-១៩ យ៉ាងខ្លាំងក្លាក៏ដោយ ដោយមានគម្រោងនឹងផ្ទេរ-ប្រគល់យន្តហោះប្រភេទនោះ ប្រមាណជា ១ ០០០គ្រឿង ក្នុងចន្លោះឆ្នាំ២០២៣-២០២៤។
លោក ឆឹន អ៊ីងឈុន ប្រធានក្រុមអ្នករចនាម៉ូដប្រចាំគ្រោងការនេះ បានថ្លែងក្នុងអំឡុងកិច្ចប្រជុំកំពូលឧស្សាហកម្មការហោះហើរ និងអវកាសអន្តរជាតិ “ជើចៀង២០២០” ថា តម្រូវការយន្តហោះដឹកអ្នកដំណើរ ទទឹងខ្លួនធំទូលាយនៅក្នុងទីផ្សារពិភពលោក ស្ថិតក្នុងចំនួនប្រមាណជា ១០ ០០០គ្រឿង ក្នុងអំឡុងពេលនោះ ដោយអត្រាតម្រូវការ នឹងគ្រប់គ្រងក្នុងចំណែកច្រើនជាង ៥០ភាគរយ នៃអត្រាតម្រូវការរួម របស់យន្តហោះពាណិជ្ជកម្មដឹកអ្នកដំណើរទាំងអស់។

លោកឈឹន បានបង្ហើបឱ្យដឹងថា នៅពេលប្រៀបធៀបជាមួយ ARJ21និង C919 ជាយន្តហោះទាំង ២ប្រភេទ ដែលអភិវឌ្ឍដោយប្រទេសចិននោះ យន្តហោះស៊េរី CR929 នឹងមានផ្លូវដើរក្នុងយន្តហោះ២ និងមានរយៈកម្រិតការហោះហើរ វែងឆ្ងាយជាង ធ្វើឱ្យអាចផ្ដល់សេវាកម្មការហោះហើរ ឆ្លងមហាសមុទ្របាន និងថែមទាំងផលិតឡើង ពីវត្ថុធាតុដើមផ្សំ ជំនួសលោហៈភាគច្រើនទៀតផង។
ទាំងអស់នេះ កិច្ចប្រជុំនោះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃពុធ ទី៩ ធ្នូ នៅឯតំបន់ឧស្សាហកម្មថ្មី ឈៀនថាំង ហាងចូ ក្នុងហាងចួ ទីក្រុងឯក របស់មណ្ឌលជើចៀង ភាគខាងកើតរបស់ប្រទេសចិន៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ ទិទីតំតាតូ
#អរគុណសន្តិភាព