កូរ៉េខាងត្បូង៖ បង្ហាញរបាយការណ៍រកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ ប្រចាំថ្ងៃ ចំនួន ១ ០៣០នាក់ កាលពីថ្ងៃអាទិត្យ(ទី១៣ធ្នូ) បំបែកស្ថិតិខ្ពស់បំផុត ២ថ្ងៃជាប់ៗគ្នា ចាប់តាំងពីកើតមានការឆ្លងរាលដាលនៅក្នុងប្រទេស ខណៈដែលប្រទេសមួយនេះ ធ្លាប់ទទួលបានជោគជ័យក្នុងការគ្រប់គ្រងមេរោគវីរុសមរណៈនេះក្នុងអំឡុងពេលឆ្លងរាលដាលដំបូងៗ តែពេលនេះកំពុងប្រឈមនឹងភាពធ្ងន់ធ្ងរ នៃការឆ្លងរាលដាលរលកទី។
ក្នុងចំនួនអ្នកឆ្លងមេរោគថ្មីទាំងនោះ មាន ១ ០០២នាក់ ជាការឆ្លងមេរោគកម្រិតសហគមន៍ ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគសរុប កើនឡើងដល់ចំនួន ៤២ ៧៦៦នាក់។ នេះបើតាមទិន្នន័យរបស់ទីភ្នាក់ងារគ្រប់គ្រង និងការពាររោគ នៃប្រទេសកូរ៉េខាងត្បូង។

លោកនាយករដ្ឋមន្ត្រី ឈុង សេយុន នៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍(ទី១២ធ្នូ) បានប្រាប់ថា ការលើកកម្ពស់ខកំណត់ខាងការរក្សាគម្លាតពីគ្នាខាងសង្គម ឱ្យដល់កម្រិតខ្ពស់បំផុតនោះ ប្រហែលជារឿងមួយដែលមិនអាចចៀសផុតឡើយ បើសិនជាមេរោគវីរុស នៅតែឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរ ហើយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលំដាប់ទី៤ របស់អាស៊ីមួយនេះ អាចនឹងចាំបាច់ត្រូវឈានចូលឆ្ពោះទៅរកការបិទទីក្រុងជាលើកដំបូង ក្នុងពេលឆាប់ៗនេះជាមិនខាន។
កូរ៉េខាងត្បូង បានទទួលការកោតសរសើរ ពីភាពជោគជ័យរបស់ពួកគេក្នុងអំឡុងពេលដំបូងៗ លើការគ្រប់គ្រងវីរុស ដោយប្រាសចាកការបិទទីក្រុង និងពឹងអាស្រ័យលើវិធានការតាមដានអ្នកប៉ះពាល់ជិតស្និទ្ធ និងការពិនិត្យរកមេរោគ ចាប់តាំងពីប្រទេសមួយនេះ បានអះអាងរកឃើញអ្នកឆ្លងមេរោគដំបូងគេកាលពីខែមករា ដើមឆ្នាំ។
តែ កាលពីថ្ងៃសៅរ៍(ទី១២ធ្នូ) កូរ៉េខាងត្បូង ដែលបានរាយការណ៍ពីការរកឃើញអ្នកឆ្លងមេរោគថ្មី ចំនួន ៩៥០នាក់ បានជំរុញឱ្យលោកប្រធានាធិបតី មូន ជេអ៊ីន ចេញបញ្ជាឱ្យប្រមូលកម្លាំងប៉ូលិស ទាហាន និងមន្ត្រីសុខាភិបាល ដើម្បីធ្វើការព្យាយាមទប់ស្កាត់ ការឆ្លងរាលដាលរបស់មេរោគវីរុស ដែលលោកហៅថា ជា “ស្ថានការណ៍អាសន្ន។
រដ្ឋបាលកូរ៉េខាងត្បូង បានបង្កើនលំដាប់ការគ្រប់គ្រងខាងសង្គម នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ក្បែរខាង ពីលំដាប់ ២,៥ ទៅដល់លំដាប់ ៣ នៃលំដាប់គ្រប់គ្រងខ្ពស់បំផុត ៥ដំណាក់កាល នោះគឺមានន័យថា នឹងមានបញ្ជាឱ្យស្ថាប័នការសិក្សាផ្សេងៗ ត្រូវធ្វើការរៀន និងបង្រៀនពីចម្ងាយ, អនុញ្ញាតឱ្យធ្វើការចំពោះតែស្ថាប័នណាដែលមានភាពចាំបាច់ និងហាមប្រជាជន ជួបជុំគ្នាលើស ១០នាក់៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព