បរទេស៖ ទីភ្នាក់ងារអាហារ និងថ្នាំ នៃសហរដ្ឋអាមេរិក ឬ FDA បានថ្លែងកាលពីថ្ងៃសៅរ៍(ទី១២ធ្នូ)ថា អ្នកជំងឺដែលមានប្រវត្តិប្រតិកម្មចាញ់ថ្នាំ ឬអាល្លែកហ្ស៊ី នៅក្នុងសហរដ្ឋអាមេរិក គួរតែទទួលយកការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បន្តទៀត ក្រោយពីប្រទេសអង់គ្លេស បានរកឃើញមានមិនតិចជាង ២នាក់ទេ ដែលកើតមានផលប៉ះពាល់កម្រិតធ្ងន់ធ្ងរក្រោយការចាក់វ៉ាក់សាំងរួច ខណៈសារព័ត៌មានក្នុងប្រទេសអង់គ្លេស បានបង្ហាញថា មានអ្នកជំងឺមិនតិចជាង ១០០ ០០០នាក់ទេ ដែលខកខានការចាក់វ៉ាក់សាំង ហ្វ៉ៃហ្ស៊ើរ ដោយសារតែគ្រូពេទ្យមួយចំនួន បដិសេធចូលរួមគ្រោងការចាក់វ៉ាក់សាំងនេះ។

ទីភ្នាក់ព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃអាទិត្យ(ទី១៣ធ្នូ)ថា ទីភ្នាក់ងារអាហារ និងថ្នាំ នៃសហរដ្ឋអាមេរិក ឬ FDA បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ បញ្ច្រាស់គ្នានឹងប្រទេសអង់គ្លេស ដែលបានអះអាងទិន្នន័យពី NHS ដោយសារព័ត៌មាន Finacial Times ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍(ទី១០ធ្នូ) បានព្រមានមិនឱ្យទីភ្នាក់ងារធានារ៉ាប់រងសុខភាពនៃប្រទេសអង់គ្លេស (NHS) ចាក់វ៉ាក់សាំងឱ្យអ្នកជំងឺ ដែលធ្លាប់មានប្រវត្តិកើតប្រតិកម្មចាញ់ តែ FDA សហរដ្ឋអាមេរិក បែរជាផ្ដល់ការណែនាំថា ជនជាតិអាមេរិកាំង ដែលធ្លាប់មានប្រវត្តិកើតប្រតិកម្មចាញ់ ឬអាល្លែកហ្ស៊ី ត្រូវបានជឿថា មានសុវត្ថិភាពគ្រប់គ្រាន់ ក្នុងការទទួលយកវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ហ្វ៉ៃហ្ស៊ើរ/បៃអូអេនថេក។
FDA ដែលបានអនុម័តឱ្យប្រើវ៉ាក់សាំងហ្វ៉ៃហ្ស៊ើរ ក្នុងករណីអាសន្នជាលើកដំបូង កាលពីរាត្រី ថ្ងៃសុក្រ(ទី១១ធ្នូ) បានថ្លែងថា លើកលែងតែអ្នកដែលធ្លាប់មានប្រវត្តិកើតប្រតិកម្មចាញ់ជាមួយវ៉ាក់សាំង ឬសារធាតុផ្សំនៅក្នុងវ៉ាក់សាំងប្រភេទនេះ ទើបសមល្មមនឹងអាចចៀសវាងមិនចាក់បាន។
លោកវេជ្ជបណ្ឌិត Peter Marks អគ្គនាយកផ្នែកការអនុម័តវ៉ាក់សាំងប្រចាំ FDA បានថ្លែងនៅក្នុងពិធីថ្លែងព័ត៌មានថា “យើងកំពុងចង់ប្រាប់ថា បើសិនមិនមានការកើតប្រតិកម្មចាញ់យ៉ាងធ្ងន់ធ្ងរចំពោះវ៉ាក់សាំង ឬសារធាតុផ្សំមួយណា របស់វ៉ាក់សាំងទេនោះ គ្រប់គ្នា គួរតែត្រូវបានទទួលវ៉ាក់សាំងការពារកូវីដ-១៩”
ហើយលោកបានបន្ថែមទៀតថា “មានប្រមាណតែ ១,៦% នៃចំនួនប្រជាពលរដ្ឋទាំងអស់ប៉ុណ្ណោះ ដែលធ្លាប់មានប្រវត្តិកើតប្រតិកម្មចាញ់អ្វីម្យ៉ាង ឬប្រតិកម្មទាស់អាហារ ឬផលប៉ះពាល់ខាងបរិស្ថាន ហើយយើងក៏មិនត្រូវការឃើញមានមនុស្សចំនួនដ៏ច្រើននេះ មិនអាចទទួលបានវ៉ាក់សាំងដែរ”
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបង្ហាញថា វ៉ាក់សាំងកូវីដ-១៩ អាចនិយាយបានថា ជាវិធានការតែមួយគត់របស់សហរដ្ឋអាមេរិក ក្នុងការការពារការឆ្លងរាលដាល ដែលមកដល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងជិតដល់ ៣០០ ០០០នាក់ទៅហើយ។
នៅក្នុងប្រទេសអង់គ្លេស បានចេញការណែនាំ ចំពោះអ្នកជំងឺដែលធ្លាប់មានប្រវត្តិប្រតិកម្មថ្នាំ ឬអាហារកម្រិតធ្ងន់ធ្ងរ (Anaphylaxis) ជាប្រតិកម្មចាញ់បែបទាន់ហន់ ដែលភាគច្រើន ច្រើនតែកើតឡើងក្នុងរយៈពេល ៥-៣០នាទី ក្រោយពីបានទទួលសារធាតុបង្កប្រតិកម្ម ឬមិនលើស ២ម៉ោង ក្រោយបានទទួលសារធាតុបង្កប្រតិកម្ម ប្រភេទទទួលទាន អាចមានភាពធ្ងន់ធ្ងរដល់ថ្នាក់ស្លាប់បាត់បង់ជីវិតបាន ដោយមនុស្សទាំងនោះ នៅក្នុងប្រទេសអង់គ្លេស បានទទួលការណែនាំឱ្យចៀសវាងពីការចាក់វ៉ាក់សាំងហ្វ៉ៃហ្ស៊ើរ៍មួយនេះ។
ខណៈដែល FDA របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ(ទី១១ធ្នូ) បានចេញមកអះអាងថា ក្នុងការសាកល្បងទៅលើក្រុមអ្នកស្ម័គ្រចិត្ត ជិត ៤៤ ០០០នាក់ ក្នុងដំណាក់កាលគ្លីនិកវិទ្យា(ព្យាបាល) មិនបានរកឃើញថា មានការកើតប្រតិកម្មកម្រិតធ្ងន់ធ្ងរណាមួយកើតឡើង ក្រោយការចាក់វ៉ាក់សាំងឡើយ តែយ៉ាងណាក៏ដោយ រ៉យទ័រ បានចង្អុលបង្ហាញថា ក្នុងដំណាក់កាលសាកល្បងនោះ ហ្វ៉ៃហ្ស៊ើរ បានជ្រើសរើសដកចេញដោយឡែក នូវក្រុមអ្នកស្ម័គ្រចិត្តណា ដែលធ្លាប់មានប្រវត្តិកើតប្រតិកម្មចាញ់វ៉ាក់សាំង ឬផ្នែកផ្សំនៅក្នុងវ៉ាក់សាំង។
ខណៈដែលប្រទេសអង់គ្លេស ជាប្រទេសដំបូងគេ ដែលចាប់ផ្ដើមចែកចាយវ៉ាក់សាំងហ្វ៉ៃហ្ស៊ើរជូនប្រជាជនកាលពីថ្ងៃអង្គារ(ទី៩ធ្នូ)នោះ សារព័ត៌មាន The Guardian របស់អង់គ្លេស បានរាយការណ៍នៅថ្ងៃសុក្រ(ទី១១ធ្នូ)ថា មានប្រជាជនអង់គ្លេសជាង ១០០ ០០០នាក់ បានខកខានមិនបានទទួលការចាក់វ៉ាក់សាំង ដោយសារតែក្រុមគ្រូពេទ្យរបស់ពួកគេទាំងនោះ មិនព្រមចូលរួមគ្រោងការនោះ។
ទាំងអស់នេះ គេបានរកឃើញថា មានគ្រូពេទ្យចំនួនជាច្រើនសិបនាក់ក្នុងប្រទេសអង់គ្លេស បានបដិសេធក្នុងការចាក់វ៉ាក់សាំងហ្វ៉ៃហ្ស៊ើរ ឱ្យអ្នកជំងឺ ដែលការណ៍នេះ នឹងធ្វើឱ្យមានផលអាក្រក់ដល់ការចែកចាយក្នុងដំណាក់កាលទី២ ដែលកំពុងតែជិតចាប់ផ្ដើមក្នុងសប្ដាហ៍នេះ។
The Guardian បានធ្វើការជំរឿនរកឃើញបញ្ហាក្រុមគ្រូពេទ្យអង់គ្លេស មិនព្រមសហការចាក់វ៉ាក់សាំងកូវីថ-១៩ ដែលកើតឡើងនៅឯ មែនវេស្ទ័រ សាស់ស៊ែក Lincolnshire យ៉កសៀរ និង Thames Valley ធ្វើ
ឱ្យខាង NHS ត្រូវរៀបចំចាត់ឱ្យអ្នកជំងឺដែលជួបបញ្ហាទាំងនោះ ចូលទៅទទួលយកការចាក់វ៉ាក់សាំងនៅកន្លែងផ្សេងជំនួសវិញ ហើយខាង NHS1 ថែមទាំងបានចេញច្បាប់ថ្មី ឱ្យតាមដានមើលអាការអ្នកជំងឺ ក្រោយទទួលបានវ៉ាក់សាំងហើយ ១៥នាទីទៀតផង ក្រោយរកឃើញមានអ្នកបានទទួលវ៉ាក់សាំងហើយ ២នាក់ ដែលជាមន្ត្រីពេទ្យ NHS និងធ្លាប់មានប្រវត្តិកើតប្រតិកម្មចាញ់ធ្ងន់ធ្ងរ មានអាការប្រតិកម្មចាញ់បន្ទាប់បន្សំខ្លាំង ក្រោយទទួលបានវ៉ាក់សាំងហ្វ៉ៃហ្ស៊ើរ និងតាមរយៈការរកឃើញការកើតប្រតិកម្មចាញ់វ៉ាក់សាំងនេះ បានធ្វើឱ្យគ្រូពេទ្យជាច្រើននាក់ មិនព្រមរួមសហការ ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យអ្នកជំងឺ៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព