អាមេរិក៖ ត្រៀមចាក់វ៉ាក់សាំងឱ្យប្រជាជន តាំងពីថ្ងៃចន្ទ(ទី១៤ធ្នូ) ខណៈលោកត្រាំ បានចេញមកអះអាងថា ខ្លួនលោក និងមន្ត្រីលំដាប់ខ្ពស់របស់មន្ទីរសេតវិមាន នឹងមិនទាន់ចាក់វ៉ាក់សាំង នៅពេលនេះទេ។ សម្រាប់ស្ថានការណ៍ឆ្លងរាលដាលនៅតាមភូមិភាគផ្សេងៗ នៅតែដុនដាប ប្រទេសអាល្លឺម៉ង់ បញ្ជាឱ្យបិទតំបន់មួយចំនួន រហូតឆ្លងឆ្នាំ ចំណែកកូរ៉េខាងត្បូង ត្រៀមបង្កើនវិធានការកម្រិតសកម្មភាពដើរហើរយ៉ាងតឹងរ៉ឹង រហូតឡើងដល់កម្រិតខ្ពស់បំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជុំទី។
ក្បួនរថយន្តដឹកទំនិញបំពាក់បន្ទប់ក្លាស្សេត្រជាក់ពិសេស បានរំកិលខ្លួនចេញពីរោងចក្ររបស់ក្រុមហ៊ុនហ្វ៉ៃហ្ស៊ើរ ក្នុងរដ្ឋមិឈិហ្គែន តាំងពីថ្ងៃអាទិត្យ(ទី១៣ធ្នូ) ដើម្បីរៀបចំបញ្ជូនវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី របស់ក្រុមហ៊ុនហ្វ៉ៃហ្ស៊ើរ-បៃអូអេនថេក ដែលបានទទួលការអនុម័តឱ្យប្រើក្នុងករណីអាសន្ន ពីទីភ្នាក់ងារអាហារ និងថ្នាំ របស់សហរដ្ឋអាមេរិក ឬ FDA កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីចាក់ឱ្យជនជាតិអាមេរិកាំង ដែលមានភាពប្រឈមក្នុងការឆ្លងខ្ពស់បំផុតមុនគេ ជាក្រុមដំបូង។

លោក អ៊ែនឌី ប៊ីសៀរ អភិបាលរដ្ឋខេនតាក់គី បានសម្ដែងភាពជឿជាក់ថា នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងឱ្យប្រជាជនបាន នៅក្នុងថ្ងៃចន្ទ។
ទាំងអស់នេះ វ៉ាក់សាំងឈុតដំបូង ចំនួន ២,៩លានដូស នឹងបានទទទួលការចាត់បញ្ជូនក្នុងអំឡុងថ្ងៃពុធ (ទី១៦ធ្នូ) ហើយមន្ត្រីសហរដ្ឋអាមេរិក បានបញ្ជាក់ថា ជនជាតិអាមេរិកាំង ២០លាននាក់ នឹងបានចាក់វ៉ាក់សាំងនេះ ក្នុងអំឡុងពេលចុងឆ្នាំ និង ១០០លាននាក់ទៀត ក្នុងអំឡុងខែមីនា ឆ្នាំក្រោយ។
ចំណែកលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅក្នុងធ្វីតធើរ កាលពីថ្ងៃអាទិត្យថា វ៉ាក់សាំងកំពុងស្ថិតក្នុងការចាត់បញ្ជូន និងសូមឱ្យអាមេរិក និងពិភពលោក ជាសះស្បើយពីកូវីដ។
នៅរាត្រីថ្ងៃអាទិត្យ មេដឹកនាំសហរដ្ឋអាមេរិក បានសរសេរនៅក្នុងធ្វីតធើរម្ដងទៀតថា ខ្លួនលោក និងមន្ត្រីកំពូលៗរបស់មន្ទីរសេតវិមាន នឹងមិនទាន់ចាក់វ៉ាក់សាំងនៅពេលនេះទេ តែនឹងរង់ចាំពេលវេលាដែលស័ក្តិសមណាមួយ លើកលែងតែមានភាពចាំបាច់ខ្លាំងមែនទែនប៉ុណ្ណោះ។
មុនពេលដែលលោកត្រាំ នឹងសរសេរនៅក្នុងធ្វីតធើររបស់លោក អំពីរឿងនេះ លោក ចន អាល់យ៉ុត អ្នកនាំពាក្យសភាសន្តិសុខជាតិ បានថ្លែងថា មន្ត្រីកំពូលៗក្នុងគណៈគ្រប់គ្រង នីតិបញ្ញត្តិ និងតុលាការ នឹងបានទទួលការចាក់វ៉ាក់សាំងតាមវិធានការ ដែលបានកំណត់ទុក ដើម្បីធានាថា រដ្ឋបាលនឹងអាចប្រតិបត្តិការងារ បានជាបន្តបន្ទាប់ ក្នុងអំឡុងពេលរោគរាតត្បាត ក្នុងស្ថានការណ៍អាសន្នផ្នែកគ្រោះវិបត្តិណាមួយ ខណៈដែលប្រភពព័ត៌មានបានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បុគ្គលសំខាន់នៅក្នុងមន្ទីរសេតវិមាន និងមន្ត្រីមួយចំនួនក្នុងគណៈគ្រប់គ្រង គណៈនីតិបញ្ញត្តិ និងតុលាការ នឹងបានទទួលការចាក់វ៉ាក់សាំង ក្នុងអំឡុងពេល ១០ថ្ងៃខាងមុខ។
លោក អាល់យ៉ុត បានបញ្ជាក់ថា ប្រជាជនអាមេរិកាំង គួរតែជឿជាក់ថា យើងបានទទួលវ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ក្នុងកម្រិតដូចគ្នានឹងមន្ត្រីរដ្ឋបាលបានទទួលដែរ តាមការណែនាំរបស់អ្នកជំនាញការផ្នែកសុខភាពសាធារណៈ និងអ្នកដឹកនាំផ្នែកសន្តិសុខជាតិ។
តែយ៉ាងណាក្ដី មិនមានទិន្នន័យថា លោកចូបៃដិន និងលោកស្រីខាម៉ាឡា ហ៊ែរីស អនាគតប្រធានាធិបតី និងអនាគតអនុប្រធានាធិបតី មកពីគណបក្សដេម៉ូក្រេត រួមទាំងសមាជិកក្នុងក្រុមផ្ទេរ-ប្រគល់អំណាច នឹងបានទទួលការចាក់វ៉ាក់សាំង ក្នុងឈុតនេះ ឬក៏យ៉ាងណានោះទេ។
ប្រទេសអាមេរិក ចាប់ផ្ដើមចែកចាយវ៉ាក់សាំង ខណៈដែលស្ថានការណ៍ការឆ្លងរាតត្បាត នៅតែស្ថិតក្នុងសភាពគួរឱ្យព្រួយបារម្ភ ដោយមានចំនួនអ្នកស្លាប់ជាង ២៩៩ ០០០នាក់ និងចំនួនអ្នកឆ្លងសរុប ១៦,២លាននាក់ ដែលរួមទាំងករណីថ្មីៗ ជាង ១,៥លាននាក់ ក្នុងរយៈពេល ត្រឹមតែ ១សប្ដាហ៍កន្លងមកប៉ុណ្ណោះ។
សម្រាប់ទូទាំងពិភពលោក ខណៈនេះមានអ្នកស្លាប់យ៉ាងតិច ១,៦លាននាក់ និងឆ្លងមេរោគ ៧១,៦លាននាក់។
ស្ថានការណ៍នៅក្នុងអឺរ៉ុប ក៏ធ្ងន់ធ្ងរដុនដាបខ្លាំងណាស់ដែរ ដោយនៅប្រទេសអាល្លឺម៉ង់ រដ្ឋបាលបានប្រកាសចាប់ផ្ដើមបិទទីតាំងមួយចំនួន តាំងពីថ្ងៃពុធទៅ ដោយការបិទហាងលក់ទំនិញណាដែលមិនចាំបាច់ និងសាលារៀន រហូតដល់ថ្ងៃទី១០ មករា ដើម្បីទប់ស្កាត់ការឆ្លងមេរោគដែលកំពុងហក់ឡើងខ្លាំង។
សប្ដាហ៍កន្លងទៅ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងទ្វីបអឺរ៉ុបមួយនេះ មានអ្នកស្លាប់ក្នុង ១ថ្ងៃ ៦០០នាក់ និងមានស្ថិតិអ្នកឆ្លងមេរោគ កើនឡើងជាង ៣ដង កាលពីអំឡុងពេលដែលកូវីដឆ្លងរាលដាលខ្លាំងបំផុត ក្នុងរដូវស្លឹកឈើលាស់។
ចំណែកប្រទេសអ៊ីតាលី លោករ៉ូប៊ើតូ ស្ពេរេនហ្សា រដ្ឋមន្ត្រីក្រសួងសុខភិបាល បានដាស់តឿនថា ក្នុងអំឡុងរដូវកាលបុណ្យគ្រីស្តស្មាស់ ដែលកំពុងជិតមកដល់នេះ ប្រហែលជានៅតែមិនអាចបង្ក្រាបការឆ្លងរាលដាលដ៏ធំនេះបានទេ ដោយចុងក្រោយបំផុតនេះ ចំនួនអ្នកស្លាប់នៅក្នុងដែនដីនំម៉ាការ៉ូនីមួយនេះ បានកើនឡើងដល់ ៦៤ ៥២០នាក់ វ៉ាដាច់ប្រទេសអង់គ្លេស(៦៤ ២៦៧នាក់) ក្លាយជាប្រទេសដេលមានអ្នកស្លាប់ដោយសារមេរោគកូវីដ-១៩ ច្រើនជាងគេបំផុតក្នុងទ្វីបអឺរ៉ុប។
នៅទ្វីបអាស៊ីវិញ រដ្ឋបាលប្រទេសកូរ៉េខាងត្បូង បានបញ្ជាឱ្យបិទសាលារៀនទាំងអស់នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញ ចាប់តាំងពីថ្ងៃនេះ(អង្គារទី១៥ធ្នូ) រហូតដល់ដាច់ខែ ដើម្បីប្រយុទ្ធជាមួយការឆ្លងរាលដាលជុំទី៣ របស់មេរោគវីរុសកូរ៉ូណាមួយនេះ និងមានសញ្ញាថា មិនយូរប៉ុន្មានទៀត ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី៤ របស់ទ្វីបអាស៊ីមួយនេះ អាចនឹងត្រូវបង្ខំចិត្ត ប្រើវិធានការរក្សាគម្លាតរវាងគ្នាខាងសង្គម កម្រិត៣ ដែលជាកម្រិតខ្ពស់បំផុត និងមានន័យពីការបិទទីក្រុងជាបណ្ដោះអាសន្ន ដែលជារឿងមួយ ដែលរដ្ឋបាលប្រទេសកូរ៉េខាងត្បូង ព្យាយាមចៀសវាងមករហូត។
ទាំងអស់នេះ ទីភ្នាក់ងារគ្រប់គ្រង និងការពាររោគនៃប្រទេសកូរ៉េ(KCDA) បានរាយការណ៍កាលពីថ្ងៃចន្ទថា រកឃើញករណីថ្មិ ៧១៨នាក់ ថយចុះពីចំនួនខ្ពស់បំផុតប្រចាំថ្ងៃ ១ ០៣០នាក់ កាលពីថ្ងៃអាទិត្យ ដោយក្នុងចំនួនអ្នកឆ្លងមេរោគថ្មីទាំងអស់ ៦៨២នាក់ ជាការឆ្លងនៅក្នុងប្រទេស និងភាគច្រើននៅក្នុងទីក្រុងសេអ៊ូល ទីក្រុងអ៊ីនឆន់ និងខេត្ត គយង់គី។
បច្ចុប្បន្ន កូរ៉េខាងត្បូង មានអ្នកឆ្លងមេរោគសរុប ចំនួន ៤៣ ៤៨៤នាក់ និងស្លាប់ ៥៨៧នាក់។
រដ្ឋបាលកូរ៉េខាងត្បូង បានចាប់ផ្ដើមគ្រោងការតាមដានអ្នកប៉ះពាល់ជំងឺ ដ៏ធំមួយឡើង ដោយប្រើកម្លាំងទាហាន ប៉ូលិស និងអាជ្ញាធរផ្សេងៗ ជាច្រើនរយនាក់ ខណៈដែលអ្នកជំនាញមួយចំនួន ដូចជាលោក គីម ដុង ហយុន នាយកសមាគមរោគឆ្លងវិទ្យា នៃប្រទេសកូរ៉េ និងលោកសាស្ត្រាចារ្យគណៈវេជ្ជសាស្ត្រ មហាវិទ្យាល័យហាល់លីម បានអំពាវនាវឱ្យរដ្ឋាភិបាល និងសង្គម ខំព្យាយាមឱ្យខ្លាំងឡើង ដើម្បីគ្រប់គ្រងការឆ្លងរាលដាលឱ្យបាន៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ, AFP និង AP
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព