You are currently viewing កម្ពុជា​ធ្វើជា​ប្រធាន​គណៈកម្មាការ​អាស៊ាន​ស្ដីពី​ស្ត្រី​ចាប់ពី​ចុងខែ​ធ្នូ​ឆ្នាំ២០២០ ដល់​ខែតុលា ឆ្នាំ២០២១

កម្ពុជា​ធ្វើជា​ប្រធាន​គណៈកម្មាការ​អាស៊ាន​ស្ដីពី​ស្ត្រី​ចាប់ពី​ចុងខែ​ធ្នូ​ឆ្នាំ២០២០ ដល់​ខែតុលា ឆ្នាំ២០២១

ភ្ន​ពេញ៖    ក្រសួង​កិច្ចការនារី​បានរៀបចំ កិច្ចប្រជុំ​ប្រចាំឆ្នាំ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​របស់​គណៈកម្មាការ​អាស៊ាន​ដើម្បី​ស្ត្រី តាមរយៈ​ប្រព័ន្ធ​វីដេអូ ខណៈពេលដែល​ប្រទេស​កម្ពុជា​ទទួល​តំណែង​ជា​ប្រធាន​គណៈកម្មាការ​អាស៊ាន​ស្ដីពី​ស្ត្រី​ចាប់ពី​ចុងខែ​ធ្នូ​ឆ្នាំ២០២០ ដល់​ខែតុលា ឆ្នាំ២០២១ បន្ទាប់ពី​ប្រទេស​ប្រ៊ុយណេ​ដា​រ៉ូ​សា​ឡឹម បាន​ផុត​អា​ណិ​ត្ត​នៅក្នុង​ឆ្នាំ២០២០ ។

កិច្ចប្រជុំ​ប្រចាំឆ្នាំ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា នៅ​ថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២០ក្រោម​ប្រធានបទ “ការ​ជម្រុញឱ្យមាន​ស្ត្រី​ជា​ថ្នាក់ដឹកនាំ និង​ការចូលរួម​ករ​របស់​ស្ត្រី​លើ​ឆាកនយោបាយ” នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោកជំទាវ ខេង សំ​វ៉ា​ដា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​របស់​គណៈកម្មាការ​អា​ស៊ាន​ដើម្បី​ស្ត្រី។

កិច្ចប្រជុំ​ប្រចាំឆ្នាំ បាន​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​ទៅលើ​សេចក្ដីព្រាង​ផែនការ​សកម្មភាព​ថ្មី​របស់​គណៈកម្មាការ​អា​ស៊ាន​ស្ដីពី​ស្ត្រី ឆ្នាំ ២០២១-២០២៥ ដើម្បី​ដាក់ជូន រដ្ឋមន្ត្រី​ស្ត្រី​អាស៊ាន ដើម្បី​ពិនិត្យ​និង​សម្រេច​នៅ​ត្រីមាស​ទី១ ឆ្នាំ២០២១ ។

កិច្ច​ប្រជុំបាន​ឯកភាព​លើ​ការដាក់ចេញ​នូវ​ឯកសារសំខាន់ៗមួយចំនួន​ក្នុងការ​អនុវត្ត​និង​ធានាថា​យេនឌ័រ​ត្រូវបាន​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ក្នុង​សកម្មភាព​របស់​គណៈកម្មាកា​រអា​ស៊ាន​ដើម្បី​ស្ត្រី គណៈកម្មាធិការ​អាស៊ាន​ក្នុងការ​លើកកម្ពស់​និង​ការការពារ​សិទ្ធ​ដល់​ស្ត្រី និង​កុមារ ស្ថាប័ន​អន្តរ​វិស័យ​អាស៊ាន ក៏ដូចជា​ការចូលរួម​ពី​សង្គម​ស៊ីវិល​មួយចំនួន​ដែល​ធ្វើការ​ពាក់ព័ន្ធ​ស្ត្រី និង​ក្មេងស្រី។

ស្របពេល​ក្នុង​កិច្ចប្រជុំ​គណៈកម្មាការ​អាស៊ាន​ដើម្បី​ស្ត្រី​នេះ​ផងដែរ វត្តមាន​របស់​អាស៊ាន​បូក​បី ប្រទេស​ចិន ជប៉ុន និង​កូរ៉េ ក៏បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី១២របស់​គណៈកម្មាការ​អា​ស៊ាន​ដើម្បី​ស្ត្រី​បូក​បី តាមរយៈ​ប្រព័ន្ធ​វីដេអូ  ។

សិក្ខាសាលា​ចំនួន​ពីរបាន​រៀបចំឡើង ១) សិក្ខាសាលា ស្ដីពី ការ​ជម្រុញឱ្យមាន​ស្ត្រី​ជា​ថ្នាក់ដឹកនាំ និង​ការចូលរួម​លើ​ឆាកនយោបាយ​នៅក្នុង​តំបន់​អាស៊ាន ក្នុង​គោលបំណង​ទទួលបាន​ធាតុ​ចូល​លើ ភាពជោគជ័យ និង​បញ្ហា​ប្រឈម​របស់​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ និង​ការចូលរួម​ក្នុង​នយោបាយ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង ២) វេទិការ​ពិភាក្សា ស្ដីពី សេចក្ដីកំណត់​នៃ​ការងារ​គ្មាន​ប្រាក់កម្រៃ និង​ការងារ​ផ្ទះ ក្នុង​គោលបំណង​ជម្រុញអោយមាន​ការផ្លាស់​ប្តូរ​ការយល់ដឹង និង​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ការដោះស្រាយ​ពី​បញ្ហា ការងារ​គ្មាន​ប្រាក់កម្រៃ និង​ការងារ​ផ្ទះ ជាការ​រួមចំណែក​ក្នុងការ​ពង្រឹង​ការផ្តល់អំណាច​សេដ្ឋកិច្ច​ដល់​ស្ត្រី​ក្នុង​តំបន់​អាស៊ាន។

កិច្ចប្រជុំ​ប្រចាំឆ្នាំ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​របស់​គណៈកម្មាការ​អាស៊ាន​ដើម្បី​ស្ត្រី គឺជា​វេទិកា​ដ៏​មាន​សារៈសំខាន់​មួយ សម្រាប់​កិច្ចសន្ទនា​របស់​អាស៊ាន​ដើម្បី​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការងារ និង​កំណត់​ទិសដៅ​បន្ត​ដែល​អាចឆ្លើយតប​នឹង​ផែនការ​សកម្មភាព​ប្រាំ​ឆ្នាំ​របស់ខ្លួន ក៏ដូចជា​អាច​សម្រេច​ឱ្យបាន​នូវ​សមភាព​យេនឌ័រ និង​កិច្ចការពារ​សិទ្ធិ​ស្ត្រី​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល៕

#អរគុណសន្តិភាព

Leave a Reply