អាមេរិក៖ មន្ត្រីសុខភាពសាធារណៈម្នាក់ នៅក្នុងរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក បានកើតប្រតិកម្មចាញ់(អាល្លែកហ្ស៊ី) យ៉ាងធ្ងន់ធ្ងរ ក្រោយទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន ហ្វ៉ៃហ្ស៊ើរ-បៃអូអេនថេក តែមកដល់ពេលនេះ អាការលែងធ្ងន់ធ្ងរហើយ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានកាលពីថ្ងៃពុធ ទី១៦ធ្នូ។
សារព័ត៌មាននីវយ៉ក ថាមស៍ បានរាយការណ៍ថា បុរសម្នាក់នោះ បានចូលទទួលការចាក់វ៉ាក់សាំង នៅថ្ងៃអង្គារ(ទី១៥ធ្នូ) ហើយខាងក្រុមហ៊ុនហ្វ៉ៃហ្ស៊ើរ បានអះអាងថា ខ្លួនកំពុងសហការជាមួយអាជ្ញាធរក្នុងតំបន់ ដើម្បីស៊ើបអង្កេតក្នុងករណីនោះហើយ។
កាលពីពេលមុននេះ មន្ត្រីសុខភាពសាធារណៈនៅក្នុងចក្រភពអង់គ្លេស ២នាក់ ក៏បានកើតអាការប្រតិកម្មចាញ់វ៉ាក់សាំងស្រដៀងៗគ្នានេះដែរ ជាហេតុធ្វើឱ្យខាងរដ្ឋបាលអង់គ្លេស ត្រូវជូនដំណឹងដាស់តឿនប្រជាជន ឱ្យផ្អាកការចូលទទួលការចាក់វ៉ាក់សាំងជាបណ្ដោះអាសន្នសិន បើសិនធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងអាការអាល្លែកហ្ស៊ីធ្ងន់ធ្ងរ។

គណៈអ្នកគ្រប់គ្រងច្បាប់របស់សហរដ្ឋអាមេរិក បានអនុម័តឱ្យប្រើវ៉ាក់សាំងមួយនេះ ក្រោមការដាស់តឿនថា បើប្រជាជនណាម្នាក់ ដែលដឹងខ្លួនថា មានអាការអាល្លែកហ្ស៊ី ឬប្រតិកម្មចាញ់ជាមួយវ៉ាក់សាំង ឬធាតុផ្សំដែលនៅក្នុងវ៉ាក់សាំង មិនគួរចូលទទួលយកការចាក់វ៉ាក់សាំងនោះទេ។
តែខាងអ្នកនាំពាក្យរបស់ក្រុមហ៊ុនហ្វ៉ៃហ្ស៊ើរ បានបញ្ជាក់ថា “យើងនៅមិនទាន់មានទិន្នន័យគ្រប់សេចក្ដីលម្អិត ពាក់ព័ន្ធនឹងរបាយការណ៍មកពីខាងអាឡាស្កាក្នុងរឿងដែលថា អាចមានអាការប្រតិកម្មចាញ់យ៉ាងធ្ងន់ធ្ងរនៅលើអ្នកជំងឺនោះនៅឡើយទេ តែយើងកំពុងធ្វើការយ៉ាងសកម្ម រួមជាមួយបណ្ដាក្រុមមន្ត្រីសុខភាពសាធារណៈក្នុងតំបន់ ដើម្បីវាយតម្លៃករណីមួយនេះ”
អ្នកនាំពាក្យដដែលនោះបានបន្តទៀតថា “យើងនឹងតាមសង្កេតមើលយ៉ាងជិតដិត ចំពោះរបាយការណ៍ព័ត៌មានទាំងអស់ ដែលចង្អុលបង្ហាញថា មានអ្នកកើតអាការអាល្លែកហ្ស៊ីធ្ងន់ធ្ងរ ក្រោយចូលទទួលការចាក់វ៉ាក់សាំង ហើយយើងនឹងអាប់ឌែតការដាស់តឿន នៅលើស្លាកប្រអប់វ៉ាក់សាំង បើសិនជាមានភាពចាំបាច់”
នៅក្នុងចំណែកនៃអ្នកស្ម័គ្រចិត្តចំនួន ៤៤ ០០០នាក់ ដែលចូលរួមការសាកល្បងខាងគ្លីនិក(ការព្យាបាល)របស់ក្រុមហ៊ុនហ្វ៉ៃហ្ស៊ើរ កាលពីពេលកន្លងទៅនោះ អ្នកណាក៏ដោយ ដែលធ្លាប់មានប្រវត្តិអាល្លែកហ្ស៊ីវ៉ាក់សាំង ឬធាតុផ្សំរបស់វ៉ាក់សាំងកូវីដ-១៩ នឹងត្រូវគេដកចេញ។
តែយ៉ាងណាក៏ដោយ ខាងអ្នកនាំពាក្យរបស់ក្រុមហ៊ុនហ្វ៉ៃហ្ស៊ើរ បានអះអាងថា ជារួមទៅ ការសាកល្បងមិនបានរកឃើញចំណុចផ្នែកសុវត្ថិភាពធ្ងន់ធ្ងរណាមួយឡើយ តែខាងគណៈអ្នកគ្រប់គ្រងច្បាប់ និងខាងក្រុមហ៊ុន នឹងដំណើរការតាមមើល និងសង្កេតការណ៍ ក្នុងករណីដែលអាចកើតមានផលអាក្រក់ណាមួយ ក្រោយពេលបានទទួលវ៉ាក់សាំងរួច។
ហេតុការណ៍នេះ បានកើតឡើង ខណៈដែលសហរដ្ឋអាមេរិកកំពុងចាក់វ៉ាក់សាំងឱ្យប្រជាជនចំនួនប្រមាណជា ៣លាននាក់ ក្នុងសប្ដាហ៍នេះ និងរំពឹងថា នឹងអាចចាក់វ៉ាក់សាំងឱ្យប្រជាជនបានក្នុងកម្រិត ២០លាននាក់ក្នុងអំឡុងខែនេះ(ធ្នូ) បើសិនជាវ៉ាក់សាំងមួយទៀត ដែលអភិវឌ្ឍដោយក្រុមហ៊ុនម៉ូឌើណា បានទទួលការអនុម័តពីគណៈអ្នកគ្រប់គ្រងច្បាប់៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន AFP
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព