You are currently viewing នៅទីណា ក៏​អត់​រួចខ្លួន​ដែរ!!  កូ​វីដ-១៩ រាលដាល​គ្រប់​ទ្វីប​ទូទាំង​ពិភពលោក ក្រោយ​អង់តាក់ទិក រកឃើញ​អ្នក​ឆ្លង​មេរោគ ក្រុម​ដំបូង​គេ

នៅទីណា ក៏​អត់​រួចខ្លួន​ដែរ!!  កូ​វីដ-១៩ រាលដាល​គ្រប់​ទ្វីប​ទូទាំង​ពិភពលោក ក្រោយ​អង់តាក់ទិក រកឃើញ​អ្នក​ឆ្លង​មេរោគ ក្រុម​ដំបូង​គេ

​ពិភពលោក៖  ទ្វីបអង់តាក់ទិក បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ក្រុម​ដំបូង​គេ​ហើយ ក្រោយពី​មន្ត្រី​ចំនួន ៣៦នាក់ នៅក្នុង​មូលដ្ឋាន​ស្រាវជ្រាវ​មួយ មាន​លទ្ធផល​ពិនិត្យ​មេរោគ “វិជ្ជមាន” តាមរយៈ​សេចក្ដីថ្លែងការណ៍ ដែល​ផ្សព្វផ្សាយ​ដោយ​កងទ័ព​របស់​ប្រទេស​ស៊ី​លី ធ្វើឱ្យ​ក្នុងពេល​បច្ចុប្បន្ននេះ មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដ៏​កាច​សាហាវ​មួយ​នេះ បាន​ឆ្លង​រាលដាល គ្រប់​ទូទាំង​ទ្វីប​ទាំងអស់​នៅលើ​ពិភពលោក​មួយ​នេះ រួចរាល់​ហើយ។

ការរកឃើញ​អ្នក​ឆ្លង​មេរោគ ១ក្រុម​ថ្មី​នេះ បាន​ក្លាយជា​ជ័យជម្នះ ដ៏​គួរឱ្យ​សោកសៅ​បំផុត​មួយ របស់​មនុស្សជាតិ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដោយសារតែ​កាលពីពេល​កន្លងមក ទ្វីបអង់តាក់ទិក គឺជា​ទ្វីប​មួយ ដែល​រួច​ផុតពី​ក្រ​ញ៉ាំ​ដៃ​របស់​វីរុស​មរណៈ​នេះ។

កាលពី​ថ្ងៃទី២០ ខែធ្នូ មូលដ្ឋានទ័ព​លោក​ឧត្ដមសេនីយ Bernardo O’Higgins Rigelme ជា​មូលដ្ឋាន​ស្រាវជ្រាវ​របស់​ប្រទេស​ស៊ី​លី ដែល​ស្ថិតនៅក្នុង​បរិវេណ​ឈូង​សមុទ្រ ទ្រី​នី​ធី បាន​អះអាងថា បុគ្គលិក​ខាង​យោធា ចំនួន ២៦នាក់ ជាមួយនឹង​ពលរដ្ឋ ១០នាក់ ដែល​ប្រតិបត្តិ​ភារកិច្ច ក្នុងឋានៈ​ជា​បុគ្គលិក​ជាប់កិច្ចសន្យា នៅក្នុង​មូលដ្ឋាន​នោះ មាន​លទ្ធផល​ពិនិត្យ​កូ​វីដ-១៩ “វិជ្ជមាន។

សត្វ​ភេ​សមុទ្រ ឬ Penguin ១ហ្វូង កំពុង​រស់នៅ​ជិត​មូលដ្ឋានទ័ព​លោក​ឧត្ដមសេនីយ Bernardo O’Higgins Rigelme មូលដ្ឋាន​ស្រាវជ្រាវ​របស់​ប្រទេស​ស៊ី​លី ដែល​ស្ថិតនៅ​ម្ដុំ​ឈូង​សមុទ្រ Trinity

ការឆ្លង​រាលដាល​លើក​នេះ បាន​កើតឡើង​ក្រោយពី​បុគ្គលិក ៣នាក់​នៅលើ​នាវា​របស់​កងទ័ព ១គ្រឿង មាន​លទ្ធផល​ការពិនិត្យ​រក​មេរោគ​កូ​វីដ-១៩ ចេញមក​វិជ្ជមាន ដោយ​នាវា ១គ្រឿង​នេះ បាន​បំពេញ​តួនាទី​ក្នុង​ការផ្ដល់​ការអន្តរាគមន៍​ផ្នែក ឡូ​ជី​ស្ទិ​ក ឱ្យទៅ​មូលដ្ឋាន​ស្រាវជ្រាវ អូ​ហ៊ិ​ក​ហ្គិ​នស៍ ក្នុងអំឡុង​ពីថ្ងៃ​ទី២៧ វិច្ឆិកា ដល់​ថ្ងៃទី១០ ធ្នូ។

បណ្ដា​កង​នាវិក ២០៨នាក់ បាន​ចូល​ទទួល​ការពិនិត្យ​រក​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី កាលពី​ថ្ងៃ​ពុធ(ទី១៦ធ្នូ)កន្លងទៅ និង​បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ ៣នាក់ តែ​យ៉ាងណាក៏ដោយ ទាំងអស់គ្នា បានធ្វើការ​បង្ខាំង​ខ្លួនឯង​ឱ្យនៅ​ដោយឡែក ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក ដែលជា​ផ្នែក​មួយ​ក្នុង​វិធានការ​ការពារ​ទុកជាមុន។

សេចក្ដីថ្លែងការណ៍​រប​ស់​កងទ័ព​ស៊ី​លី បាន​បញ្ជាក់ថា បណ្ដា​បុគ្គលិក​នៅឯ​មូលដ្ឋាន​ស្រាវជ្រាវ អូ​ហ៊ិ​ក​ហ្គី​នស៍​នេះ បាន​ស្ថិតក្នុង​ការដាក់​ឱ្យនៅ​ដោយឡែក និង​តាម​សង្កេតមើល​អាការ​ជា​បន្តបន្ទាប់ ក្រោម​ការគាំទ្រ​ពី​ទីភ្នាក់ងារ​សុខភាព​សាធារណៈ នៃ​មណ្ឌល ម៉ា​កា​យ៉ា​នេស និង ឡា​អា​ន់តា ទី​កា​ហ្ស៊ី​លេ​ណា ដែល​រហូតមក​ដល់ពេលនេះ លទ្ធផល​នៃ​ការពិនិត្យ​រក​មេរោគ ចេញមក ហាក់ដូចជា​ល្អប្រសើរ ដោយ​ខាង​កងទ័ព បានបញ្ជាក់​ទៀតថា “មិនមាន​អាការ​ជ្រៀតជ្រែក​នៃ​ជំងឺ​ណា​ផ្សេង រួមជាមួយ​កូ​វីដ-១៩ នៅក្នុង​ក្រុម​បុគ្គលិក​របស់​យើង​ឡើយ”៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន CNN

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply