You are currently viewing អ្នក​ផលិត​ថ្នាំ ៤ក្រុមហ៊ុន​ជឿជាក់ថា “វ៉ាក់សាំង” អាច​ទប់ទល់​កូ​វីដ​ក្លាយ​ពូជ​បាន ត្រៀម​ប្រកាស​លទ្ធផល​ច្បាស់លាស់ ឆាប់ៗនេះ

អ្នក​ផលិត​ថ្នាំ ៤ក្រុមហ៊ុន​ជឿជាក់ថា “វ៉ាក់សាំង” អាច​ទប់ទល់​កូ​វីដ​ក្លាយ​ពូជ​បាន ត្រៀម​ប្រកាស​លទ្ធផល​ច្បាស់លាស់ ឆាប់ៗនេះ

បរទេស៖  អ្នក​ផលិត​វេជ្ជ​ភណ្ឌ និង​ឱសថ យ៉ាងតិច ៤ក្រុមហ៊ុន ជឿជាក់ថា វ៉ាក់សាំង​ការពារ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​ខាង​ក្រុមហ៊ុន​អភិវឌ្ឍ​បាន​នោះ មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ “មេរោគ​កូ​វីដ-១៩ក្លាយ​ពូជ” ដែល​អាច​ចម្លង​ទៅ​មនុ​ស្សបាន​យ៉ាង​ងាយ​ជាង​មុន និង​កំពុង​ឆ្លង​រាលដាល​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ចក្រភព​អង់គ្លេស​នោះ និង​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ដំណាក់កាល​សាកល្បង​បន្ថែម ដោយ​រំពឹងថា នឹង​ប្រកាស​លទ្ធផល ក្នុងអំឡុងពេល ២-៣សប្ដាហ៍​ទៀត។

លោក Ugur Sahin នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន BioNtech អ្នក​ផលិត​ឱសថ របស់​ប្រទេស​អាល្លឺម៉ង់ ដែល​បាន​សហការ​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-១៩ ជាមួយ​ក្រុមហ៊ុន Pfizer របស់​ប្រទេស​អាមេរិក​នោះ បាន​ចេញមក​សម្ដែង​ភាពជឿជាក់ កាលពី​ថ្ងៃទី២២ ធ្នូ​ថា វ៉ាក់សាំង​ប្រភេទ mRNA របស់​ក្រុមហ៊ុន នឹង​ហុច​លទ្ធផល​យ៉ាង​ល្អ ក្នុងការ​ការពារ​មេរោគ​កូ​វីដ​ក្លាយ​ពូជ។

ចំណែក​ក្រុមហ៊ុន Moderna Inc, CureVac និង AstraZeneca ក៏មាន​ភាពជឿជាក់​ដូចគ្នា​ថា វ៉ាក់សាំង​របស់ខ្លួន អាច​ទប់ស្កាត់​វីរុស​កូ​វីដ​ក្លាយ​ពូជ ដែល​កំពុង​ធ្វើឱ្យ​ប្រទេស​អង់គ្លេស​ភិតភ័យ​ច្របូកច្របល់ និង​ធ្វើឱ្យ​ប្រទេស​ជាច្រើន ត្រូវ​ប្រកាស​ហាម​ការធ្វើ​ដំណើរ ផ្អាក​ការដឹកជញ្ជូន​ទំនិញ​រវាង​ចក្រភព​អង់គ្លេស​នឹង​អឺរ៉ុប និង​ហេតុការណ៍​នេះ កំពុង​ប្រឈម​ក្នុងការ​ធ្វើឱ្យ​ប្រទេស​អង់គ្លេស ត្រូវ​កាត់ផ្ដាច់​ពី​សហគមន៍​ពិភពលោក​កាន់តែខ្លាំង​ឡើង​ទៀតផង។

លោក Sahin បានផ្ដល់​សម្ភាស​ជាមួយ​បណ្ដាញសារព័ត៌មាន​ថា “ក្នុង​ខាង​វិទ្យាសាស្ត្រ មាន​ភាព​អាចទៅរួច​ខ្ពស់​ខ្លាំងណាស់ ដែល​ការឆ្លើយតប​របស់​ព័ន្ធ​ប្រឆាំង​ជំងឺ​ក្នុង​រាងកាយ​មនុស្ស ដែល​កើតឡើង​ដោយសារ​វ៉ាក់សាំង​មួយ​នេះ នឹង​អាច​ចាត់ការ​វីរុស​ក្លាយ​ពូជ​នោះបាន”

លោក​បាន​បញ្ជាក់ថា អាច​នឹងត្រូវ​ប្រើពេល​ប្រមាណ​ជា ២សប្ដាហ៍​ទៀត ដើម្បី​សិក្សា និង​រួបរួម​ទិន្នន័យ មុននឹង​ទទួលបាន​ចម្លើយ​ដែល​ពិតប្រាកដ។ លោក​បាន​ថ្លែង​ទៀតថា “វ៉ាក់សាំង​របស់​យើង មាន​អាស៊ីត​អា​មី​ណូ ច្រើនជាង ១ ២៧០អង្គ និង​មាន​ត្រឹមតែ ៩អង្គ​ប៉ុណ្ណោះ ដែល​ប្រែប្រួល(ក្នុង​វីរុស​ក្លាយ​ពូជ) នោះ​មានន័យថា ប្រូតេអ៊ីន ៩៩%ទៀត នៅ​រក្សា​ដូចដើម”

មេរោគ​កូ​វីដ​ក្លាយ​ពូជ ដែលមាន​ឈ្មោះថា “B.1.1.7” នោះ អាច​ចម្លង​សាយភាយ​បាន​ងាយ​ជាង​មុន ដល់​ទៅ ៧០% និង​គ្រោះថ្នាក់​ខ្លាំងជាងគេ​បំផុត សម្រាប់កុមារ។

លោក Sahin បាន​បញ្ជាក់ថា បើសិន​ជាមាន​ភាពចាំបាច់​មែនទែន​នោះ អ្នកវិទ្យាសាស្ត្រ នឹង​អាច​កែច្នៃ​វ៉ាក់សាំង​ប្រភេទ mRNA ឱ្យចូល​គ្នា​ជាមួយ​ប្រូតេអ៊ីន​របស់​វីរុស​ក្លាយ​ពូជ​នោះ បាន​ក្នុង​រយៈពេល​ត្រឹមតែ ៦សប្ដាហ៍​ប៉ុណ្ណោះ ដែល​វា​ខុសប្លែក​ពី​វ៉ាក់សាំង​បែប​ពី​ដើម ដែល​នឹង​ត្រូវមាន​ដំណាក់កាល​ស្មុគស្មាញ​ជាង។

វ៉ាក់សាំង​របស់ ហ្វ៉ៃ​ហ្ស៊ើ​រ/បៃ​អូ​អេ​ន​ថេ​ក, ម៉ូ​ឌើ​ណា និង CureVac សុទ្ធតែ​ប្រើ​តិច​ណូ​ឡូ​ជី​ប្រភេទ mRNA ក្នុងខណៈដែល​វ៉ាក់សាំង​របស់ អេ​ស្ត្រា​ហ្សេ​នេ​កា បាន​ប្រើប្រាស់ អា​ឌី​ណូ​វីរុស ដែល​រកឃើញ​នៅក្នុង​សត្វ​ស្វា ឈី​ម​ពិន​ហ្ស៊ី ដើម្បី​បញ្ជូន​សារធាតុ​ពូជ​ពី​វីរុស​កូ​រ៉ូ​ណា ទៅ​ជំ​រុញឱ្យ​រាងកាយ​មនុស្ស សាង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ។

អង្គការ​សុខភាព​ពិភពលោក ឬ WHO ត្រៀម​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ទប់ទល់​វីរុស​កូ​វីដ-១៩ក្លាយ​ពូជ តែ​មិនទាន់​បានបញ្ជាក់​ពី​ពេលវេលា​ពិតប្រាកដ​នៅឡើយ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

 #អរគុណសន្តិភាព

Leave a Reply