You are currently viewing កម្ពុជា​ធ្លាក់​ត្រជាក់​ដល់១២អង្សា​សេ ចាប់ពី​ថ្ងៃទី ០៩ ដល់​ថ្ងៃទី ១៦ ខែមករា

កម្ពុជា​ធ្លាក់​ត្រជាក់​ដល់១២អង្សា​សេ ចាប់ពី​ថ្ងៃទី ០៩ ដល់​ថ្ងៃទី ១៦ ខែមករា

ភ្នំពេញ ៖ក្រសួង​ធនធានទឹក  និង​ឧតុនិយម​ឱ្យដឹងថា​ចាប់ពី​ថ្ងៃទី ០៩ ដល់​ថ្ងៃទី ១៦ ខែមករា នៅ​កម្ពុជា​ធ្លាក់​ត្រជាក់​ដល់១២អង្សា​សេ ដល់១៥អង្សា​សេ លាយឡំ​ជាមួយ​ខ្យល់​ខ្លាំង។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម មនុស្ស​ព្រឹក​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ថា, បន្ទាប់ពី​បានធ្វើ​ការតាមដាន និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ បានបង្ហាញ​ឲ្យ​ឃើញថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង បាន និង​កំពុង​បន្ត​ធ្លាក់ចុះ​មកក្រោម គួបផ្សំ​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​កាន់តែ​បង្កើន​ឥទ្ធិពល​ខ្លាំង ។ លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ដើមឆ្នាំ ២០២១ នេះ ចាប់ពី​ថ្ងៃទី ០៩ ដល់​ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ មាន​ស្ថានភាព ដូចខាងក្រោម ៖

១- នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន សីតុណ្ហភាព​អប្បបរមា​ក្នុង​រង្វង់​ពី ១៤°C ទៅ ១៧°C ។ ពិសេស ពីថ្ងៃ​ទី ១១ ដល់​ថ្ងៃទី ១៣ ខែមករា នៅ​បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​ខេត្តពោធិ៍សាត់ (ស្រុក​វាលវែង) សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ១២°C ទៅ ១៥°C លាយឡំ​ជាមួយ​ខ្យល់​ខ្លាំង ។

២- នៅ​តំបន់​វាលទំនាប សីតុណ្ហភាព​អប្បបរមា​ក្នុង​រង្វង់​ពី ១៦°C ទៅ ១៩°C ។ ពិសេស ពីថ្ងៃ​ទី១១ ដល់​ថ្ងៃទី១៣ ខែមករា នៅ​បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្តកំពង់ធំ សៀមរាប  ប៉ៃលិន បាត់ដំបង និង​ខេត្តពោធិ៍សាត់ សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ១៥°C ទៅ ១៨°C លាយឡំ​ជាមួយ​ខ្យល់​មធ្យម ។

៣- នៅ​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា​ក្នុង​រង្វង់​ពី ១៨°C ទៅ ២១°C ។ នៅ​ថ្ងៃទី ១២ ខែមករា នៅលើ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រខ្ពស់ៗ ។

 

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ពិសេស វីរៈ   កងទ័ព​ដែល​រស់នៅ និង​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សូម​បង្កើន​ការយកចិត្តទុកដាក់​ថែរក្សា​សុខភាព ចំពោះ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​នេះ ។ ដោយឡែក ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។

 

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ​មានការ​ប្រែប្រួល ៕

#អរគុណសន្តិភាព

Leave a Reply