វ៉ាស៊ីនតោន ៖អាជ្ញាធរក្រុងវ៉ាស៊ីនតោន ឌីស៊ី បានប្រកាសព្រមានក្រុមអ្នកគាំទ្ររបស់លោកត្រាំ កុំឱ្យយកអាវុធមកចូលរួមប្រមូលផ្ដុំតវ៉ាប្រឆាំងលទ្ធផលការបោះឆ្នោត នៅថ្ងៃទី៦ មករា ស្អែកនេះ ជាថ្ងៃដែលសភាកុងហ្គ្រេស មានកំណត់រ៉ាប់រងលទ្ធផលបោះឆ្នោតរបស់គណៈអ្នកបោះឆ្នោត ដែលបានបោះឆ្នោតឱ្យលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីថ្មី ខណៈពេលជាមួយគ្នា ក៏មានការកោះហៅប្រមូលកម្លាំងសន្តិសុខជាតិ ជាច្រើនរយនាក់ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅថ្ងៃនោះផងដែរ។
“យើងបានទទួលព័ត៌មានមកថា មានមនុស្ស ២-៣ក្រុម ត្រៀមនាំយកអាវុធចូលមកក្នុងទីក្រុង ដែលនេះជាទង្វើ ដែលយើងមិនអាចទទួលយកបានទេ!” លោក រ៉ូបឺត ខុនធី មេបញ្ជាការប៉ូលិសក្រុងវ៉ាស៊ីនតោន បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងពិធីថ្លែងព័ត៌មាននៅឯសាលាក្រុង ព្រមទាំងព្រមានថា អ្នកណាក៏ដោយ ដែលធ្វើដូច្នោះ ឬព្យាយាមបំផុសបំផុលញុះញង់ឱ្យបង្កអំពើហិង្សា នឹងត្រូវចាប់ខ្លួនភ្លាមៗតែម្ដង។
ក្រុងវ៉ាស៊ីនតោន ឌីស៊ី ជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើនទៀត ដែលមានច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះយ៉ាងតឹងរ៉ឹងនៅក្នុងសហរដ្ឋអាមេរិក និងហាមមិនឱ្យប្រជាជនដើរសៀតកាំភ្លើងយ៉ាងចំហ ឬគ្រប់គ្រងអាវុធជាតិផ្ទុះ ដោយមិនមានលិខិតអនុញ្ញាតរបស់អាជ្ញាធរក្នុងតំបន់ឡើយ។

អ្នកគាំទ្រលោកត្រាំ ជាច្រើនពាន់នាក់ រួមទាំងក្រុមជាតិនិយមស្ដាំជ្រុល ធ្លាប់បានដាក់កាំភ្លើងតាមខ្លួន ទៅចូលរួមបាតុកម្មតវ៉ានៅក្នុងទីកន្លែងផ្សេងៗរួចមកហើយ ដោយគេសន្និដ្ឋានថា ក្រុមទាំងនោះនឹងមកប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដោយនឹងចាប់ផ្ដើមតាំងពីថ្ងៃទី៥ រហូតដល់ទៅដល់ថ្ងៃពុធ ទី៦ មករា ដើម្បីតវ៉ាប្រឆាំងជំទាស់ ការរ៉ាប់រងលទ្ធផលបោះឆ្នោតជ្រើសតាំងប្រធានាធិបតី កាលពីថ្ងៃទី៣ វិច្ឆិកា ដែលលោកត្រាំបានចាញ់លោកបៃដិន។
លោក ខុនធី បានប៉ាន់ប្រមាណថា ការប្រមូលគ្នាតវ៉ាលើកនេះ អាចនឹងមានមនុស្សចូលរួមច្រើនជាងការប្រមូលផ្ដុំកាលពីអំឡុងខែវិច្ឆិកា និងធ្នូ ដែលក្រុម Pround Boys និងអ្នកគាំទ្រលោកត្រាំផ្សេងទៀត បានកើតមានការប្រទូសរ៉ាយ កាប់ចាក់គ្នា ជាមួយអ្នកប្រមូលផ្ដុំម្ខាងទៀត រួមទាំងមានការប៉ះទង្គិចគ្នាជាមួយក្រុមឆ្វេងនិយមជ្រុល “អ៊ែនទីហ្វ៉ា” និងសកម្មជនតតាំងភាពអយុត្តិធម៌ខាងពណ៌សម្បុរ Black Lives Matter ទៀតផង។
លោកត្រាំ ដែលមិនព្រមទទួលស្គាល់ការបរាជ័យ បានព្យាយាមរើបម្រះដង្ហើមចុងក្រោយ ដោយការញុះញង់ឱ្យមហាជន ចេញមកបង្ហាញកម្លាំងប្រឆាំងលទ្ធផលការបោះឆ្នោតក្នុងសប្ដាហ៍នេះ ដោយបានធ្វីតធើរសំណេរ កាលពីថ្ងៃអាទិត្យ(ទី៣មករា)ថា “ខ្ញុំនឹងស្ថិតនៅទីនោះ!” និងថែមទាំងធ្វីតធើរកាលពីថ្ងៃសុក្រមុននោះទៀតថា “វានឹងដំណើរការទៅមុខយ៉ាងឆ្កួតវង្វេង!!”
មន្ទីរសេតវិមាន មិនបានថ្លែងពីកាលបរិច្ឆេទច្បាស់លាស់របស់លោកត្រាំទេ តែប្រភពព័ត៌មានម្នាក់ បានផ្ដល់ទិន្នន័យមកថា លោកត្រាំនឹងចេញមកថ្លែងប្រាស្រ័យ ចំពោះមហាជននៅថ្ងៃទី៦ មករា នៅឯសួនច្បារសាធារណៈ Ellipse ដែលស្ថិតនៅខាងត្បូងមន្ទីរសេតវិមាន។
មេដឹកនាំសហរដ្ឋអាមេរិក វ័យ ៧៤ឆ្នាំរូបនេះ បានអះអាងថា លោកបៃដិន ជាអ្នកឈ្នះ ដោយសារតែមានការទុច្ចរិតការបោះឆ្នោតយ៉ាងធំធេង ក្នុងខណៈដែលរដ្ឋបាលនៃរដ្ឋជាច្រើន រួមទាំងតុលាការ មន្ត្រីបោះឆ្នោតប្រចាំរដ្ឋ របស់ទាំង ២គណបក្ស ឬសូម្បីតែក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកខ្លួនឯង ក៏មិនរកឃើញភ័ស្តុតាងថា មានការកេងបន្លំណាមួយដែរ។
សភាកុងហ្គ្រេស មានកំណត់រ៉ាប់រងលទ្ធផលបោះឆ្នោតជ្រើសតាំងប្រធានាធិបតី នៅថ្ងៃទី៦ មករានេះដែរ ដោយនឹងមានលោកអនុប្រធានាធិបតី ម៉ៃក៍ ផេនស៍ បំពេញតួនាទីជាប្រធានាធិបតីនៅក្នុងពិធីនោះ។
តែយ៉ាងណាក៏ដោយ មានព្រឹទ្ធសមាជិកមកពីគណបក្សរីផាប្ល៊ីកាន់ យ៉ាងតិច ១២នាក់ និងសមាជិកសភា រីផាប្ល៊ីកាន់ដូចគ្នា ប្រមាណ ១៤០នាក់ បានប្រកាសរួចហើយថា នឹងជំទាស់ការរ៉ាប់រងជ័យជម្នះរបស់លោកបៃដិន ដោយបានលើកពីចំណុចមិនច្បាស់លាស់ និងគួរឱ្យសង្ស័យផ្សេងៗ របស់លោកត្រាំ មកធ្វើជាអំណះអំណាង។
លោកមូរៀល បូស៊ើរ អភិបាលក្រុងវ៉ាស៊ីនតោន ឌីស៊ី របស់គណបក្សដេម៉ូក្រេត បានប្រាប់សារព័ត៌មានកាលពីថ្ងៃម្សិលមិញ(ទី៤មករា)ថា ការព្យាយាមរបស់បក្ខពួកលោកត្រាំ នឹងមិនអាចផ្លាស់ប្ដូរលទ្ធផលការបោះឆ្នោតបានឡើយ។ លោកថ្លែងថា “រដ្ឋធម្មនុញ្ញរបស់យើងនឹងរឹងមាំតទៅ លោកចូ បៃដិន និងលោកស្រី ខាម៉ាឡា ហ៊ែររីស នឹងក្លាយជាប្រធានាធិបតី និងអនុប្រធានាធិបតីនៃសហរដ្ឋអាមេរិក” ក្រោយពីចូលពិធីស្បថប្រណិធាន នៅថ្ងៃទី២០ មករានេះរួច៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ
ប្រែសម្រួលដោយ បុរសភ្នែក៤
#អរគុណសន្តិភាព