វៀតណាម៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃចន្ទ ទី៤ មករាម្សិលមិញថា ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានស្នើឱ្យផ្អាក ឬកំណត់ជើងហោះហើរចូលប្រទេស ដែលមកពីប្រទេស និងតំបន់យ៉ាងតិច ៣៤កន្លែង ដែលរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ពូជថ្មី ដែលបានរកឃើញលើកដំបូងនៅក្នុងប្រទេសអង់គ្លេស។
សំណើនេះ ត្រូវបានដាក់ជូននាយករដ្ឋមន្ត្រី និងកំពុងស្ថិតក្នុងការរង់ចាំការអនុម័ត ក្រោយពីវៀតណាមអះអាងថា បានរកឃើញអ្នកជំងឺឆ្លងមេរោគកូវីដ-១៩ ពូជថ្មី មកពីប្រទេសអង់គ្លេសដំបូងគេ កាលពីថ្ងៃសៅរ៍(ទី២មករា)។
កូវីដ-១៩ ពូជថ្មីនេះ មានការក្លាយពូជរបស់ហ្ស៊ែន ដែលតាមទ្រឹស្ដីវិញ អាចធ្វើឱ្យមេរោគវីរុស ចម្លងសាយភាយ រវាងមនុស្សទៅមនុស្ស បានកាន់តែងាយឡើង និងតាមរយៈការកើតឡើងរបស់វីរុសពូជថ្មីនេះ អ្នកវិទ្យាសាស្ត្រថ្លែងថា វាអាចចម្លង និងឆ្លងបានងាយជាងពូជចាស់ដល់ទៅ ៤០-៧០% ធ្វើឱ្យប្រទេសជាច្រើន បានប្រកាសប្រើវិធានការ ហាមការធ្វើដំណើរបែបដូចគ្នានេះដែរ។

ប្រទេសវៀតណាម បានផ្អាកជើងហោះហើរបែបពាណិជ្ជរវាងប្រទេស ចូលមកក្នុងប្រទេសទាំងអស់ តាំងពីចុងខែមីនា ឆ្នាំទៅ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគវីរុស តែរដ្ឋបាល បានដំណើរការជើងហោះហើរពិសេស ដើម្បីដឹកពលរដ្ឋវៀតណាម ដែលនៅជាប់សេសសល់នៅឯប្រទេសក្រៅ ក្រោមការឆ្លងរាលដាលទាំងប៉ុន្មាន ឱ្យវិលត្រឡប់មកប្រទេសវិញ។ ក្នុងនោះ មានជើងយន្តហោះខ្លះ មានអ្នកជំនាញការ និងអ្នកវិនិយោគទុនមកពីបរទេស ដែលបានទទួលការអនុញ្ញាត ឱ្យធ្វើដំណើរចូលមកប្រទេសវៀតណាម តែគ្រប់គ្នាដែលចូលប្រទេស ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។
ដោយវិធានការដាក់ឱ្យនៅដោយឡែក ធ្វើចត្តាឡីស័ក និងការតាមដានយ៉ាងតឹងរ៉ឹង បានធ្វើឱ្យប្រទេសវៀតណាម អាចកម្រិតរង្វង់ការឆ្លងរាលដាលរបស់មេរោគវីរុស បានយ៉ាងឆាប់រហ័ស ធ្វើឱ្យកិច្ចការងារខាងសេដ្ឋកិច្ច ស្ដារខ្លួនឡើងវិញបានយ៉ាងឆាប់រហ័ស ខ្លាំងជាប្រទេសភាគច្រើននៅក្នុងទ្វីបអាស៊ី ខណៈដែលចំនួនអ្នកជំងឺឆ្លងមេរោគសរុបរបស់វៀតណាមវិញ ស្ថិតក្នុងចំនួន ១ ៤៩៧នាក់ និងមានអ្នកស្លាប់ដោយសារមេរោគមួយនេះទាំងអស់ ៣៥នាក់៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព