បរទេស៖ ប្រធានាធិបតីនៃប្រទេសមិកស៊ិកលោក Manuel Lopez Obrador កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការប្រកាសផ្តល់ជម្រកបណ្តោះអាសន្នទៅដល់អ្នកទោសនយោបាយអាមេរិកម្នាក់គឺស្ថាបនិករបស់វេបសាយ WikiLeaksលោក Julian Assange។
ការប្រកាសនេះត្រូវបានធ្វើឡើងភ្លាមក្រោយការប្រកាសរបស់តុលាការអង់គ្លេសដែលបានបញ្ជាក់ថាការធ្វើបត្យាប័នលោក Assangeទៅកាន់សហរដ្ឋអាមេរិកគឺនឹងមិនអាចធ្វើបានឡើយដោយសារបញ្ហាសុខភាពផ្លូវចិត្តរបស់គាត់។ថ្លែងនៅក្នុងសន្និសិទកាសែតកាលពីព្រឹកម្សិលមិញនោះលោកប្រធានាធិបតីបានបញ្ជាក់ដែរថាលោកនឹងចាត់ឲ្យក្រសួងការបរទេសមិកស៊ិកដើម្បីទាក់ទងទៅមន្ត្រីអង់គ្លេសដើម្បីរៀបចំកិច្ចការងារនេះ។

រំលឹកឡើងវិញដែរថាអជ្ញាធររបស់អាមេរិកតែងតែបានចេញលិខិតតាមចាប់ខ្លួននិងនាំខ្លួនលោក Assange វ័យ៤៩ឆ្នាំរហូតមកដោយចោទប្រកាន់ថាបុរសម្នាក់នេះគឺជាអ្នកបានលួចទិន្នន័យនិងបកស្រាយអាថ៍កំបាំងជាច្រើនរបស់យោធាអាមេរិកនាពេលកន្លងមក។
បុរសរូបនេះបានចំណាយពេលអស់ជិត៧ឆ្នាំដើម្បីរស់នៅក្នុងស្ថានទូតអេក្វាឌ័រប្រចាំនៅចក្រភពអង់គ្លេសដែលជាទីកន្លែងលោកបានព្យាយាមធ្វើការស្វែងរកសិទ្ធជ្រកកោនផ្នែកនយោបាយ៕
#អរគុណសន្តិភាព