បរទេស៖ យោងតាមរបាយការណ៍របស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឱ្យដឹងថា ក្រុមការងាររបស់អង្គការសុខភាពពិភពលោក ឬ WHO ដែលត្រៀមបើកការស៊ើបអង្កេតអំពីប្រភពដើមនៃមេរោគកូវីដ-១៩ នៅក្នុងទីក្រុងវូហាននោះ ត្រូវបានអាជ្ញាធរនៃប្រទេសចិនបដិសេធ និងមិនអាចធ្វើដំណើរចូលក្នុងទីក្រុងវូហាន ដែលជាប្រភពកំណើតរបស់មេរោគមួយនេះបានឡើយ។
តែយ៉ាងណាក្ដី សមាជិកម្នាក់ នៃក្រុមការងារស៊ើបអង្កេតទាំង ២រូប បានជោគជ័យក្នុងការទៅដល់គោលដៅ ដើម្បីចាប់ផ្តើមការងាររបស់ខ្លួននៅក្នុងប្រទេសចិន ប៉ុន្តែម្នាក់ទៀត បានត្រឡប់មកវិញ ដោយត្រូវធ្វើដំណើរទៅប្រទេសទី៣ ជំនួសវិញ ដែលរឿងនេះ ត្រូវបាន WHO ឱ្យដឹងថា មូលហេតុ បណ្ដាលមកពីខ្វះឯកសាររឿងទិដ្ឋាការ។

គួរឱ្យដឹងដែរថា បេសកកម្មបើកការស៊ើបអង្កេតពាក់ព័ន្ធនឹងប្រភពដើមនៃមេរោគកូវីដ-១៩លើកនេះ ត្រូវបានពន្យារពេល និងរង់ចាំយូរមកហើយ និងទើបតែទទួលបានការអនុញ្ញាតពីសំណាក់រដ្ឋបាលក្រុងប៉េកាំង កាលពីខែធ្នូ ឆ្នាំទៅនេះឯង បន្ទាប់ពីមានកិច្ចពិភាក្សាចរចាគ្នា អស់រយៈពេលជាយូរខែរួចមក។
សូមរំឭកដែរថា មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-១៩ ជាវីរុស ដែលត្រូវបានគេរកឃើញលើកដំបូង នៅក្នុងទីក្រុងវូហាន កាលពីចុងឆ្នាំ២០១៩ នៅក្នុងផ្សារលក់សាច់សត្វព្រៃដ៏ល្បីល្បាញ និងមមាញឹកមួយកន្លែង៕
#អរគុណសន្តិភាព