ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ (រួមមាន៖ ការជួបប្រជុំជាមួយក្រសួង ការចុះបេសកកម្មរាជធានី-ខេត្តទាំង២៥ ការរៀបចំសិក្ខាសាលា និងការពិនិត្យតាមគោលដៅនានា) និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២១ ព្រមទាំងពិនិត្យ និងកែសម្រួលលើសេចក្ដីសម្រេចបែងចែកភារកិច្ចផ្សេងៗរបស់គណៈកម្មការទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
ក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្ម របស់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្នុងបេសកម្មរបស់គណៈកម្មការនាពេលកន្លងមក ដែលនេះបានបញ្ជាក់ពីការបំពេញតួនាទី ប្រកបដោយស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងភាពទទួលខុសត្រូវរបស់សមាជិក សមាជិកា នៃគណៈកម្មការ ក្នុងបុព្វហេតុរួមគ្នាដើម្បីប្រយោជន៍ប្រជាជន និងប្រទេសជាតិ។
សូមជម្រាបជូនដែរថា គណៈកម្មការទី៧ នឹងបន្តការបំពេញភារកិច្ចរបស់ខ្លួនស្របតាមតួនាទីភារកិច្ចរបស់គណៈកម្មការ ក្នុងនាមជាសេនាធិការរបស់រដ្ឋសភា ដោយបន្តតាមដាន ត្រួតពិនិត្យ ពិភាក្សា ផ្ដល់ជាធាតុចូលលើការអនុវត្ត្ត គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៃវិស័យទាំង៤ក្នុងបន្ទុក។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងនាមជាតំណាងរាស្ត្រ នឹងបន្តបំពេញការងារក្នុងមូលដ្ឋានរៀងៗខ្លួនដើម្បីឆ្លើយតប និងបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕
#អរគុណសន្តិភាព