ឥណ្ឌា៖ នឹងចាប់ផ្ដើម គ្រោងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឱ្យប្រជាជនចំនួន ១ ៣០០លាននាក់ ដោយនឹងចាប់ផ្ដើមក្រុមដំបូង នៅថ្ងៃសៅរ៍ខាងមុខនេះ(ទី១៦មករា) ខណៈដែលភាគីច្រើនទៀត នៅតែកង្វល់រឿងសុវត្ថិភាពរបស់វ៉ាក់សាំង និងគ្រោងសាងគ្រឹះ ផ្នែកសុខភាពសាធារណៈ ដែលអាចមិនអំណោយផល រួមទាំងភាពស្ទាក់ស្ទើររបស់ប្រជាជនក្នុងការចូលទទួលយកវ៉ាក់សាំងទៀតផង។
ប្រទេសឥណ្ឌា ដែលមានចំនួនប្រជាជន លំដាប់លេខ២ លើពិភពលោក បានកំណត់គោលដៅចាក់វ៉ាក់សាំងឱ្យបានពលរដ្ឋ ៣០០លាននាក់ ឬស្មើនឹងចំនួនប្រជាជននៅក្នុងសហរដ្ឋអាមេរិកទាំងអស់ ក្នុងខែកក្កដា។
បុគ្គលិកពេទ្យ និងមន្ត្រី ដែលជាជួរមុខ ប្រយុទ្ធនឹងកូវីដ-១៩ ចំនួន ៣០លាននាក់ នឹងក្លាយជាមនុស្សក្រុមដំបូងគេ ដែលបាននឹងទទួលវ៉ាក់សាំង ១ក្នុង២ប្រភេទ ដែលទទួលបានការអនុម័តឱ្យប្រើការក្នុងគ្រាអាសន្នរួចហើយ និងតាមដោយពលរដ្ឋដែលមានអាយុលើស ៥០ឆ្នាំ ឬអ្នកដែលមានភាពប្រឈមខ្ពស់ ប្រមាណជា ២៧០លាននាក់ទៀត។
អាជ្ញាធរ ១៥០ ០០០នាក់ នៅក្នុង ៧០០តំបន់ទូទាំងប្រទេសឥណ្ឌា បានទទួលការហ្វឹកហាត់ជាពិសេស ដើម្បីបំពេញភារកិច្ចនេះ និងនៅមានការហាត់សមដឹកជញ្ជូនវ៉ាក់សាំង ទៅកាន់ទីកន្លែងផ្សេងៗជាច្រើនដង ដើម្បីការពារបញ្ហាដែលនឹងកើតឡើង ដោយអាស្រ័យបទពិសោធ ដែលធ្លាប់បានពីការរៀបចំការបោះឆ្នោត និងគ្រោងការចាក់វ៉ាក់សាំងការពារជំងឺប៉ូលីយ៉ូ និងរបេងលើកុមារ មកធ្វើជាមេរៀន។
តែយ៉ាងណាក៏ដោយ លោក សាត់យ៉ាជិត រ៉ាត មកពីវិទ្យាស្ថានជាតិ សាងប្រព័ន្ធការពាររោគ(National Institute of Immunology) បានទទួលស្គាល់ថា ការចាក់វ៉ាក់សាំងការពារជំងឺប៉ូលីយ៉ូ ឱ្យក្មេងៗ “ជារឿងដែលងាយជាងឆ្ងាយណាស់” ពេលប្រៀបធៀបជាមួយវ៉ាក់សាំងកូវីដ-១៩ ដែលជាការងារពិបាកមិនធម្មតាឡើយ ដោយសារតែប្រទេសឥណ្ឌា ជាប្រទេសខ្នាតធំ ដែលប្រព័ន្ធសុខភាពសាធារណៈ មិនបានទទួលថវិកាគាំទ្រគ្រប់គ្រាន់ ហើយផ្លូវថ្នល់ ថែមទាំងមានសភាពលំបាកលំបិនទៀតផង។
រដ្ឋបាលឥណ្ឌា បានអនុម័តប្រើវ៉ាក់សាំង Coshield របស់ក្រុមហ៊ុន អ៊ែស្ត្រាហ្សេនេកា ដែលផលិតដោយវិទ្យាស្ថានសេរ៉ូមឥណ្ឌា (Serum Institute ) និងវ៉ាក់សាំង Covaxin ដែលអភិវឌ្ឍដោយក្រុមហ៊ុន ភារ៉ាត់ បៃអូថេក ប៉ុន្តែវ៉ាក់សាំងទាំង ២ប្រភេទនេះ នឹងត្រូវរក្សាទុកនៅក្នុងទូទឹកកកជាប់រហូត។
រដ្ឋបាលឥណ្ឌា បានបង្កើតខ្សែបណ្ដាញបន្ទប់ក្លាស្សេចំនួន ២៩ ០០០កន្លែង រួមទាំងបន្ទប់ក្លាស្សេបែប វ៉ក-អ៊ីន(Walk-in coolers) ២៤០កន្លែង, បន្ទប់ក្លាស្សេកក វ៉ក-អ៊ីន(Walk-in Freezers) ៧០បន្ទប់, ទូទឹកកកបែបប្រើដុំទឹកកក(Ice-lined refrigerators) ៤៥ ០០០ទូ, ទូក្លាស្សេកក សីតុណ្ហភាពក្រោមសូន្យពិសេស(Deep freezers) ៤១ ០០០ទូ, និងទូទឹកកកប្រើពន្លឺព្រះអាទិត្យ ៣០០ទូទៀត បានត្រៀមទុកជាស្រេចហើយសម្រាប់ភារកិច្ចនេះ។
ភាគីជាច្រើន បានសម្ដែងក្ដីកង្វល់ពាក់ព័ន្ធនឹងផែនការរបស់រដ្ឋបាល ក្នុងការចាត់ការរៀបចំកម្មវិធីទាំងអស់នេះ តាមរយៈ Application CoWIN ដែលមានអ្នកធ្វើ “Versionក្លែងក្លាយ” ចេញមកហើយជាច្រើន។
ថ្មីៗបំផុតនេះ ម្សិលមិញ(ទី១១មករា) នៅមិនទាន់មានភាពច្បាស់លាស់ថា តើរដ្ឋបាលឥណ្ឌា ជាមួយវិទ្យាស្ថានសេរ៉ូម មានកិច្ចព្រមព្រៀងគ្នាហើយឬនៅថា នឹងកំណត់តម្លៃវ៉ាក់សាំង ១ដូសក្នុងតម្លៃប៉ុន្មាន?។
កូវីដ-១៩ បានប្រហារជីវិតប្រជាជនឥណ្ឌារួចហើយ ច្រើនជាង ១៥០ ០០០នាក់ ខណៈដែលសេដ្ឋកិច្ចប្រទេសឥណ្ឌាខ្លួនឯង ក៏បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនចាញ់ប្រទេសណាៗលើពិភពលោកដែរ ដោយធ្វើឱ្យមាន អ្នកគ្មានការងារធ្វើជាច្រើនលាននាក់។
យ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ មានការបង្ហើបឱ្យដឹងពីលទ្ធផល នៃការធ្វើប្រជាមតិប្រជាជនឥណ្ឌាចំនួន ១៨ ០០០នាក់ បានរកឃើញថា ៦៩% មិនចង់ប្រញាប់ចាក់វ៉ាក់សាំងកូវីដ-១៩ឡើយ។
មូលហេតុដែលប្រជាជនឥណ្ឌា ខ្វះភាពជឿជាក់ចំពោះវ៉ាក់សាំង គឺដោយសារតែ វ៉ាក់សាំងរបស់ក្រុមហ៊ុន ភារ៉ាត់ បៃអូថេក នៅមិនទាន់មានលទ្ធផលការសាកល្បងដំណាក់កាលទី៣ ដើម្បីអះអាងសុវត្ថិភាពលើមនុស្សនៅឡើយ និងថែមទាំងមានលេចឮព័ត៌មានទៀតថា វិទ្យាស្ថានសេរ៉ូម ដាក់តម្លៃវ៉ាក់សាំងរបស់អ៊ែស្ត្រាហ្សេនីកា ខ្ពស់ដល់ទៅ ១ ០០០រូពី ក្នុង ១ដូស(ប្រមាណ $១៣) ដែលអាចធ្វើឱ្យអ្នកមានប្រាក់ចំណូលតិចតួច មិនអាចទទួលបានវ៉ាក់សាំង៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន AFP
ប្រែ និងសម្រួលដោយ តាវ៉ែនតា
លិងក៍ https://mgronline.com/around/detail/9640000002542