ចក្រភពអង់គ្លេស៖ ប្រកាសហាមជើងហោះហើរ មកពីទ្វីបអាមេរិកខាងត្បូង ព័រទុយហ្គាល់ និងសាធារណរដ្ឋ កាប៊ូវេឌី ក្នុងទ្វីបអាហ្វ្រិក ធ្វើដំណើរចូលប្រទេស ចាប់ពីម៉ោង ០៤.០០GMT នៃថ្ងៃទី១៥ មករា(ម៉ោង ១១ថ្ងៃក្នុងប្រទេសកម្ពុជា)តទៅ ដើម្បីទប់ស្កាត់វីរុសកូរ៉ូណាក្លាយពូជ ដែលកំពុងរកឃើញនៅក្នុងប្រទេសប្រេស៊ីល។

ពលរដ្ឋសញ្ជាតិអង់គ្លេស, អៃរីស និងជនបរទេស ដែលមានសិទ្ធិស្នាក់នៅតាមច្បាប់ ក្នុងចក្រភពអង់គ្លេស នៅតែបានទទួលការអនុញ្ញាតឱ្យចូលប្រទេសបាន តែត្រូវដាក់ឱ្យនៅដោយឡែករយៈពេល ១០ថ្ងៃ។
កាលពីពេលមុននេះ ប្រទេសអង់គ្លេស និងអាហ្វ្រិកខាងត្បូង សុទ្ធតែរកឃើញវីរុសកូរ៉ូណាក្លាយពូជ ដែលធ្វើឱ្យប្រទេសជាច្រើន ចេញច្បាប់ទប់ស្កាត់ ការធ្វើដំណើរចូលប្រទេសរបស់អ្នកដំណើរមកពីប្រទេសទាំង ២នេះ។
ប្រទេសប្រេស៊ីល ឈីលី កួតេម៉ាឡា និងប៉ាណាម៉ា បានចេញរបៀបវិធីទប់ស្កាត់ការធ្វើដំណើរចូលប្រទេស ចំពោះអ្នកធ្វើដំណើរមកពីចក្រភពអង់គ្លេស ខណៈដែលអាហ្សង់ទីន និងអ៊ុរុហ្កាយ បានចេញបញ្ជា មិនទទួលជនបរទេស ដែលមិនមានសិទ្ធិស្នាក់នៅតាមច្បាប់ ធ្វើដំណើរចូលប្រទេស។

មន្ត្រីអង្គការសុខភាពពិភពលោក ធ្វើដំណើរទៅដល់ប្រទេសចិនហើយ
ក្រុមអ្នកវិទ្យាសាស្ត្រ ពីអង្គការសុខភាពពិភពលោក ឬWHO បានធ្វើដំណើរទៅដល់ប្រទេសចិនហើយ ដើម្បីពិនិត្យមើលប្រភពកំណើតរបស់ជំងឺកូវីដ-១៩ ដោយការធ្វើដំណើរទៅដល់របស់ក្រុមមន្ត្រីទាំងនោះ បានកើតឡើងក្នុងអំឡុងដែលប្រទេសចិន កំពុងវិលត្រឡប់ មកមានអ្នកឆ្លងមេរោគកើនឡើងខ្ពស់ជាថ្មីម្ដងទៀត។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា គណៈកម្មការសុខភាពនៃប្រទេសចិន បានរាយការណ៍ពីចំនួនអ្នកឆ្លងមេរោគថ្មី ១៣៨នាក់ កាលពីថ្ងៃព្រហស្បតិ៍(ទី១៤មករា) ដែលអាចនិយាយបានថា ជាចំនួនអ្នកឆ្លងមេរោគដែលខ្ពស់បំផុត ចាប់តាំងពីខែមិនា ឆ្នាំកន្លងមក។
ស្ត្រីម្នាក់ ដែលមានបញ្ហាផ្នែកសុខភាពពីមុនមកស្រាប់ បានក្លាយជាអ្នកជំងឺកូវីដ-១៩ ដំបូងគេដែលបានស្លាប់ ក្នុងអំឡុងជុំច្រើនខែកន្លងមកនេះ របស់ប្រទេសចិន។

អ្នកឆ្លងមេរោគបានផ្ដុំគ្នានៅក្នុងមណ្ឌលហ៊ើពេយ ភាគខាងកើតឆៀងខាងជើងរបស់ប្រទេសចិន មិនឆ្ងាយប៉ុន្មានពីក្រុងប៉េកាំង និងមណ្ឌលហ៊ើយលង់ចៀង ដែលមានព្រំដែនជាប់នឹងប្រទេសរុស្ស៊ី។
ទោះជាអ្នកឆ្លងមេរោគក្នុងប្រទេសចិននាពេលនេះ អាចនិយាយបានថា មានចំនួនមិនច្រើនទេ បើប្រៀបធៀបនឹងអ្នកឆ្លងមេរោគក្នុងប្រទេសជាច្រើនទៀតមែន តែ ក៏ធ្វើឱ្យកើតមានក្ដីកង្វល់យ៉ាងខ្លាំងនៅក្នុងប្រទេសមួយនេះ ជាពិសេសក្នុងអំឡុងពេលមិនប៉ុន្មានសប្ដាហ៍ មុនដល់រដូវកាលចូលឆ្នាំចិន ដែលមនុស្សជាច្រើនរយលាននាក់ កំពុងប្រុងប្រៀបធ្វើដំណើរទូទាំងប្រទេស។
ខណៈដែល WHO បានបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រ ២នាក់ មិនអាចធ្វើដំណើរទៅកាន់ទីក្រុងវូហានបានឡើយ ព្រោះត្រូវបានពិនិត្យរកឃើញថា មានអង់ទីគ័ររបស់វីរុសកូរ៉ូណា ដែលធ្វើឱ្យកើតជំងឺកូវីដ-១៩ មុនពេលឡើងយន្តហោះពីប្រទេសសិង្ហបុរី។
មន្ត្រី WHO ត្រូវបង្ខាំង ដាក់នៅដោយឡែក មុនចាប់ផ្ដើមភារកិច្ច

មន្ត្រីរដ្ឋបាលរបស់ប្រទេសចិនក្នុងឈុតការពារមេរោគ បានមកជួបក្រុមអ្នកវិទ្យាសាស្ត្ររបស់ WHO ទាំង ១៣នាក់ ដែលបានទទួលការពិនិត្យរកមេរោគ ពេលធ្វើដំណើរទៅដល់។ ពួកគេនឹងត្រូវចូលទទួលការដាក់ឱ្យនៅដោយឡែក រយៈពេល ២សប្ដាហ៍នៅក្នុងសណ្ឋាគារ មុននឹងចាប់ផ្ដើមភារកិច្ច។
ក្រុមមន្ត្រីទាំងនោះ នឹងប្រើពេលវេលា នៃការដាក់ឱ្យនៅដោយឡែកនេះ រៀបចំផែនការថា តើចាំបាច់ត្រូវពិភាក្សាជាមួយអ្នកណាខ្លះនៅក្នុងប្រទេសចិន។
លោកសាស្ត្រាចារ្យ ហ្វាបៀន លេអេនដ្រេត៍ មកពីវិទ្យាស្ថាន រ៉ូប៊ែត៍ កុក(Robert Koch Institute) អង្គភាពសុខភាពសាធារណៈរបស់ប្រទេសអាល្លឺម៉ង់ ដែលជាផ្នែកមួយរបស់ក្រុមមន្ត្រី WHO បានថ្លែងថា លោកនឹងចូលរួមប្រជុំតាមរយៈវីដេអូខល ពីស្ថាប័នរបស់លោកក្នុងទីក្រុងប៊ែរឡាំង។
“ផ្សារវូហាន(ជាកន្លែងដំបូងគេ ដែលពិនិត្យរកឃើញវីរុស) ប្រាកដណាស់ថា នឹងមានឈ្មោះនៅក្នុងបញ្ជី” លោកបានប្រាប់ ទីភ្នាក់ងារ BBC World TV ថា “ពួកគេនឹងជួបជាមួយមិត្តរួមការងារជនជាតិចិន ដែលធ្វើការពាក់ព័ន្ធនឹងវីរុសទាំងនោះ”

លោកថ្លែងថា គោលដៅរបស់ភារកិច្ចនេះគឺ ការស្វែងរកទិន្នន័យដែលមានស្រាប់ និងរកមើលថា តើចាំបាច់ត្រូវធ្វើអ្វីទៀតខ្លះ ដើម្បី “តអាថ៌កំបាំងទាំងអស់ចូលគ្នា ឱ្យមើលឃើញរូបភាពដែលច្បាស់លាស់ថា តើវីរុស វាចម្លងពីសត្វ មកមនុស្សបានដោយរបៀបណា?”
លោកបានថ្លែងទៀតថា គ្រប់គ្នាចាប់អារម្មណ៍ក្នុងការស្វែងរករឿងរ៉ាវដែលកើតឡើងនេះ “ព្រោះនៅពេលដែលអ្នកដឹងថា ជំងឺឆ្លងមួយនេះ វាកើតឡើងដោយរបៀបណាហើយនោះ ទើបអ្នកអាចបញ្ជាក់ពីវិធីដែលនឹងកាត់បន្ថយភាពប្រឈម មិនឱ្យរឿងទាំងនោះកើតឡើងបានទៀតនាពេលអនាគត”៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព