ប្រទេសជប៉ុន៖ បានផ្អាកការធ្វើដំណើរចូលប្រទេស របស់ជនបរទេសទាំងអស់ ព្រមទាំងស្នើកែច្បាប់ដាក់ទោសអ្នកល្មើសវិធានការគ្រប់គ្រងរោគឆ្លង ដោយការប្រកាសឈ្មោះ, បញ្ឈប់ការអនុញ្ញាតស្នាក់នៅ ឬនិរទេសចេញពីប្រទេសតែម្ដង។
រដ្ឋបាលជប៉ុន បានសម្រេចចិត្តផ្អាកការធ្វើដំណើរចូលប្រទេស របស់ជនបរទេស រួមទាំងក្រុមអ្នកធុរកិច្ចមកពី ១១ប្រទេស និងតំបន់ដែលទទួលបានសិទ្ធិពិសេសកាលពីពេលមុនទាំងអស់ ធ្វើឱ្យពេលនេះ អ្នកដែលនៅតែ អាចធ្វើដំណើរចូលប្រទេសជប៉ុនបាន មានតែជនជាតិជប៉ុន, អ្នកដែលមានសិទ្ធិស្នាក់នៅក្នុងប្រទេសជប៉ុន(មានសៃរីវកាត) និងអ្នកដែលមានភាពចាំបាច់ផ្នែកមនុស្សធម៌ ដូចជាមកចូលរួមពិធីបុណ្យសពសាច់ញាតិ ឬការប្រសូតបុត្រ របស់សាច់ញាតិ ដែលរស់នៅក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះ។
វិធានការនេះ បានចាប់ផ្ដើមដំណើរការហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ មករា ហើយនឹងមានសុពលភាព រហូតទាល់តែមានការបញ្ចប់ ការប្រកាសស្ថានការណ៍គ្រាអាសន្ន គឺនៅថ្ងៃទី៧ កុម្ភៈ (បើសិនមិនមានការពន្យារពេលថែមទៀត)។

ក្រៅពីនេះ អ្នកដែលចូលប្រទេសជប៉ុន នឹងត្រូវចុះឈ្មោះនៅក្នុងឯកសារ អះអាងថា នឹងនៅតែក្នុងផ្ទះ ឬទីកន្លែងស្នាក់នៅដោយឡែក រយៈពេល ១៤ថ្ងៃ ព្រមទាំងបង្ហាញទិន្នន័យទីតាំងរបស់ពួកគេទៀតផង។ បើសិនល្មើស វិធានការនេះ នឹងត្រូវពិចារណាដាក់ទោស ដោយប្រកាសឈ្មោះ, បញ្ឈប់ការស្នាក់នៅ ឬបណ្ដេញចេញពីប្រទេសតែម្ដង។
ត្រៀមកែប្រែច្បាប់ ដាក់ទោសធុរកិច្ច-ប្រជាជនណា ដែលមិនសហការទប់ស្កាត់មេរោគកូវីដ
រដ្ឋបាលជប៉ុន កំពុងប្រុងស្នើកែច្បាប់គ្រប់គ្រងជំងឺឆ្លង ក្រោយរកឃើញ មានអ្នកដែលល្មើសវិធានការបង្ខាំងខ្លួននៅដោយឡែក ដើរចេញក្រៅទីតាំង រហូតកើតមានការឆ្លងរាលដាលពាសណាពាសណី រួមទាំងធុរកិច្ចមួយចំនួន ដែលមិនព្រមប្រតិបត្តិតាមសំណូមពរសុំឱ្យបន្ថយពេលវេលាបម្រើសេវាកម្ម ព្រោះមិនបានប្រាក់សំណង ដោយសារច្បាប់ក្នុងខណៈពេលនេះ ធ្វើបានត្រឹមតែ “សុំកិច្ចសហការ” មិនមានវិធានការ “ដាក់ទោស” ឡើយ។
ស្ថិតក្រោមផែនការនេះ រដ្ឋបាលជប៉ុននឹងប្រគល់អំណាចខាងច្បាប់ ទៅឱ្យអភិបាលខេត្តកាន់តែច្រើនឡើង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរបស់ជំងឺ។ អភិបាលខេត្ត នឹងអាចចេញបញ្ជាឱ្យអ្នកប្រកបកិច្ចការរកស៊ី នៅក្នុងខេត្តរបស់ខ្លួន កែសម្រួលពេលវេលាបម្រើសេវាកម្មបាន ដោយមិនចាំបាច់រង់ចាំការប្រកាសស្ថានការណ៍គ្រាអាសន្នពីរដ្ឋាភិបាលឡើយ។ បើអ្នកប្រកបកិច្ចការរកស៊ី បដិសេធមិនធ្វើតាម អភិបាលខេត្ត ក៏នឹងមានអំណាចបញ្ជាឱ្យអាជ្ញាធរចូលត្រួតពិនិត្យ រួមទាំងដាក់ទោសទណ្ឌ ដោយវិធានការខាងការគ្រប់គ្រង ឬកំណត់ទោសផាកពិន័យបានភ្លាមតែម្ដង។

សេចក្ដីព្រាងច្បាប់នេះ ថែមទាំងរំឭកវិធានការគ្រប់គ្រងជំងឺឆ្លង ឱ្យអាចដាក់ទោសប្រជាជនណា ដែលបដិសេធវិធានការគ្រប់គ្រងជំងឺឆ្លង, ការបង្ខាំងដាក់ឱ្យនៅដោយឡែក, ការរួមសហការតាមដានប្រភពចម្លងមេរោគ តែមិនទាន់ប្រាកដច្បាស់នៅឡើយថា ជាទោសផាកពិន័យប្រាក់ ឬវិធានការខាងសង្គមផ្សេងទៀតឡើយ។
ក្រៅពីនេះ នៅបានផ្ដល់អំណាច អភិបាលខេត្ត-ក្រុង បញ្ជាឱ្យអ្នកជំងឺដែលមានអាការមិនធ្ងន់ធ្ងរ ឬមិនបង្ហាញអាការរោគសញ្ញា ត្រូវសម្រាកព្យាបាលខ្លួននៅតាមផ្ទះ ឬទីកន្លែងណាមួយដែលបានកំណត់ទុក បើបដិសេធ នឹងត្រូវដាក់ទោស ឬបង្ខំឱ្យចូលព្យាបាលខ្លួនឱ្យខាងតែបាន។
រដ្ឋបាល ថែមទាំងបានទទួលស្ដាប់គំនិតយោបល់របស់ភាគីប្រឆាំង ក្នុងការកែប្រែច្បាប់ កាលពីថ្ងៃពុធ ទី១៣ មករា និងសង្ឃឹមថា គណៈរដ្ឋមន្ត្រី នឹងអនុម័តឯកភាពយ៉ាងលឿនបំផុត ក្នុងសប្ដាហ៍ខាងមុខ៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព