You are currently viewing រដ្ឋបាល​ខេត្តសៀមរាប នឹងធ្វើ​ការកែលម្អ​មណ្ឌល​រដ្ឋបាល​មន្ទីរ​ខេត្ត ឲ្យ​កាន់​តែមាន​ភាពស្រស់ស្អាត  មាន​អនាម័យ និង បរិស្ថាន​ល្អ  រួមទាំង​ការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ

រដ្ឋបាល​ខេត្តសៀមរាប នឹងធ្វើ​ការកែលម្អ​មណ្ឌល​រដ្ឋបាល​មន្ទីរ​ខេត្ត ឲ្យ​កាន់​តែមាន​ភាពស្រស់ស្អាត  មាន​អនាម័យ និង បរិស្ថាន​ល្អ  រួមទាំង​ការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ

សៀមរាប៖  ក្នុងឱកាស​បើក​កិច្ចប្រជុំ​ពិភាក្សា​រួម​លើ​ការងារ​គ្រប់គ្រង ការងារ​បរិស្ថាន សន្តិសុខ​សណ្តាប់ធ្នាប់ របៀប​រៀប​រៀបរយ​សាធារណៈ​នៅក្នុង​មណ្ឌលរដ្ឋបាល​មន្ទីរ​ខេត្ត នា​ព្រឹក​ថ្ងៃទី១៥ខែមករា​ឆ្នាំ២០២១ លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា មណ្ឌលរដ្ឋបាល​មន្ទីរ​ខេត្តសៀមរាប ជា​កន្លែង​ប្រមូលផ្ដុំ​គ្រប់​មន្ទីរជំនាញ​សម្រាប់​បម្រើសេវា​រួម​ជូន​ដល់​ប្រជាពលរដ្ឋ ដូច្នេះ​ជាគោលការណ៍​របស់​ឯក​ឧត្ដម​អភិបាល​បាល​ខេត្ត គឺ​ត្រូវ​រៀបចំ​ទីកន្លែង​នេះ ឲ្យ​កាន់​តែមាន​ភាពស្រស់ស្អាត​ទាំង​សោភ័ណភាព អនាម័យ និង បរិស្ថាន រួមទាំង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ផងដែរ ដូច្នេះ​កិច្ចប្រជុំ​នា​ថ្ងៃនេះ គឺ​ដើម្បី​ប្រមូល​មតិយោបល់​រួម​សម្រាប់​ស្នើសុំ​គោលការណ៍​ពី​ឯកឧត្តម អភិបាលខេត្ត ពិនិត្យ​និង​សម្រេច ។

លោក សុខ ថុល មានប្រសាសន៍​ទៀតថា យោងតាម​ស្មារតី​នៃ​កិច្ចប្រជុំ​នេះ គឺ​បាន​ឯកភាពគ្នា​ដោយ​ធ្វើ​បណ្ណ​សម្រាប់​ឱ្យ​មន្ត្រីរាជការ និង​បុគ្គលិក​នៃ​មណ្ឌលរដ្ឋបាល​មន្ទីរ​ខេត្ត​ទាំងអស់ ត្រូវ​ពាក់​ប័ណ្ណសំគាល់ខ្លួន​ពេល​ចូល​បម្រើ​ការងារ​ដោយ​យក​ទម្រង់​តែមួយ និង​ចុះហត្ថលេខា​ដោយ​ប្រធាន​មន្ទីរនីមួយៗ , រៀបចំ​ជា​ចំណត​យានយន្ត​សម្រាប់​សាធារណៈជន​មក​ទទួល​និង​ស្វែងរក​សេវា​ពាក់​ព័​ន្ឋ​នៅទីនេះ ដែល​គ្រោង​នឹងមាន​ការរៀបចំ​ចាក់ដី ក្រាល​ការ៉ូឡា និង​រៀបចំ​ជា​សួន ការប្រមូល និង ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ រួមទាំង​ឱ្យមាន​អាហា​រដ្ឋា​ន​ដែលមាន​លក្ខណៈ​សមរម្យ​នៅក្នុង​មណ្ឌលរដ្ឋបាល​មន្ទីរ​ខេត្ត​ផងដែរ ។

ក្នុងឱកាស​នោះដែរ លោក សុខ ថុល បានស្នើ​ដល់​កម្លាំង​នគរបាល​ដែល​ប្រចាំការ​នៅ​មណ្ឌលរដ្ឋបាល​មន្ទីរ​ខេត្ត នៅពេល​មាន​ប័ណ្ណសំគាល់ខ្លួន​និង​ប័ណ្ណ​សំគាល់​យានយន្ត​ចេញចូល ត្រូវ​បែងចែក​វេន​ប្រចាំការ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​បំពេញការងារ​ភារកិច្ច​ប្រកបដោយ​ភាព​ទទួលខុសត្រូវ ដើម្បី​ធានាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​នៅទីនេះ និង​គួរ​ពិនិត្យ​ល​ទ្ឋ​ភាព​រៀបចំ​ឱ្យ​បានល្អ​ឡើងវិញ​នូវ​ប៉ុស្តិ៍​ប្រចាំការ គឺ​ប្រើ​សម្រាប់តែ​អ្នកប្រចាំការ​ប៉ុណ្ណោះ ព្រោះ​ជា​ច្រកចេញចូល​សំខាន់​សម្រាប់​មន្ត្រីរាជកា​រ និង​សាធារណៈជន​ទូទៅ​ដែល​មក​ទទួល​សេវាផ្សេងៗ ៕

#អរគុណសន្តិភាព

Leave a Reply