រតនគិរី៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តរតនគិរី មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងលេីកទិសដៅការងារបន្តឆ្នាំ ២០២១ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជាហេរញ្ញឹក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និងមន្ត្រីក្រុមប្រតិបត្តិសាខា ផងដែរ ។

កិច្ចប្រជុំមានរបៀបវារៈសំខាន់ដូចជា៖
១. មតិសំណេះសំណាល និងបេីកកិច្ចប្រជុំ ដោយឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា
២. របាយការណ៍សកម្មភាព និងហិរញ្ញវត្ថុ ១២ ខែ ឆ្នាំ ២០២០
៣. បទបង្ហាញសង្ខេបអំពីផែនការថវិកាអភិវឌ្ឍន៍សាខាឆ្នាំ ២០២១
៤. ផ្សេងៗ
មានប្រសាសន៍បេីកកិច្ចប្រជុំ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើឲ្យវិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ឆ្នាំ នេះ ទោះបីមានការរំខានពីវិបត្តិកូវីដ ១៩ យ៉ាងណាក្តី ក៏សាខា បានពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេសការផ្តល់ជំនួយសង្គ្រោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ ដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលខ្វះខាតជីវភាព បានទាន់ពេលវេលាស្រប
តាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា “។ ជាមួយនេះ សាខា ក៏បានរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការ ដឹកនាំកម្លាំងយុវជនកាក
បាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ចុះ អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការ អប់រំសុខភាព ពាក់ព័ន្ធទៅនឹងវិធានការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ19 – ជំងឺគ្រុនឈីក គ្រុនឈាម នៅតាមភ្លើងស្តុបនានាក្នុងក្រុង និងនៅតាមមូលដ្ឋាននានា ក្នុងទូទាំងខេត្ត ។

ក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានណែនាំអំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ បន្តការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តចូលរួមអនុវត្ត វិធានការរបស់ក្រសួងសុខាភិបាល ដើម្បី ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ ឲ្យបានជាប្រចាំ ។ ត្រូវពង្រឹងភាពម្ចាស់ការ របស់សាខា-អនុសាខាក្រុង ស្រុក រួមជាមួយការពង្រឹង និងពង្រីកបណ្តាញយុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតប ត្រៀមបង្ការ និងកសាងភាពធន់មាំនៅសហគមន៍ ។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រងចំណូល ចំណាយ ការទូទាត់ ឲ្យមានតម្លាភាព និងគណនេយ្យភាព ៕
#អរគុណសន្តិភាព