មីយ៉ាន់ម៉ា៖ រដ្ឋការយោធាមីយ៉ាន់ម៉ា បានប្រកាសប្រើច្បាប់អាជ្ញាសឹកនៅក្នុងផ្នែកជាច្រើនក្នុង ម៉ាន់ដាលេយ៍ ទីក្រុងធំលំដាប់លេខ២ របស់ប្រទេស កាលពីថ្ងៃចន្ទ ម្សិលមិញ ក្រោយពីមនុស្សម្នាចំនួនខ្ទង់សែននាក់ បានចេញមកជួបជំនុំគ្នាទូទាំងប្រទេស ដើម្បីប្រឆាំង តតាំងនឹងការធ្វើរដ្ឋប្រហារដណ្ដើមអំណាចរបស់កងទ័ព និងស្ថានីយទូរទស្សន៍របស់រដ្ឋ បានប្រកាសព្រមានថា អាចនឹងត្រូវប្រើវិធានការក្ដៅអ្វីម្យ៉ាង ដើម្បីចាត់ការទៅលើការធ្វើបាតុកម្ម ដែលខុសច្បាប់ ក្រៅពីនេះក្រុមប៉ូលិស បានបាញ់ទឹកបំបែកហ្វូងអ្នកតវ៉ាក្នុងទីក្រុងណេពិដ័រទៀតផង។

ការប្រកាសប្រើច្បាប់អាជ្ញាសឹកនេះ បានគ្របដណ្ដប់លើ ៧ស្រុក ក្នុងតំបន់ម៉ាន់ដាលេយ៍ ដែលមានខ្លឹមសារ ហាមការជួបជំនុំគ្នាលើស ៥នាក់ និងហាមចេញក្រៅគេហដ្ឋាននៅពេលយប់(បម្រាមគោចរ) ចាប់តាំងពីម៉ោង ២០.០០ រហូតដល់ម៉ោង ៤.០។ នេះបើតាមពាក្យថ្លែងការណ៍របស់គណៈគ្រប់គ្រងកិច្ចការទូទៅ។
ក្រៅពីនេះ នៅមានសេចក្ដីប្រកាសក្នុងទំនងដូចគ្នានេះ នៅក្នុងស្រុកមួយ ក្នុងតំបន់អ៊ិរ៉ាវឌី ភាគខាងត្បូង និងមានការសន្និដ្ឋានថា អាចនឹងមានបទបញ្ជាបែបនេះ ថ្មីថែមទៀតនៅក្នុងទីតាំងផ្សេងទៀត ត្រូវបានប្រកាសនៅថ្ងៃអង្គារ ទី៩ កុម្ភៈនេះ។
កាលពីថ្ងៃចន្ទ(ទី៨កុម្ភៈ) មានប្រជាជនមីយ៉ាន់ម៉ា នៅក្នុងទីក្រុងផ្សេងៗទូទាំងប្រទេស បានចេញមកជួបជំនុំគ្នា រយៈពេល ៣ថ្ងៃជាប់ៗគ្នាមកហើយ ដើម្បីប្រឆាំងតវ៉ានឹងកងទ័ព និងទាមទារឱ្យដោះលែងលោកស្រីអ៊ុងសាន ស៊ូជី។

ក្រុមប្រជាជនដ៏ច្រើន បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងម៉ាន់ដាលេយ៍ ក្រៅពីនោះ នៅមានរបាយការណ៍ថា មានមនុស្សរាប់ពាន់នាក់ បានដើរក្បួននៅក្នុងទីក្រុងថ្វាយ ភាគខាងកើតឆៀងខាងត្បូង និងនៅក្នុងរដ្ឋកៈឈិន ភាគខាងជើងបំផុតនៃប្រទេស ដែលឆ្លុះបញ្ចាំងពីការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា នៅក្នុងក្រុមជាតិសាសន៍ផ្សេងៗ សូម្បីតែក្រុម ដែលធ្លាប់រិះគន់លោកស្រីស៊ូជី ក៏បង្ហាញពីការតតាំងនឹងការធ្វើរដ្ឋប្រហាររបស់កងទ័ពដែរ។
ចំណែកក្នុងទីក្រុងយ៉ាំងហ្គោន ព្រះសង្ឃ បានដឹកនាំក្រុមនិស្សិត និងពលករ ដើរជាក្បួន តវ៉ាទាមទារឱ្យយោធាដោះលែងលោកស្រីស៊ូជី និងប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញ។

ការតវ៉ាប្រឆាំង ដែលផ្ទុះឡើងក្នុងអំឡុងចុងសប្ដាហ៍កន្លងទៅ មានប្រជាជនចូលរួមជាច្រើនម៉ឺននាក់នៅក្នុងទីក្រុងផ្សេងៗ គឺជាការបង្ហាញកម្លាំងដ៏ធំបំផុត ចាប់តាំងពីមាន “ការបដិវត្ត ក្រណាត់ពណ៌លឿង” ក្នុងឆ្នាំ2007 ដែលមានព្រះសង្ឃជាមេដឹកនាំ និងបន្ទាប់ពីនោះមក យោធាបានចាប់ផ្ដើមដកខ្លួនជាបណ្ដើរៗពីកិច្ចការនយោបាយ ក្នុងអំឡុងច្រើនឆ្នាំកន្លងមកនេះ។
ហើយនៅពេលនេះ ទោះជាមិនមានការបង្ក្រាបដោយអំពើហិង្សាណាមួយក៏ដោយ តែការដែលមានក្បួនរថយន្តយោធា ធ្វើដំណើរមកដល់ទីក្រុងយ៉ាំងហ្គោន កាលពីរាត្រីថ្ងៃអាទិត្យ(ទី៧) បានធ្វើឱ្យកើតមានការភ័យបារម្ភថា ស្ថានការណ៍ អាចនឹងមានការប្រែប្រួល។
កងទ័ពមីយ៉ាន់ម៉ា មើលទៅហាក់ដូចជាមានក្ដីកង្វល់ខ្លាំងឡើង អំពីការដែលមន្ត្រីរដ្ឋការមួយចំនួន បានចូលរួមការប្រឆាំងតវ៉ាដោយអហិង្សា ដែលដឹកនាំដោយបុគ្គលិកសុខាភិបាល និងថ្មីៗបំផុត លោក មីន កូ ណាយ សកម្មជន អ្នកដែលធ្លាប់ធ្វើឱ្យលោកស្រីស៊ូជីល្បីល្បាញ អ្នកណាៗក៏ស្គាល់ តាមរយៈការប្រឆាំងតវ៉ាកាលពីឆ្នាំ១៩៨៨ បានអំពាវនាវឱ្យមន្ត្រីរដ្ឋការ ក្នុងគ្រប់អង្គភាព ចាប់ផ្ដើមឈប់ធ្វើការងារចាប់ពីថ្ងៃចន្ទ តទៅ។
ទាំងអស់នេះ ការអំពាវនាវឱ្យឈប់ធ្វើការងារទូទាំងប្រទេស បានទទួលការឆ្លើយតបយ៉ាងឆាប់រហ័ស និងច្បាស់លាស់ ក្នុងអំឡុងចុងសប្ដាហ៍កន្លងទៅ ដោយមានទាំងក្រុមកម្មកររោងចក្រតម្បាញ មន្ត្រីរដ្ឋការស៊ីវិល និងបុគ្គលិកអយស្ម័យយាន រួមទាំងការផ្អាកការងារ និងជួបប្រជុំគ្នានៅក្នុងតំបន់សេដ្ឋកិច្ចក្នុងទីក្រុងយ៉ាំងហ្គោនទៀតផង។

ខណៈពេលជាមួយគ្នា កាលពីថ្ងៃអាទិត្យ កងទ័ព បានបញ្ឈប់ការរារាំងការប្រើប្រាស់បណ្ដាញអ៊ីនធើណិត ដែលបានធ្វើឱ្យមនុស្សជាច្រើនខឹងសម្បា ក្រោមក្ដីកង្វល់ថា ប្រទេសកំពុងជិតត្រូវអន្តរជាតិផ្ដាច់ចោលពីពិភពលោកជាថ្មីម្ដងទៀត និងត្រូវវិលត្រឡប់ទៅរកភាពលំបាកលំបិន ដូចកាលពីពេលមុន មុននឹងមានការកែសម្រួលប្រព័ន្ធប្រជាធិបតេយ្យក្នុងឆ្នាំ២០១១។
លោក ថូម៉ាស អ៊ែនឌ្រូវ៍ អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានសរសេរនៅក្នុងប្រព័ន្ធធ្វីតធើរថា អ្នកប្រឆាំងតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែក្លាយជាកម្លាំងជំរុញចិត្តដល់ពិភពលោក ប្រជាជនមីយ៉ាន់ម៉ា នឹងក្រោកឡើង និងរំដោះអ្នកដែលត្រូវឃុំខ្លួនគ្រប់រូប រួមទាំងបដិសេធអំណាចផ្ដាច់ការរបស់កងទ័ពទៀតផង៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន AP, Reuters, AP
ប្រែ និងសម្រួលដោយ ស៊ីតា
#អរគុណសន្តិភាព