You are currently viewing ក្រសួងមហាផ្ទៃ ប្រកាស​ផ្ទេរសិទ្ធិ​គ្រប់គ្រង និង​ការទទួលខុសត្រូវ​រវាង​រដ្ឋបាល​ខណ្ឌមានជ័យ និង​រដ្ឋបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជាមួយ​រដ្ឋបាល​ក្រុង​តាខ្មៅ ខេត្តកណ្ដាល

ក្រសួងមហាផ្ទៃ ប្រកាស​ផ្ទេរសិទ្ធិ​គ្រប់គ្រង និង​ការទទួលខុសត្រូវ​រវាង​រដ្ឋបាល​ខណ្ឌមានជ័យ និង​រដ្ឋបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជាមួយ​រដ្ឋបាល​ក្រុង​តាខ្មៅ ខេត្តកណ្ដាល

ភ្នំពេញ៖ អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ  បានរៀបចំ​ពិធី​ប្រកាស​ផ្ទេរសិទ្ធិ​គ្រប់គ្រង និង​ការទទួលខុសត្រូវ​រវាង​រដ្ឋបាល​ខណ្ឌមានជ័យ និង​រដ្ឋបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជាមួយ​រដ្ឋបាល​ក្រុង​តាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​លើកឡើងថា កិច្ចប្រជុំ​ថ្ងៃនេះ​គឺ​ដើម្បី​ធ្វើការ​ប្រកាស​ផ្ទេរសិទ្ធិ​គ្រប់គ្រង និង​ការទទួលខុសត្រូវ​រវាង​រដ្ឋបាល​ខណ្ឌមានជ័យ និង​រដ្ឋបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជាមួយ​រដ្ឋបាល​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដោយ​កន្លងមក រាជធានី​ភ្នំពេញ​បានស្នើ​ឲ្យ​មានការ​កែសម្រួល​ព្រំប្រទល់​នេះ។ ឯកឧត្តម បាន​បន្តថា រាជធានី​ភ្នំពេញ ក៏បាន​ស្នើ​មក​ក្រសួងមហាផ្ទៃ បន្ទាប់មក ក្រសួងមហាផ្ទៃ​ក៏បាន​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​លើ​កិច្ចការងារ​នេះ និង​ដាក់សំណើ​ទៅកាន់​រាជរដ្ឋាភិបាល ហើយ ក្នុង​ខែតុលា ឆ្នាំ២០២០កន្លងមក ប្រមុខរដ្ឋ​ស្ដីពី​បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​ស្ដីពី​ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​នេះ។

ឯកឧត្តម អគ្គនាយក​រដ្ឋបាល បាន​បន្ថែមថា ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល​នេះ​គឺ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​ដើម្បី​ឲ្យ​ការអភិវឌ្ឍ​តំបន់​នេះ​ប្រកបដោយ​សោ​ភណ្ឌ​ភាព និង​របៀបរៀបរយ។ ឯកឧត្តម បាន​សង្កត់ធ្ងន់ថា  ក្រោយពី​មានការ​ផ្ទេរសិទ្ធិ​គ្រប់គ្រង និង​ការទទួលខុសត្រូវ​រវាង​រដ្ឋបាល​ខណ្ឌ​នេះ គឺ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវអនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវាកម្ម ហើយ​ការផ្ដល់​សេវាកម្ម​ទៅកាន់​ប្រជាពលរដ្ឋ គឺជា​ចំណុច​គន្លឹះ​ដែល​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់​ត្រូវខិតខំ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​រលូន និង​ស្របតាម​គោលការណ៍​កំណត់។

ឯកឧត្តម ប្រាក់ សំអឿន បានស្នើ​ឲ្យ​សង្កាត់ ខណ្ឌ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​ដែលមាន​ការកែសម្រួល​ព្រំប្រទល់​នេះ ត្រូវ​បន្ត​អនុវត្ត​ការផ្ទេរ​ឯកសារ​ដែល​នៅ​សេសសល់​ដែល​ពាក់ព័ន្ធ​នឹង​ការផ្ដល់សេវា​សាធារណៈ​ដ​ល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាពជាក់លាក់ ហើយ​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ភូមិ សង្កាត់​ទាំងនោះ​ឲ្យ​បាន​ទូលំទូលាយ។ ឯកឧត្តម ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រួមគ្នា​យកចិត្តទុកដាក់​ប​ន្ថែ​ម​លើ​ការធានា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ជាពិសេស​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់។

ផ្អែក​តាម​ព្រះរាជក្រឹត្យ​លេខ នស/រកត/១០២០/១១០៨ ចុះ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ប្រមុខរដ្ឋស្ដីទី​បានសម្រេច​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ដោយ​កាត់​យក​ភូមិ​ចំនួន០៥គឺ ភូមិ​ស្ទឹង​ជ្រៅ និង​ភូមិ​ព្រែក​តា​ពៅ នៃ​សង្កាត់​ដើម​មៀន, ភូមិ​ព្រែក​អញ្ចាញ នៃ​សង្កាត់​ព្រែក​ឬ​ស្សី, ភូមិ​ព្រែក​តា​ឡុង នៃ​សង្កាត់​តា​ក្ដុល និង​ភូមិប​ត្តា​ជី នៃ​សង្កាត់​ព្រែក​ហូរ ដែលមាន​ផ្ទៃដី​ទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ពី​ក្រុង​តាខ្មៅ ខេត្តកណ្ដាល មក​ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​កាត់​យក​ផ្ទៃដី​ទំហំ០២ហិកតា ៥១៥៥ម៉ែត្រការ៉េ (ចំណែក​ដី​នៃ​វត្ត​បុ​ទុម​សាគរ ហៅ​វត្ត​ទួល​តា​ក្របៅ) ពី​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឲ្យ​មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្ដាល៕

#អរគុណសន្តិភាព

Leave a Reply