You are currently viewing សម្ដេច​ក្រឡាហោម ស ខេង ណែនាំ​ដល់​ក្រុមការងារ​ចុះ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ដោះស្រាយភ្លាមៗនូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ

សម្ដេច​ក្រឡាហោម ស ខេង ណែនាំ​ដល់​ក្រុមការងារ​ចុះ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ដោះស្រាយភ្លាមៗនូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍​ណែនាំ​ទៅដល់ ក្រុមការងារ​ចុះ​មូលដ្ឋាន សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត ត្រូវ​ដោះស្រាយភ្លាមៗនូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រោះ​ពួកគាត់​ជា​កញ្ចក់​ឆ្លុះបញ្ចាំង ពី​ទិដ្ឋភាព​នៃ​ការរស់នៅ​របស់​ពួកគាត់។

ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង ជា​ប្រធាន​លេខាធិការដ្ឋាន អនុប្រធាន សមាជិក និង​ក្រុម​ជំនួយការ នៃ​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្ដរាយ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹងថា ក្រុមការងារ​ចុះ​មូលដ្ឋាន និង​សមត្ថកិច្ច ត្រូវ​កាន់​គោលការណ៍​គោលនយោបាយ​ភូមិ-ឃុំ មាន​សុវត្ថិភាព ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដោយមាន តម្លាភាព និង​ត្រឹមត្រូវ។

សម្ដេច​ក្រឡាហោម មានប្រសាសន៍ថា «មន្ដ្រី​ចុះ​មូលដ្ឋាន​ត្រូវ​ផ្សព្វផ្សាយ​គោលនយោបាយ ភូមិ-ឃុំ សង្កាត់​មាន​សុវត្ថិភាព ជូន​ប្រជ​ពលរដ្ឋ និង​មន្ដ្រីរាជការ​នៅ​ថ្នាក់ក្រោម រួចហើយ​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​គាំទ្រ និង​អនុវត្ត​ក្នុង​គោលនយោបាយ ភូមិ-ឃុំ សង្កាត់​មាន​សុវត្ថិភាព ធ្វើតាម​ហ្នឹង​ទៅ​អត់​ខុស​ទេ ខ្ញុំ​ហ៊ាន​ធានាថា មិន​ខុស ដោយសារ​ប្រជាជន​យើង​គាត់​ចង់បាន​អ្វី យើង​ធ្វើតាម​នឹង​ទៅ»។

សម្ដេច​ក្រឡាហោម ស ខេង បាន​លើក​ឧទាហរណ៍​ថា «មាន​ប្រជាជន​ស្រែកថា មាន​គ្រឿងញៀន មាន​ចោរប្លន់ មាន​ល្បែងស៊ីសង់ យើង​ត្រូវ​ចាត់ទុកថា ជា​កញ្ចក់​បាន​ឆ្លុះ​ឲ្យ​យើង​ឃើញ ទ្រឹស្ដី​នយោបាយ​ថា មហាជន និង​ប្រជាជន ជា​កញ្ចក់។ ដូច្នេះ ការទាមទារ និង​សំណូមពរ​ទាំងឡាយ​រប​ស់​ប្រជាជន​ត្រូវ​ចាត់ទុកថា ជា​កញ្ចក់ ហើយ​យើង​យកមក​ឆ្លុះ ដើម្បី​បម្រើ​ពួកគាត់​វិញ» ។

ជាមួយគ្នានេះដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​បញ្ជាក់ថា ធ្វើ​អ្វី​ក៏ដោយ​ឲ្យ​តែ​ធ្វើតាម​ការ​សំណូមពរ​របស់ ប្រជាពលរដ្ឋ នឹង​ទទួលបាន​ជោគជ័យ។ សម្ដេច​ក្រឡាហោម បាន​បន្ដថា ប្រសិនបើ​ធ្វើ​ផ្ទុយ​ពី​បំណង​ប្រជាពលរដ្ឋ នឹងមិន​បានទទួល​ជោគជ័យ​ឡើយ ទោះបី​មាន​សមត្ថ​ភាពខ្លាំង​ប៉ុណ្ណា​ក៏ដោយ។

លក្ខណសម្បត្តិរ​បស់គោល​នយោបាយ «ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព» ថ្មី មាន៧ចំណុច ដូចជា ៖

ទី១-ផ្ដល់​សេវាសាធារណៈ ជាពិសេស​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ត។

ទី២-គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ។

ទី៣-មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ ជាពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍។

ទី៤-គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ដ្រី​និង​កុមារ គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ និង​គ្មាន​ក្មេង​ទំនើង។

ទី៥-ដោះស្រាយ​វិធានការ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធតុលាការ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព។

ទី៦-មាន​អនាម័យ មាន​សោភ័ណ​ភាពល្អ និង​មាន​បរិស្ថាន​ល្អ។

និង​ទី៧-ឆ្លើយតបបាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្ដរាយ និង​រាល់​ជំងឺឆ្លង​រាតត្បាត​កាច​សាហាវ​ប្រកប ដោយ​ប្រសិទ្ធភាព៕

#អរគុណសន្តិភាព

Leave a Reply